Thursday, June 10, 2010

ទស្សនកិច្ចសិក្សារបស់ប្រតិភូកម្ពុជា ស្តីពីការអនុវត្តន៍ច្បាប់ចរាចរណ៍ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី 10-11 ខែ មិថុនា ឆ្នាំ2010

សម្រាប់ចេញផ្សាយបន្ទាន់
ភ្នំពេញ ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2010

អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP) និងអង្គការជនពិការអន្តរជាតិបែលហ្សិក (HIB) ដោយទទួលបានជំនួយហិរញ្ញវត្ថុពី Bloomberg Philanthropies និង the Global Road Safety Initiative នឹងរៀបចំដំណើរទស្សនកិច្ចសិក្សាស្តីពីសុវត្ថិភាពចរាចរណ៍ សម្រាប់មន្រ្តីរាជរដ្ឋាភិបាល ដើម្បីបានជួប និងផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងសមភាគីរដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ពីថ្ងៃទី 10-11 ខែ មិថុនា ឆ្នាំ2010 ខាងមុខនេះ។
ប្រតិភូកម្ពុជា រួមមានមន្រ្តីដែលអញ្ជើញមកពី៖ ក្រសួងមហាផៃ្ទ ក្រសួងសាធារណការ និងដឹកជញ្ជូន នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងអង្គការជនពិការអន្តរជាតិបែលហ្សិក ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការយ៉ាងសកម្មនឹងបញ្ហាសុវត្ថិភាពចរាចរណ៍។ ប្រតិភូកម្ពុជានឹងចូលរួមអង្កេត និងដកស្រង់នូវបទពិសោធន៍ពីភាគីវៀតណាមលើការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ប្រតិភូកម្ពុជានឹងជួបជាមួយតំណាងនគរបាលជាន់ខ្ពស់វៀតណាម ដែលទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវដែក និងផ្លូវគោកជាតិ សាលាបណ្ឌិតសភានគរបាល ក្រុមប្រឹក្សាជាតិសុវត្ថិភាពចរាចរណ៍ និងអង្គការសុខភាពពិភពលោក។ ប្រតិភូកម្ពុជាក៏នឹងចុះពិនិត្យគោលដៅអនុវត្តច្បាប់ផងដែរ ដើម្បីដកស្រង់វិធីសាស្រ្តអនុវត្តច្បាប់ដែលនគរបាលវៀតណាមប្រើប្រាស់ក្នុងការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងអង្គការជនពិការអន្តរជាតិបែលហ្សិក ជឿជាក់ថា ការអនុវត្តន៍ច្បាប់ចរាចរណ៍គឺជាធាតុមួយដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ការរងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ចាប់តាំងពីឆ្នាំ2007មក អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងអង្គការជនពិការអន្តរជាតិបែលហ្សិក បានជួយគាំទ្រដល់ការអនុវត្តន៍ច្បាប់ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា តាមរយៈវគ្គអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់មន្រ្តីនគរបាលចរាចរណ៍។ លទ្ធផលនៃវគ្គនេះ បានធ្វើឲ្យការអនុវត្តន៍ច្បាប់មានការវិវឌ្ឍន៍ និងទទួលបាននូវការប្តេជ្ញាខ្ពស់ពីមន្ត្រីនគរបាលចរាចរណ៍នៃប្រទេសទាំងពីរ។

គោលបំណងចម្បងនៃទស្សនកិច្ចសិក្សានេះ មានដូចខាងក្រោម៖

1. ដើម្បីគាំទ្រដល់ប្រតិភូកម្ពុជាក្នុងការពិនិត្យ វាយតម្លៃ និងអង្កេតការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដែលមានលក្ខណៈជាយុទ្ធសាស្រ្ត និងប្រតិបត្តិការណ៍នៅប្រទសវៀតណាម។

2. ដើម្បីសម្របសម្រួលក្នុងការផ្ទេរវិធីសាស្រ្តអនុវត្តល្អៗពីប្រទេសវៀតណាមទៅកាន់បរិបទនៃប្រទេសកម្ពុជា និងដើម្បីលើកទឹកចិត្តដល់នគរបាលជាន់ខ្ពស់ និងអ្នកធ្វើសេចក្តីសម្រេចនៃស្ថាប័នដឹកជញ្ជូន ក្នុងការធ្វើឲ្យប្រសើរឡើងនូវច្បាប់ចរាចរណ៍ និងយុទ្ធសាស្រ្តអនុវត្តច្បាប់ចរាចរណ៍ ព្រមទាំងប្រតិបត្តិការណ៍ ដោយការអង្កេត និងផ្សារភ្ជាប់គ្នាជាបណ្តាញ។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ប្រតិភូកម្ពុជានឹងបន្តដំណើរទស្សនកិច្ចរបស់ខ្លួនទៅប្រទេសអូស្ត្រាលីទៀត ដើម្បីជួបជាមួយនឹងនគរបាលជាន់ខ្ពស់នៃរដ្ឋ Queensland និង Victoria។
ចំពោះចំណេះដឹង ព្រមទាំងជំនាញដែលទទួលបានដោយប្រតិភូកម្ពុជា ពីវិធីសាស្រ្តអនុវត្តល្អៗក្នុងការអនុវត្តន៍ច្បាប់ នឹងត្រូវយកទៅផ្សព្វផ្សាយបន្តដល់នគរបាលចរាចរណ៍កម្ពុជាក្នុងសិក្ខាសាលានាពេលអនាគត ដើម្បីធ្វើឲ្យការអនុវត្តន៍ច្បាប់ស្តីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង មានភាពប្រសើរឡើងនៅកម្ពុជា។

No comments: