Tuesday, September 28, 2010

ជាតិស្រវឹង និងគ្រោះថ្នាក់ចរាចរណ៍

បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍បានក្លាយជាមូលហេតុចម្បង និងឈានមុខគេនៃការស្លាប់ និងពិការក្នុងប្រទេសកម្ពុជា។ តាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កំហុសបណ្ដាលមកពីការបើកបរក្រោយពេលពិសារជាតិស្រវឹង ត្រូវបានជាប់ចំណាត់ទីពីរក្នុងចំណោមកំហុសនានាដែលនាំទៅដល់គ្រោះថ្នាក់ចរាចរណ៍ ។ កំហុសនេះ ពិតជាអាចចៀសវាងបាន បើសិនជាអ្នកបើកបរគ្រប់ៗរូបតាំងចិត្ត ចូលរួម។
គ្រាន់តែក្នុងឆ្នាំ២០០៩ មានជនរងគ្រោះដល់ស្លាប់ចំនូន២៨៤ នាក់ ដោយសារតែការបើកបរក្រោយពេលពិសារជាតិស្រវឹង ហើយ៧៩៧ នាក់ផ្សេងទៀតរងរបួសធ្ងន់ និង១, ២៤៧នាក់រងរបួសស្រាល។ ចំនួនគ្រោះថ្នាក់ដែលកើតឡើងដោយការបើកបរក្នុងពេលស្រវឹងច្រើនកើតមាននៅពេលយប់ជាងពេលថ្ងៃ ហើយចំនួនអ្នកស្លាប់ច្រើនកើតឡើងនៅចន្លោះម៉ោង៦ល្ងាច ដល់ម៉ោង១១និង៥៩នាទី។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យត្រូវបានរកឃើញថាចំនួនគ្រោះថ្នាក់មានកម្រិត ខ្ពស់ជាងថ្ងៃផ្សេងទៀតនៃសប្ដាហ៍ ។
តើជាតិស្រវឹងឬជាតិអាល់កុលមានឥទ្ធិពលយ៉ាងណាចំពោះការបើកបរ?
អ្នកពិសារ ជាតិស្រវឹងតែងតែដឹងថារងការស្រវាំង ភ្នែក ការបញ្ជាចលនាជាពិសេសអវៈយវៈសម្របគ្នាមិនបានល្អឡើយ។ ខួរក្បាលធ្វើការស្ពឹកហើយរមែងធ្វើការវិនិច្ឆ័យមិនបានល្អ។ ហេតុនេះហើយទើបបានជាអ្នកពិសារជាតិស្រវឹង តែងមានប្រតិកម្មយឺតទៅនឹងសកម្មភាពអ្វីមួយ។ ឧទាហរណ៍ ដើរទ្រេតទ្រោតមិនត្រង់ផ្លូវ ចាប់កាន់វត្ថុមិនចំកន្លែង និងមានសកម្មភាពយឺតជាងពេលធម្មតាជាដើម ។ ចូរប្រមាណមើលថា បើសិនជាគេបើកបរយានយន្តនោះ តើគេមានការប្រឈមនឹងគ្រោះថ្នាក់ដល់កម្រិតណា?
អាល់កុល ឬជាតិស្រវឹងអាចធ្វើឱ្យប៉ះពាល់ដល់ការវិនិច្ឆ័យ និងធ្វើឱ្យមានការកើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់ បើទោះជាកម្រិតជាតិអាល់កុលទាបក៏ដោយ។ កម្រិតជាតិអាល់កុលកាន់តែខ្ពស់នោះឱកាសគ្រោះថ្នាក់កាន់តែកើនឡើង និងផលប៉ះពាល់កាន់តែធ្ងន់។
តើត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយការបើកបរក្រោយពេលពិសារជាតិស្រវឹង?
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយការពិសារជាតិស្រវឹង អ្នកប្រើប្រាស់ផ្លូវ ទាំងអស់គួរស្វែងយល់ពីមធ្យោបាយមួយចំនួនដូចខាងក្រោមៈ
អ្នកបើកបរ១ ត្រូវស្វែងរកការពិសារជាតិស្រវឹងនៅកន្លែងដែលមិនតម្រូវឲ្យមានការធ្វើដំណើរទៅវិញទៅមក។ ឧ. ការពិសារ នៅផ្ទ
២ បើការពិសារ នៅខាងក្រៅសូមរកជំនួយពីអ្នកដែលមិនពិសារ ជាតិស្រវឹងមកទទួល ដូចជាបងប្អូន មិត្តភក្តិ , សាច់ញាតិ ឬសេវាដឹកជញ្ជូនដូចជារថយន្តឈ្នួល ម៉ូតូឌុប និងម៉ូតូកង់បីជាដើម។
អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតៈ
អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចចំពោះយានដទៃទៀតនៅលើដងផ្លូវ ព្រោះថាបើទោះបីលោកអ្នកបានគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏យើងមិនអាចដឹងពីស្ថានភាពបើកបររបស់អ្នកទាំង នោះឡើយ ។មិនគួរធ្វើដំណើរជាមួយអ្នកបើកបរណាដែលយើងបានដឹង ឬមានការសង្ស័យ ថា គាត់បានពិសារជាតិស្រវឹងមុនពេលបើកបរ។
ការបើកបរក្រោយពេលពិសារជាតិស្រវឹងគឺជាការល្មើសច្បាប់ចរាចរណ៍ និងត្រូវប្រឈមនឹងគ្រោះថ្នាក់ទៀតផង។
មន្ត្រីនគរបាលចរាចរណ៍នឹង បន្តរឹតបន្តឹងការអនុវត្តន៍ច្បាប់លើអ្នកបើកបរក្រោយពេល ពិសារជាតិស្រវឹងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០នេះតទៅ។

No comments: