Wednesday, June 23, 2010

មន្ត្រី : យានយន្ត​ពាក់​ស្លាក​លេខ PRESS មានតម្លៃ​ស្មើ​នឹង​ស្លាក​លេខ​ក្លែងក្លាយ​

CEN
ដោយ : សេរី
ភ្នំពេញ: លោក ព្រាប ចន្ទ័​វិបុល ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ​បាន​និយាយ​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០​ថា ស្លាក​លេខ PRESS ដែល​គេ​បាន​យក​ទៅ​បំពាក់​យានយន្ត​ផ្សេងៗ ជា​ពិសេស​ម៉ូតូ មិន​មានចែង​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​កំពុងតែ​អនុវត្ត​សព្វថ្ងៃនេះ​ទេ ។ ស្លាក​លេខ PRESS គេ​សរសេរ​ដោយ​ខ្លួនគេ ។ ឯ​ស្លាក​ឈ្មោះ​វត្ត​នេះ ឬ​វត្ត​នោះ​ក៏​នៅ​មាន​គេ​យកទៅ​បំពាក់​រថយន្ត​ដែរ ។ អ្នកប្រើប្រាស់​ស្លាក​លេខ​បែបនេះ ខុសច្បាប់​ធ្ងន់ធ្ងរ​ណាស់ ។​

​ ​លោក ហេង ចាន់​ធា​រី ប្រធាន​ការិយាលយ័​នគរបាល​ចរាចរជើងគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​និយាយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១០ នេះ​ដែរ​ថា យានយន្ត​គ្មាន​ស្លាក​លេខ ឬ​ពាក់​ស្លាក​លេខ​ផ្សេងៗ​ពេលនេះ ឃើញ​មាន​តិចតួច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​មុនពេល​មាន​ការត្រួតពិនិត្យ​តឹងរឹង លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នោះ ។ តែ​ចំពោះ​ម៉ូតូ​ពាក់​ស្លាក​លេខ PRESS ឃើញ​នៅ​មាន​ចំនួន​ច្រើន ។ យានយន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​គេ​ធ្លាប់​បាន​ជូនដំណឹង​អោយ​ឈប់​ប្រើ​យូរហើយ ។

​ ​ប្រភព​ខាងលើ​បាន​បន្តទៀតថា ស្លាក​លេខ PRESS ម្ចាស់​យានយន្ត​គេ​សរសេរ​ដាក់​ខ្លួនឯង ជា​ស្លាក​មិន​មានចែង​នៅក្នុង​ច្បាប់​ទេ ។ អ្នកប្រើប្រាស់​ស្លាក​លេខ PRESS សព្វថ្ងៃនេះ បើ​គិត​ពី​ផ្លូវច្បាប់ គឺ​មាន​ទោស​ស្មើនឹង​អ្នកប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ។ កន្លងទៅនេះ​នគរបាល​ចរាចរ​នៅ​តាម​គោលដៅ ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឃាត់​ម៉ូតូ ដែល​ប្រើប្រាស់​ស្លាក​លេខ PRESS ឲ្យ​ដោះ ហើយ​ឲ្យទៅ​ដាក់​ស្លាក​លេខ​ស្របច្បាប់​នៅពេល​ឃាត់​ម្តងៗ ម្ចាស់​ម៉ូតូ​ពាក់​ស្លាក​លេខ PRESS តែង​មាន​បង្ក​នូវ​បញ្ហា​ជាច្រើន​ជាមួយ​នឹង​សមត្ថកិច្ច ។​

​ ​លោក ហេង ចាន់​ធា​រី ក៏​បាន​និយាយ​ដោយ​ទទួលស្គាល់​ផងដែរ​ថា រថយន្ត​ឯកជន​ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ ដែល​បាន​ស្ងប់​ស្ងប់​មួយរយៈ​នោះ ឥឡូវ​ឃើញ​ពាក់​ព្រោង​ព្រាត់​ឡើងវិញ​ហើយ ។ បញ្ហា​នេះ​ខាង​នគរបាល​ចរាចរ​មិន​មាន​សិទ្ធ​គាត់​រថយន្ត​ទាំងនោះ​ទេ តែ​បាន​ជួបពិភាក្សា​ជាមួយ​ខាង​អាវុធហត្ថ រួច​ហើយ​តែ​គេ​ចាប់ផ្តើម​អនុវត្ត​ការត្រួតពិនិត្យ​រថយន្ត​ឯកជន ពាក់​ស្លាក​ខេមរៈភូមិន្ទ​ឡើងវិញ​នៅពេល​ណា​នោះ​មិនទាន់​ដឹង​ទេ ។​

​ ​ពាក់​ពន្ធ័​ទៅ​នឹង​យានយន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​រំលឹក​ដល់​អ្នកសារព័ត៌មាន ឲ្យ​ឈប់​ប្រើប្រាស់​ស្លាក​លេខ​នេះហើយ ក៏​បាន​ប្រកាសប្រាប់​ដល់​សមត្ថកិច្ច ឲ្យធ្វើ​ការ​ត្រួតពិនិត្យយានយ​ន្តណា ដែល​នៅ​បន្ត​ប្រើប្រាស់​ស្លាក​លេខ PRESS នេះ​ទៅតាម​ច្បាប់ ។​

​ ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ស្ថិតនៅ​ជា​ធរមាន​ត្រង់​មាន​ត្រា ៧៧ ចែងថា ជន​ណា​បាន​ប្រើប្រាស់​បណ្ណ័បើកបរ បណ្ណ័​សម្គាល់យាន ស្លាក​លេខ​សម្គាល់​យាន ឬ​លិខិតអនុញ្ញាត​ផ្សេងៗ​ដោយ​ដឹងថា ជា​វត្ថុ​ក្លែងក្លាយ និង​ជន​ក្លែង​បណ្ណ័បើកបរ បណ្ណ័​សម្គាល់យាន ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដើម្បី​ចរាចរ​យាន​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំទៅ ៥ ឆ្នាំ ឬ​និង​ផ្តន្ទាទោស​ពិនយ័​ជា​ប្រាក់​ពី ៤ លាន​រៀល​ដល់ ១០ លាន​រៀល ៕
អានបន្ថែម

No comments: