Sunday, September 6, 2009

អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ថយចុះ​នៅក្នុង​ខែ​សីហា​

ដោយ : សេរី (ថ្ងៃទី 5 កញ្ញា 2009)
ភ្នំពេញ: គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​សីហា​បាន​សម្លាប់​មនុស្ស​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ខែ​កន្លងទៅ នៅក្នុង​ឆ្នាំ​២០០៩​កន្លងទៅ ។ ចំនួន​ថយ​ចុះ​នេះ​ត្រូវបាន​គេ​មើលឃើញ​បន្ទាប់​ពី​នគរបាល​ជាតិ​រិត​បណ្តឹង​ ការត្រួតពិនិត្យ​លើ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដែល​បាន​ចាប់ផ្តើម​ពី ថ្ងៃទី​១ សីហា ឆ្នាំ​២០០៩ រួចមក ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរ​ផ្លូវគោក បាន​និយាយ​នៅ​ថ្ងៃ​ទី​៥​កញ្ញា ឆ្នាំ​២០០៩ ថា តាម​របាយការណ៍​បណ្តោះ​អាសន្ន​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ស្តីពី​ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​ក្នុង​ខែសីហា​ កន្លងទៅនេះ មាន​ចំនួន ៤៦៧​លើក បាន​សម្លាប់​មនុស្ស ចំនួន ១០១​នាក់ របួសធ្ងន់​ចំនួន ៣៩០​នាក់ និង​របួសស្រាល​ចំនួន ៣៨៣​នាក់ ។ គ្រោះថ្នាក់​ដែល​បាន​កើតឡើង​មាន​ការចូលរួម​ពី​ម៉ូតូ​ចំនួន ៥៤៥​គ្រឿង រថយន្ត​ធន់​តូច ១៤៣​គ្រឿង រថយន្ត​ធន់​ធ្ងន់ ៤៤​គ្រឿង យាន​ផ្សេងៗ​ចំនួន​៣០​គ្រឿង​និង​អ្នក​ថ្មើជើង​ចំនួន​៦០​នាក់ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ចំនួន​គ្រោះថ្នាក់​ចរាចរ​ខាងលើនេះ បើ​ប្រៀបធៀប​ទៅនឹង​ខែ​កក្កដា និង​ខែ​ផ្សេងៗ​ទៀត​នោះ​ឃើញ​មាន​ការថយចុះ​ទាំង​អ្នកស្លាប់​និង​អ្នករបួស ។ ខែសីហា​កន្លងទៅ​នេះ​ជា​ខែ​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​តិច ​បំផុត គឺ​ត្រឹមតែ​១០១​នាក់ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​១​ខែៗ​នៅក្នុង ឆ្នាំ​២០០៩ កន្លងទៅនេះ​មាន​ចំនួន​ពី​ជិត ១២០ ដល់ ជាង ២០០​នាក់ ។ គ្រោះថ្នាក់​ចរាចរ​មាន​ការថយចុះ​នេះ​អាច​ដោយសារ​បណ្តាលមកពី​សកម្មភាព​រិត​ បណ្តឹង​ការត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ដោយ នគរបាល​ចរាចរ​នៅ​ទូទាំងប្រទេស​ដែល​បាន​ចាប់ផ្តើម​កាលពី ថ្ងៃទី​១ ខែ​សីហា ជាពិសេស​ចំពោះ​លើ​អ្នកបើកបរ​ម៉ូតូ ។​

​រំលឹក​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នៅក្នុង​ខែ​កក្កដា​មាន​ចំនួន ៤៩៣​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១១៦​នាក់ របួសធ្ងន់​ចំនួន ៤១៧​នាក់ និង របួសស្រាល​ចំនួន ៣៨៤​នាក់ ខែ​មិថុនា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៤៩៧​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៣៩​នាក់ របួសធ្ងន់​ចំនួន ៣៨៤​នាក់ និង របួសស្រាល​ចំនួន ៤២១​នាក់ នៅក្នុង​ខែ​ឧសភា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥៣៤ លើក បាន​សម្លាប់​មនុស្ស​រហូត​ដល់​ចំនួន ២០៥ នាក់ របួសធ្ងន់​ចំនួន ៥២០​នាក់ និង របួសស្រាល​ចំនួន ៦២៣​នាក់ ហើយ​និង​នៅក្នុង​ខែ​មេសា​គ្រោះថ្នាក់​ចរាចរ​មាន​ចំនួន ៥២៦​លើក បាន​សម្លាប់​មនុស្ស​ចំនួន ១៦៤​នាក់ របួសធ្ងន់​ចំនួន ៤២២​នាក់ និង របួសស្រាល​ចំនួន ៤៧៧​នាក់ ។

​លោក​កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​និង​ជា​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ សុវត្ថិភាព​ចរាចរ​ផ្លូវគោក​បាន​និយាយ​អោយដឹង​នៅ ថ្ងៃទី​៥ កញ្ញា ឆ្នាំ ២០០៩ នេះ​ថា គ្រោះថ្នាក់​ចរាចរ​បណ្តាល​អោយ​មនុស្ស​ស្លាប់​តិច​បំផុត​ទើបតែ​មាន​នៅក្នុង​ ខែ​សីហា អាច​បណ្តាលមកពី​នគរបាល​ចរាចរ​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​អ្នកប្រើប្រាស់​ ផ្លូវថ្នល់​ទាំងអស់ ។ តែ​នៅក្នុង​ខែកញ្ញា​នេះ គ្រោះថ្នាក់​ចរាចរ​អាច​នឹង​កើន​ឡើង​ដោយសារ​ខែកញ្ញា​នេះ ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចរាចរ​ទៅ​មក​ច្រើន​នៅ​ទូទាំង​ប្រទេស តែ​ក្រសួង​បាន​ធ្វើ​ការអំពាវនាវ​រួច​ហើយ​ដោយ​សុំ​អោយ​អ្នកប្រើប្រាស់​ផ្លូវ​ ថ្នល់​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​និ​ប្រុងប្រយ័ត្ន​ខ្ពស់​ បំផុត ៕

No comments: