Sunday, September 6, 2009

ម៉ូតូមិនគោរពច្បាប់ចរាចរណ៍ ៩២៧​គ្រឿង ត្រូវ​បាន​ឃាត់​ធ្វើ​ការ​អប់រំ​នៅ ខណ្ឌ ៧ មករា

សរសេរដោយ ដើមអម្ពិល

សមត្ថកិច្ច​ដាក់​គោលដៅ​ឃាត់​ម៉ូតូ​អត់​ស្លាក​លេខ និង​កញ្ចក់ និង​អ្នកបើកបរ​អត់​ពាក់មួក

ក្នុង​គោលបំណង​លើកកម្ពស់ ស្មារតី​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក លើ​ការមិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់ គ្មានស្លាក​លេខ និង​បទល្មើស​ចរាចរណ៍ ផ្សេងៗ ដើម្បី​រួមចំណែក​កាត់បន្ថយ​គ្រោះ ថ្នាក់​ចរាចរណ៍ និង​កាត់បន្ថយ​បទល្មើសផ្សេងៗ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួត ពិនិត្យ​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ បានដាក់ផែនការ រឹតបន្ដឹង​ការ​អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ចុះ​ធ្វើការ​ណែនាំ​អ្នកជិះ​ម៉ូតូ​មិន​គោរព ច្បាប់​សរុប ៩២៧ គ្រឿង។

លោក សោម សុវណ្ណ អភិបាលខណ្ឌ ៧ មករា បាន​គូសបញ្ជាក់ថា យុទ្ធនាការ​នេះ គឺ​ផ្ដើម​ធ្វើឡើង​នៅ​ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០០៩ និង​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែ​ឆ្នាំ ដដែល។ លោក​អភិបាល​បញ្ជាក់ទៀតថា ក្នុង​យុទ្ធនាការ​រយៈពេល ៧ ថ្ងៃ​កន្លងទៅ គណៈបញ្ជាការ​ដឹកនាំ​បញ្ជា​ត្រួតពិនិត្យ អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ ៧ មករា បាន​អប់រំ​ណែនាំ​ម៉ូតូ​បាន​ចំនួន៩២៧ គ្រឿងក្នុងនោះ​អ្នកជិះ​ម៉ូតូ​ឥត​ពាក់មួក​បាន​ចំនួន ៤២២ គ្រឿង, ម៉ូតូ​ឥត​កញ្ចក់​ចំនួន ៣១ គ្រឿង, ឥត​មួក ៣៧១ និង​ម៉ូតូ ដែល​គ្មាន ស្លាក​លេខ​ចំនួន ៣ គ្រឿង។ លោក​បន្ដថា យុទ្ធនាការ​នេះ​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ហើយ​ចាប់ពី​ថ្ងៃទី១៦ ខែសីហា​នេះ​តទៅ គណៈកម្មការ​ត្រួត ពិនិត្យ​នឹង​ចុះ​អនុវត្ដ​បន្ដ​លើ​ការត្រួតពិនិត្យ ហើយ​រាល់​ម៉ូតូ ដែល​មិន​គោរព​តាម​គោលការណ៍​ចរាចរណ៍ ផ្លូវគោក​នឹងត្រូវ​យកទៅ​អប់រំ​នៅ​សាលាខណ្ឌ​តាម ច្បាប់​គឺ​ត្រូវ​បញ្ឈប់​ការអប់រំ នៅតាម​ដងផ្លូវ​សាធារណៈ។

ច្បាប់ ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ត្រូវបាន ប្រកាស​ឱ្យប្រើ​ប្រាស់ ដោយ​ព្រះរាជក្រម នស/រកម/០២/០៧/០០៧ ចុះ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០។ ទាក់ទង​នឹង​ការ អនុវត្ដ​ន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ កាលពីថ្មីៗនេះ លោក​ឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​និង​ជា ប្រធាន​គណៈបញ្ជាការ​ដឹក​នាំ​បញ្ជា​ត្រួតពិនិត្យ​ការ​អនុវត្ដ​ន៍​ច្បាប់​ ចរាចរណ៍​ផ្លូវគោក បានចេញ​សេចក្ដីជូនដំណឹង​មួយ​លេខ ០២៨ ស.ជ.ណ (គ​ប​ចគ) ចុះ​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០០៩ ហើយ​បានដាក់ ចេញ​នូវ​ផែនការ ៣ ចំណុចសំខាន់ៗ

ទី១- ចាប់ពី​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៩ មន្ដ្រីនគរបាល​ចរាច​រណ៍​និង​មន្ដ្រី អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោកផ្សេងៗទៀត ធ្វើការ​ត្រួតពិនិត្យ​រឹតបន្ដឹង​ចំពោះ​អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ ដែល​ប្រ​ព្រឹ​ត្ដ​ល្មើស នឹង​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឱ្យ គោរព​ច្បាប់។ទី២-គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ត្រូវធ្វើជា​គំរូ​ល្អ​ក្នុងការ​អនុវត្ដ​ន៍​ច្បាប់​ស្ដីពី ចរាចរណ៍​ផ្លូវគោក។

ទី៣-ប្រជាពលរដ្ឋ សិស្ស និស្សិត និងអ្នកប្រើប្រាស់​ផ្លូវ ត្រូវ​ចូលរួម​អនុវត្ដ​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​សុខុមាលភាព សេចក្ដីថ្លៃថ្នូរ រួមទាំ សុវត្ថិភាព​យើងទាំងអស់គ្នា។

No comments: