Wednesday, July 7, 2010

ទស្សនកិច្ចសិក្សារបស់ប្រតិភូកម្ពុជា ស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅប្រទេសអូស្ត្រាលី

អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP) និង អង្គការជនពិការអន្តរជាតិបែលហ្សិក ដោយទទួលបានជំនួយហិរញ្ញវត្ថុពី Bloomberg Philanthropies និងគំរោងសុវត្ថិភាពចរាចរណ៏សាកល (GRSI) បានរៀបចំនូវដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពចរាចរណ៍ សម្រាប់មន្រ្តី ជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបានជួប និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងសមភាគីនគរបាលក្នុងប្រទេសអូស្រ្តាលីនៃរដ្ឋ Queensland និងVictoria។

គណៈប្រតិភូ រួមមានមន្រ្តីដែលអញ្ជើញមកពី៖ ក្រសួងមហាផៃ្ទ ក្រសួងសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងអង្គការជនពិការអន្តរជាតិបែលហ្សិក ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយ ធ្វើការយ៉ាងសកម្មក្នុងវិស័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមអង្កេត និងដកស្រង់បទពិសោធន៍ពីភាគីអូស្រ្តាលី លើការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងការផ្ទុកលើសចំណុះ។

ប្រតិភូកម្ពុជាបានជួបសំណេះសំណាលជាមួយស្នងការរងនគរបាលប្រចាំរដ្ឋ Queensland និង Victoria ព្រមទាំងអាជ្ញាធរផ្លូវគោករដ្ឋ Victoria, VicRoads និងក្រុមហ៊ុនដែលមានឯកទេសខាងបចេ្ចកវិទ្យាលើឧបករណ៏វាស់ជាតិអាកុល។ ប្រតិភូកម្ពុជា ត្រូវបានផ្តល់ការអនុញ្ញាតជាពិសេស ក្នុងការចុះអងេ្កតយ៉ាងដិតដល់លើវិធីសាស្រ្តនានារបស់នគរបាលអូស្រ្តាលី សំរាប់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកអំពីការប្រើប្រាស់ល្បឿនហួសកំណត់ ការបើកបរពេលស្រវឹង និងការផ្ទុកលើសចំណុះ សំរាប់រយៈពេល ទស្សនកិច្ចសិក្សា ៨ថៃ្ង។

អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) ជឿជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍ គឺជាធាតុមួយដ៏មាន សារៈសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ការរងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចាប់តាំងពីឆ្នាំ២០០៧មក អង្គ ការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) រួមជាមួយដៃគូអង្គការជនពិការអន្តរជាតិបែលហ្សិក បានជួយគាំទ្រដល់ការអនុវត្តន៍ច្បាប់សុវត្ថិភាពចរាចរណ៏ផ្លូវគោកនៅប្រទេសកម្ពុជា តាមរយៈវគ្គអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់មន្រ្តីនគរបាលចរាចរណ៍។ លទ្ធផលនៃវគ្គនេះ បានធ្វើឲ្យការអនុវត្តន៍ច្បាប់មានការវិវឌ្ឍន៍ និងទទួលបាននូវការប្តេជ្ញាខ្ពស់ពីមន្ត្រីនគរបាលចរាចរណ៍នៃព្រះរាជាណាចក្រនេះ។

ផលប្រយោជន៏ផ្សេងទៀតដែលទទួលបានពីទស្សនកិច្ចសិក្សានេះ គឺថា មន្រ្តីនគរបាលកម្ពុជា ទទួលបាននូវម៉ាស៊ីនចាប់ល្បឿន (radar guns)ចំនួន៦គ្រឿង ពីនគរបាលនៃរដ្ឋ Queensland សំរាប់ប្រើប្រាស់លើការរឹតបន្តឹងច្បាប់គ្រប់គ្រងល្បឿន នៅក្នុងប្រទេសកម្ពុជា និងឧបករណ៏វាស់ស្ទង់កំរិតជាតិអាកុលម៉ូដែលថ្មីមួយ សំរាប់ការអនុវត្តន៏ច្បាប់គ្រប់គ្រងលើការបើកបរពេលស្រវឹង។ ទំនាក់ទំនងដ៏រឹងមាំ ត្រូវបានបង្កើតឡើង រវាងកងកំលាំងនគរបាល ហើយរំពឹងថា នឹងមានការជួយជ្រោមជ្រែងផែ្នកបចេ្ចកទេស និងសំភារៈនាពេលអនាគតដ៏ខ្លីខាងមុខ ដោយនគរបាលអូស្រ្តាលី ដើម្បីពង្រឹងការអនុវត្តន៏ច្បាប់ចរាចរណ៏នៅកម្ពុជា។

ឧត្តមសេនីយត្រី ហ៊ឹមយ៉ាន ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃក្រសួងមហាផៃ្ទ និងជាប្រធានគណៈប្រតិភូថែ្លងថាៈ “ទស្សនកិច្ចសិក្សានេះ គួរឲ្យចាប់អារម្មណ៏និងមានសារប្រយោជន៏បំផុត ដែលបានឃើញពីរបៀបដែលប្រទេសអូស្រ្តាលីកំណត់អាទិភាពនិងអនុវត្តច្បាប់គ្រប់គ្រងល្បឿន, ការបើកបរពេលស្រវឹង និងការផ្ទុកលើសចំណុះ។ គណៈប្រតិភូរបស់យើង ទទួលបាននូវចំណេះដឹង, ជំនាញនិងសំភារៈថ្មីៗ ដែលកងកំលាំងនគរបាលរបស់យើងឥឡូវនេះ នឹងប្រើប្រាស់ដើម្បីកំណត់គោលដៅបានយ៉ាងប្រសិទ្ធិភាពលើឥរិយាបថប្រកបដោយគ្រោះថ្នាក់ នៅលើផ្លូវថ្នល់កម្ពុជា ដើម្បីកាត់បន្ថយតួលេខជនរងគ្រោះ និងចំនួនអុ្នកស្លាប់”។

ចំណេះដឹង និងជំនាញដែលទទួលបាន ដោយគណៈប្រតិភូកម្ពុជា ចំពោះការអនុវត្តន៏ល្អដោយប្រទេសអូស្រ្តាលី លើការរឹតបន្តឹងច្បាប់នោះ នឹងត្រូវបានផ្សព្វផ្សាយដល់នគរបាលចរាចរណ៏កម្ពុជា នៅក្នុងសិក្ខាសាលានាពេលអនាគត ដើម្បីពង្រឹងការពាក់មួកសុវត្ថិភាព និងការរិតបន្តឹងលើការបើកបរពេលស្រវឹង នៅកម្ពុជា។

No comments: