Saturday, September 26, 2009

គ្រោះថ្នាក់​ចរាចរណ៍​បណ្តា​ល​ឱ្យ​មនុស្ស​ស្លាប់​: ជាប់គុក ២​ឆ្នាំ សង​ជនរងគ្រោះ ២៥ លាន​រៀល

ដោយ : សេរី​ (ថ្ងៃទី 26 កញ្ញា 2009)

CEN News

​ភ្នំពេញ​: ជនជាប់ចោទ​ម្នាក់​រួម​នឹង​មិត្តភក្តិ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​មួយ​ក្នុង​សភាព​ស្រវឹង ចេញ​ពី​ព្រែក​ព្នៅ​សំដៅ​មក​ស្ទឹងមានជ័យ​តាម​ផ្លូវជាតិ​លេខ​៥ លុះ​ពេល​មកដល់​ចំណុចកើតហេតុ​ម្តុំ​ច្រក​ចូល​ភូមិ​លូ ស្រាប់តែ​មាន​ម៉ូតូ​ជនរងគ្រោះ​បើកបរ តែ​ម្នាក់ឯង​បាន​ជិះ​មក​បញ្ច្រាសទិស​គ្នា រួច​ក៏​បាន​បត់​ម៉ូតូ​កាត់មុខ​ម៉ូតូ​របស់​ជនជាប់ចោទ ដែល​ធ្វើឱ្យ​ជនជាប់ចោទ​ចាប់​ហ្វ្រាំង​មិន​ទាន់ បណ្តាល​ឱ្យ​បុក​ចំ​ពីមុខ​ម៉ូតូ​ជនរងគ្រោះ ហើយ​ក៏​ដួល​ម៉ូតូ​ទាំង ពីរ​គ្រឿង រង​របួស​ទាំងអស់​គ្នា​តែម្តង ។​

​ ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង ដោយសារ​មាន​ការភ័យខ្លាច ជនជាប់ចោទ​បាន​រត់​គេចខ្លួន រួច​ទៅ​ព្យាបាល​របួស​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​ជា​ទីលំនៅ​បច្ចុប្បន្ន ។ ចំណែក​ជនរងគ្រោះ​វិញ​បន្ទាប់​ពី​ដួល​ម៉ូតូ​រួច​មក ដោយសារ​តែ​ប៉ះពាល់​ដល់​ក្បាល​ធ្ងន់ធ្ងរ​ពេក បាន​បណ្តាលឱ្យ​ស្លាប់ ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​ រហូត​ដល់​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០០៩ ដោយ​មាន​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ប៉ូលិស ទើប​ឈាន​ដល់​ការឃាត់ខ្លួន​ជនជាប់ចោទ​នៅ​ខេត្ត​កណ្តាល ហើយ​តុលាការ​បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។​

​ រឿងក្តី​នេះ​បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើក​សវនាការ​ ជំនុំជម្រះ​នៅ​រសៀល​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ដោយមាន លោក កែ សា​ខន អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ចៅក្រម​ជំនុំជម្រះ ចូលរួម​ដោយ​លោក ឯក ឆេង​ហួត ជា​តំណាង​អយ្យការ និង​លោក​មេធាវី ចាន់ សុជាតិ ការពារ​ជនជាប់ចោទ ។​

​ តុលាការ​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ ហែម ស៊ីម ភេទ​ប្រុស អាយុ ២១​ឆ្នាំ ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​គ្រោះថ្នាក់ ចរាច​រណ៍ បង្ក​ឱ្យ​ស្លាប់​អ្នក​ដទៃ​នៅ​ចំណុច​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ​២០០៩ វេលា​ម៉ោង ៨ និង ២០ នាទី​យប់ និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ដាក់​ចូល​ថវិការដ្ឋ ព្រមទាំង​បង្គាប់​ឱ្យ​សង​ដើមបណ្តឹង​ចំនួន ២៥ លាន​រៀល ៕

No comments: