Saturday, September 4, 2010

រថ​យន្ត​អ៊ី​ស៊ុយហ៊្សុយបុក​​ត្រាក់ទ័រ​ពី​ក្រោយ​វេលាទៀបភ្លឺ​លើ​ផ្លូវ​ជាតិ​លេខ៤

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ
ខេត្ត​ព្រះសីហនុ ៖ កាល​​​ពី​ថ្ងៃ​ទី​២៨ សីហា វេលា​ម៉ោង​៤ទៀប​ភ្លឺ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ត្រង់ចន្លោះ​គីឡូ​ម៉ែត្រ​លេខ១៧៧ និង​១៧៨ ស្ថិតក្នុង​ភូមិ​វាល​ធំ​ ឃុំ​វាល​រេញ ស្រុក​ព្រៃនប់ មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កើត​ឡើង​រវាង​រថ​យន្ត​ និងត្រាក់ទ័រ​​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ ។ គ្រោះ​ថ្នាក់ចរាចរណ៍​នេះ​បាន​កើត​ឡើង​ដោយ​សាររថ​យន្ត​ម៉ាកអ៊ីស៊ុយ​ហ៊្សុយ ពណ៌​ស្ករ ដឹក​បន្លែ​ និង​តាប​ប៊ី​យ៉ែ ពាក់​ស្លាកលេខ​ភ្នំពេញ​ 2E 5565 ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពីភ្នំពេញ​ទៅ​ខេត្តព្រះសីហនុបើក​បរ​ដោយ​ឈ្មោះ​នួន សារ៉ាត់ ភេទ​ប្រុស អាយុ​៣២​​ឆ្នាំ មាន​ទី​លំនៅ​មណ្ឌល​១ សង្កាត់លេខ​២ ក្រុង​ព្រះ​សីហនុ បាន​បុក​ពី​ក្រោយ​ត្រាក់​ទ័រ១​គ្រឿងដែលធ្វើ​ដំណើរក្នុង​ទិសដៅ​ស្រប​គ្នា​ យ៉ាងពេញ​ទំហឹង​ធ្វើ​ឱ្យ​រថ​យន្ត​អ៊ីស៊ុយ​ហ៊្សុយខ្ទេច​មុខ​ និង​ក្រឡាប់​​ផ្អៀងកង​ក្បែរ​ផ្លូវ​ ហើយ​ត្រាក់ទ័រ​បានធ្លាក់ចេញ​ពី ផ្លូវ​​ជាតិ​ដាច់​កង់​មួយ​ចំហៀង​ខាង​ឆ្វេង ។

ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រថ​យន្តអ៊ីស៊ុយ ​ហ៊្សុយរង​របួស​បាក់​ភ្លៅ​ខាង​ស្តាំ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ចំណែក​អ្នក​បើក​បរ​ត្រាក់​ទ័រ បន្ទាប់ពី​ឃើញ​សភាពការណ៍​មិន​ល្អ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង ។​ ចំពោះ​ព័ត៌​មាន​លំអិតក្នុង​ពេល​កើត​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍នេះពុំ​ មាននរណា​ម្នាក់​អះ អាង​ថា បាន​ឃើញជាក់ស្តែង​ទេ ព្រោះ​យប់ ងងឹត​ តែ​អាច​សន្និដ្ឋាន​ថា​ អ្នក​បើក​បរ​រថ​យន្ត​អ៊ីស៊ុយ​ហ៊្សុយទំនង​មាន​បំណង​បើក​ជែងត្រាក់ទ័រ​ហើយ​​ យកចង្កូត​មិន​ផុត​ ទើប​បណ្តាលឱ្យ​បុក​ពី ក្រោយ​យ៉ាងពេញ​ទំហឹង​លាន់ដូច​រន្ទះ​បែបនេះ ។ ទោះ​បី​ជា​យ៉ាង​ណា រថយន្ត​ទាំង​ពីរ​ខាង​លើ​ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​ស្រុក​ព្រៃនប់​ស្ទូច​ យកទៅ​​រក្សា​ទុក​នៅអធិការដ្ឋាន​នគរបាល​ស្រុក​រង់​ចាំ​ដោះ​ស្រាយ​ជា​ក្រោយ ៕

No comments: