Saturday, September 26, 2009

រថយន្ត​កុងតឺន័រ កិន​ម៉ូតូ ២​ គ្រឿង ស្លាប់ ២ ​នាក់​ ប្តី​ប្រពន្ធ និង​បុរស​ម្នាក់​របួស​បាក់ជើង ៣​កំណាត់់​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 26 កញ្ញា 2009)
CEN news
ភ្នំពេញ​: ២​នាក់​ប្តី​ប្រពន្ធ​បាន​ស្លាប់​ភ្លាមៗ និង បុរស​ម្នាក់​ទៀត​រងរ​បួស​ធ្ងន់​បាក់ជើង ៣​កំណាត់ ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ បើក​បុក និង​កិន​ពីក្រោយ​ក្នុង​ទិសដៅ​ស្របគ្នា ។​

​ គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី ២៥ កញ្ញា កន្លងទៅ​នេះ​ទៅ​តាម​ផ្លូវជាតិ​លេខ​៥ មុខ​ទីស្នាក់ការ​ប៉ុស្តិ៍​ប៉ូលិស​រដ្ឋបាល ទួល​សង្កែ (​ខាងជើង​ស្ពាន​ជ្រោយចង្វា​) សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ។​

​ ប៉ូលិស​បានឲ្យដឹងថា រថយន្ត​បង្ក​ម៉ាក​នី​សាន់ សណ្តោង​កុងតឺន័រ​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ 3A2767 បើកបរ​ដោយ​ឈ្មោះ ឆន ប៊ុនធឿន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើកបរ​ឲ្យ​ក្រុមហ៊ុនស ស៊ីថា ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុង​លក្ខណៈ​ស្រវឹងស្រា ។​

​ ចំណែក​ជនរងគ្រោះ​ទី​១ ឈ្មោះ ហម ចិន្តា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅ​ឃ​វ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម បើកបរ​ម៉ុតូ ម៉ាក HONDA CUB C70 ពណ៌​ស្លែ ស្លាក​លេខ ឌ ៦៩៧៩ ភព​១ ស្លាប់​នៅនឹងកន្លែង​,​អ្នករួមដំណើរ​ឈ្មោះ ពៅ ស្រីរ័ត្ន ភេទ​ស្រី អាយុ ២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ​ស្លាប់​នៅ​កន្លែងកើតហេតុ ។ ជនរងគ្រោះ​ទី​៣ ឈ្មោះ ហៀ​ង ហឿន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ​បុគ្គលិក​ណាហ្គា​វើល ស្នាក់នៅ​សង្កាត់​-​ខណ្ឌ​ឫស្សីកែវ បើកបរ​ម៉ូតូ​សង់​កូរ៉េ ពណ៌​វៀវ​ស្លាក​លេខ​ភ្នំពេញ 1C 8835 របួស​បាក់ជើង ៣ កំណាត់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលម៉ែត ។​

​ ប៉ូលិស​បានឲ្យដឹង​ទៀតថា មុន​កើតហេតុ​ម៉ូតូ​ទាំង ២ គ្រឿង បើកបរ​តាម​ផ្លូវជាតិ​លេខ ៥ ពី​ត្បូង​ទៅ​ជើង ។ ចំណែក​រថយន្ត​បើក​សុ​ប​ទិស​គ្នា​ពីក្រោយ ។ លុះដល់​ចំណុច​ខាងលើ ក៏​បុក​ម៉ូតូ​ពីក្រោយ ហើយ​កិន​ពីលើ​បណ្តាល​ឲ្យ ២ នាក់​ប្តី​ប្រព័ន្ធ​ស្លាប់​ភ្លាមៗ​, បុរស​ម្នាក់​ទៀត​របួស​ធ្ងន់ ។ ចំណែក​ម៉ូតូ​ទាំង ២ គ្រឿង​ខូចខាត​ទាំងស្រុង ។ តៃកុង​រថយន្ត​ដែល​ស្រវឹងស្រា​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន ។​

​ រថយន្ត និង​ម៉ូតូ​ត្រូវ​ប៉ូលិសចរាចរ​ក្រុង​រក្សា​ទុក ដោះស្រាយ​តាម​ច្បាប់ ។ សព​ប្តី​ប្រពន្ធ​ក្រុមគ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

No comments: