Sunday, September 6, 2009

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ឡាន​ស្លាប់​៣ របួស​១

ដោយ : កងមាស (ថ្ងៃទី 5 កញ្ញា 2009)
កំពង់ចាម: ជនរងគ្រោះ​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ​មិន​ព្រម​ពាក់មួក​សុវត្ថិភាព និង​ស្រវឹងស្រា​ផ្សំ​ផង​នោះ​បាន​បើក​ទៅ​បុក​ជាមួយ​រថយន្ត បណ្តាលឲ្យ​ស្លាប់​ចំនួន​បី​នាក់ និង​របួស​ម្នាក់​នៅ​ស្រុក​ចំនួន​ពីរ​ផ្សេងគ្នា ក្នុង​ខេត្ត​កំពង់ចាម រយៈពេល​ពីរ​ថ្ងៃ​កន្លងមកនេះ ។​

​លោក សៀង សុខុម មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​មេមត់​បានឲ្យដឹងថា កាលពី​ម៉ោង ៧ ក្បាល​ព្រលប់ ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​ពីរ​នាក់ បាន​បើក​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ្វ៊ុយ​សូ ពណ៌​ស​មួយគ្រឿង ត្រង់​ចំណុច​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន​ដារ ស្ថិតក្នុង​ភូមិ​ដារ​ផ្សារ ឃុំ​ដារ ស្រុក​មេមត់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​អ្នកធ្វើ​ដំណើរ​តាម​ម៉ូតូ​ស្លាប់​ទាំង​ពីរ​នៅ​នឹង​កន្លែងកើតហេតុ ។​

​មន្ត្រី​អាវុធហត្ថ​ដដែល​បានឲ្យដឹង​ទៀត​ថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លាប់​ឈ្មោះ ហេង ទ្រី អាយុ ៥២ ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នកជិះ​ពីក្រោយ​ឈ្មោះ អូ សួ អាយុ​៤៤​ឆ្នាំ ។ អ្នក​ស្លាប់​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ។ ទាំង​រថយន្ត និង​ម៉ូតូ គឺ​ធ្វើ​ដំណើរ​ពី​ទិស​កំពង់ចាម​សំដៅ​ទិស​មេមត់​ដូចគ្នា ។​

​ចំណែក​ករណី​គ្រោះថ្នាក់​ចរាចរ​មួយទៀត ត្រូវបាន​លោក សែម ឃាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​ឪ​បានឲ្យដឹងថា កាលពី​ម៉ោង ៤ និង ៤០ នាទី​ល្ងាច ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០០៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ចំណុះ ២ តោន​កន្លះ ពាក់​ស្លាក​លេខ ព្រៃវែង 3A 0111 និង​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា ពី​ទិស​អូ​រាំង​ឪ​-​ថ្នល់ទទឹង ស្រុក​ត្បូងឃ្មុំ លើ​ផ្លូវជាតិ​លេខ​១១ ស្ថិតក្នុង​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ។ ករណី​នេះ​បាន​បណ្តាល​ឲ្យ​ខាង​ម៉ូតូ​ដែល​មាន​គ្នា​ពីរ​នាក់ គឺ​ម្នាក់​ជា​អ្នកបើកបរ​ឈ្មោះ ចំរើន បូរិន អាយុ​១៩​ឆ្នាំ នៅ​ភូមិ​លេខ​៥ ឃុំ​អម្ពិលតាពក ស្រុក​អូ​រាំង​ឪ​ស្លាប់​នៅនឹងកន្លែង ហើយ​អ្នក​ជិះ​ពីក្រោយ​ឈ្មោះ មាង ទី អាយុ ១៩​ឆ្នាំ នៅ​ភូមិ​ស្វាយ​មីង ឃុំ​អម្ពិលតាពក​ដែរ រងរបួស​ធ្ងន់​គឺ​ដៃ និង​ជើង​ឆ្វេង​បាក់​ទាំងអស់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុង​ភ្នំពេញ ។ ចំណែក​ខាង​រថយន្ត​ដែល​គេ​មិន​ស្គាល់​ឈ្មោះ បាន​ទុក​រថយន្ត​ចោល​គេចខ្លួនបាត់ ។ មូលហេតុ​គ្រោះថ្នាក់​គឺ​បង្កឡើង​ដោយសារ​ម៉ូតូ​វ៉ា​រថយន្ត ។ ទាំង​ម៉ូតូ និង​រថយន្ត​ខាង​ប៉ូលិស​ស្រុក​បាន​យកទៅ​រក្សាទុក​ដើម្បី​ចាត់ការ​តាមច្បាប់ ៕​

No comments: