Thursday, September 17, 2009

VIGO បើក​ជែង​ស្តាំ រួច​ខោក Tacoma ជ្រុល​បុក​របាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​លើផ្លូវ​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 16 កញ្ញា 2009)

ភ្នំពេញ: បុរស​ម្នាក់​រងរបួស​មធ្យម បន្ទាប់ពី​បាន​បើករថយន្ត​ម៉ាក VIGO វ៉ា​ខាងស្តាំ រួច​យក​ចង្កូត​ខោក​រថយន្ត Tacoma ដែល​ធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ជ្រុល​បុក​ក្បាល​នាគ​នៃរ​បាំង​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ដេក​លើ​ ផ្លូវ ។ បុរស​ដែល​បើក​រថយន្ត​ទំនើប​ខាងលើ ក៏​វារ​ចេញ​តាម​ទ្វារ​លើ​រត់គេចខ្លួន​បាត់ ។​

​ គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី​យប់​ ថ្ងៃទី ១៥ កញ្ញា​ កន្លងទៅនេះ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ២ មុខ​ផ្ទះ​លេខ ១៥៧៥ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HILUX VIGO ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 2J 9041 បើកបរ​ដោយ​បុរស​ម្នាក់ បាន​រត់​ចោល​រថយន្ត ។ ចំណែក​រថយន្ត​ដែល​ត្រូវ​រថយន្ត VIGO បើក​ខោក​ម៉ាក TOYOTA Tacoma ពណ៌​ឈាមជ្រូក ស្លាក​លេខ​ភ្នំបេញ 2K 5052 បើកបរ​ដោយ​ឈ្មោះ ស៊ុន លី​ណា ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​ជាង​កាត់​កញ្ចក់ ស្នាក់​នៅផ្ទះ​លេខ ៤៤៣ ផ្លូវ ២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។ រថយន្ត​គាត់​ខូច​ស្តុប​មុខ​ស្តាំ​បន្តិច ។​

​ បុរស​ ស៊ុន លី​ណា បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា គាត់​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ២ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យឺត​បំផុត ។ ពេលនោះ​ស្រាប់តែ​រថយន្ត VIGO វ៉ា​រថយន្ត​គាត់​ខាងស្តាំ ក៏​ជួប​ម៉ូតូ ២-៣ គ្រឿង​ពី​មុខ រថយន្ត​នោះ​ក៏​បត់​ឆ្វេង​ខោក​រថយន្ត​គាត់ ហើយ​ជ្រុល​បុក​ក្បាល​នាគ​នៃ​របាំង​ចែក​ទ្រូងផ្លូវ​ប៉ើង​ក្រឡាប់​ផ្តេក​ ទទឹងង៉ាង​លើផ្លូវ​តែម្តង ។ គាត់​បាន​ជាន់​ហ្វ្រាំង​ឈប់​តែ​ម្តង ។ គាត់​ឃើញ​អ្នកបើកបរ VIGO វារ​ចេញ​តាម​ទ្វា​រលើគេចខ្លួន ដោយ​មាន​របួស​ផង ។​

​ រថយន្ត​ទាំង ២ ត្រូវបាន​ប៉ូលិស​ចរាចរ​ជើងគោក​ក្រុងភ្នំពេញ​នាំ​ទៅ​រក្សាទុក​ដោះស្រាយ​ពេល​ក្រោយ ៕

No comments: