Saturday, September 4, 2010

ម៉ូតូ​វ៉េវ​បើក​រេ​ចង្កូត​បុក​រថយន្ត​កាមរី​ស្លាប់​ម្នាក់​របួស​២នាក់

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ ពណ៌​ក្រហម​មួយ​គ្រឿង ពាក់​​ស្លាក​លេខ​កណ្តាល 1B-6479 បាន​បើក​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី​ ពណ៌​ទឹក​មាស គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​​ដែល​​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស​​ត្រូវ​បញ្ជូន​ទៅ​សំរាក​ព្យា​ បាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ​ត្រូវ​​បាន​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១ កញ្ញា នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤A ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។ ជន​រង​គ្រោះ​ដែលបាន​ស្លាប់​ក្នុង​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​នេះ ឈ្មោះ​ង្វៀង ចិន​តាំ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ជាង​ជួស​ជុល​ម៉ូតូ មាន​ទី​លំនៅ​ក្នុង​ភូមិ​សាម​គ្គី សង្កាត់​ឫស្សី​កែវ ។ ចំណែក​អ្នក​​រង​របួស​២​នាក់ ម្នាក់​ឈ្មោះ​ង្វៀង ទីកាំ​ធី ភេទស្រី និង​ម្នាក់​ទៀត​ឈ្មោះ​អ៊ុក លុង ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​អ្នក​លក់​កាហ្វេ នៅ​ភូមិ​សាម​គ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌ​​ឫស្សី​កែវ ។

តាម​របាយ​ការណ៍​ឱ្យ​ដឹង​ថា ការ​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ ​ដោយ​សារ​ភាគី​​ម៉ូតូ​បើក​បរ​មិន​ប្រកាន់​​ចំណែក​ផ្លូវ​របស់​ខ្លួន ហើយ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​កាមរី ​ដែល​បើក​​ក្នុង​ទិស​ដៅ​ច្រាស​គ្នា បណ្តាល​ឱ្យ​មាន​សោក​នាដ​កម្ម​នេះ​កើត​ឡើង​ ។ តាម​ព័ត៌​មាន​ឱ្យ​ដឹង​​ទៀត​ថា នៅ​មុន​ពេល​កើត​ហេតុ​ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ​ខាង​លើ ជិះ​គ្នា​៣​នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ចូល ​ចំណែក​ផ្លូវ​យាន​យន្ត​ម្ខាង​ទៀត ទៅ​​បុក​រថយន្ត​កាមរី​ ដែល​ធ្វើ​ដំណើរ​ច្រាស​គ្នា​ បណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​​ត្រូវ​​ស្លាប់​នៅ​​នឹង​កន្លែង​ និង​ស្ត្រី​​រួម​ដំណើរ​២​នាក់​ទៀត​បាន​រង​របួស ​រីឯ​​អ្នក​បើក​បរ​រថយន្ត​បាន​គេច​ខ្លួន​បាត់ ។ ក្រោយ​ពី​កើត​ហេតុ​រថយន្ត និង​ម៉ូតូ​ត្រូវ​​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​កាន់​ការិយា​ល័យ​ចរា​ចរណ៍​​ជើង ​គោក ដើម្បី​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕

No comments: