Saturday, September 4, 2010

ដឹកធ្ងន់​ផ្ទុះ​កង់​ក្រឡាប់​ចាក់​ផ្លែ​ឈើ​ពេញ​ផ្លូវជាតិ​លេខ​៥

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


ខេត្ត​ពោធិ៍​សាត់ ៖ រថយន្ត​ដឹក​ផ្លែឈើ​មួយ​គ្រឿង ​បាន​ផ្ទុះ​កង់​ក្រឡាប់​ពីរត្រឡប់​ចាក់​ផ្លែ​ឈើ​រាយប៉ាយ​ពេញ​ថ្នល់ ប៉ុន្តែ​អ្នក​បើក​បរ​ និង​ព្រូ​​ដែល​ជិះ​ក្នុង​រថ​យន្ត​នោះ​គ្រាន់​តែ​របួស​ស្រាល​ប៉ុណ្ណោះ ។ គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​៥ ត្រង់​ចំណុចភូមិ​ក្រាំង​ធំ​ឃុំអូរ​សណ្តាន់​ ស្រុក​ក្រគរ កាលពីថ្ងៃ​ទី​២៨ សីហា ឆ្នាំ​២០១០ វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ដោយ​សារ​ផ្ទុកធ្ងន់លើស​ចំណុះ​​ហើយ​រថយន្ត​ចាស់ទ្រុឌទ្រោម ។

លោក​អនុសេនីយ៍​ទោគង់ ប៊ុន​ណាក់ នាយ​ប៉ុសិ៍្ត​​នគរ​បាលរដ្ឋបាល​អូរសណ្តាន់ឱ្យ​ដឹង​ថា រថ​យន្ត​​ដែល​ក្រឡាប់​នេះម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ​ ពណ៌ស្លែ​ ពាក់​ស្លាក​លេខ​ ១១០៤ ភព២ បើក​បរ​ដោយ​ឈ្មោះទេព​ វ៉ាន់​ឌី ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ក្រុងសិរីសោភ័ណ​ ខេត្ត​បន្ទាយ​មាន​ជ័យ និងព្រូរថ​​យន្ត​រង​របួស​​ស្រាល​ តែ​មិន​ស្គាល់​ឈ្មោះ ព្រោះដឹក​យក​ទៅ​មន្ទីរពេទ្យ​ផុត ។​ លោកនាយ​ប៉ុសិ៍្ត​បន្ត​ទៀតថា បើ​តាមការ​ផ្តល់​ព័ត៌​មាន​ពី​ប្រជា​ពលរដ្ឋ​​គឺនាវេលាម៉ោង​៧ និង​៣០​នាទី​ព្រឹកនោះ​គេឃើញ​រថ​យន្តនីស្សាន់មួយ​​បាំង​កន្លះ​មួយ​គ្រឿង​ នេះដឹក​ផ្លែ​ឈើ​ពេញ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៥​ពី​កើត​ទៅ​លិច ។

លុះមក​ដល់​ចំណុច​​ខាងលើបាន​ផ្ទុះ​កង់​ក្រោយ​ខាងស្តាំ​ បោក​ក្រឡាប់​ពី​រត្រឡប់​ចាក់​ផ្លែ​ឈើ​ចោល​រាយ​ប៉ាយ ពេញ​លើ​ថ្នល់​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​ និងព្រូ​ដែល​អង្គុយ​ខាង​ក្នុង​រងរបួស​ស្រាល​ ឯ​រថ​យន្ត​បែក​កញ្ចក់​ និងក្រពឹត​ដំបូល​ ។
លោក​នាយប៉ុសិ៍្តមាន​ប្រសាសន៍​ ថា គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​ផ្ទុក​ធ្ងន់​លើ​សចំណុះ​ គួប​ផ្សំ​នឹង​សំបក​កង់រ​ថយន្ត​សឹករេចរឹល​ចាស់​ទ្រុឌទ្រោមទៀត ដែល​ម្ចាស់​រថយន្ត​ធ្វេស​ប្រហែស​មិន​បាន​​ផ្លាស់​ប្តូរ​ថ្មី ៕

No comments: