Sunday, February 21, 2010

សរុប​តួលេខ​នៃ​គ្រោះថ្នាក់​ចរចារណ៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន

ដោយ ទីន ហ្សាការីយ៉ា
វិទ្យុ​អាស៊ីសេរី

មន្រ្តី​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៧ កុម្ភៈ​ថា នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន-​វៀតណាម​កន្លង​ទៅ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​១២៧​ករណី ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​៣១​នាក់​និង​របួស​២៦២​នាក់។

គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០០៤ ។ (AFP File Photo)

គ្រោះថ្នាក់ ចរាចរណ៍ មួយ នៅ ក្នុង ទីក្រុង ភ្នំពេញ កាលពី ថ្ងៃ ទី ២១ ខែ មិថុនា ឆ្នាំ ២០០៤ ។ (AFP File Photo)

លោក​វរសេនីយ៍​ត្រី សុខ ណុប អនុ​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​នាយកដ្ឋាន​សណ្តាប់​ធ្នាប់ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន-​វៀតណាម​រយៈ​ពេល​៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១២៧​ករណី ស្លាប់​៣១​នាក់ ក្នុង​នោះ​មាន​ស្រ្តី​១១​នាក់។

លោក សុខ ណុប បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ចំនួន​ច្រើន​ជាង​គេ​នោះ​គឺ​មាន​ខេត្ត​កណ្ដាល កំពង់ចាម កោះកុង និង​រាជធានី​ភ្នំពេញ​យើង​នេះ»។

លោក​វរសេនីយ៍​ត្រី សុខ ណុប បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​របួស​ធ្ងន់​មាន​ចំនួន​១៣៥​នាក់ ស្រី​២៤​នាក់ ហើយ​អ្នក​របួស​ស្រាល​១២៧​នាក់ ក្នុង​នោះ​ស្រ្តី​៣២​នាក់។ លោក​បាន​អះអាង​ថា បញ្ហា​ចម្បង​ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយសារ​តែ​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន មិន​គោរព​អាទិភាព​នៃ​ការ​បើកបរ​និង​បើកបរ​ក្នុង​ពេល​ស្រវឹង។

លោក សុខ ណុប ឲ្យ​ដឹង​បន្ត​ដូច្នេះ ៖ «ការ​ប្រើប្រាស់​ល្បឿន​លឿន​មាន​ ចំនួន​៥៣​ករណី ហើយ​ក្នុង​នោះ​មិន​គោរព​សិទ្ធិ​អាទិភាព​មាន​ចំនួន​២០ បើកបរ​ក្នុង​ពេល​ស្រវឹង​មាន​ចំនួន​១៩​ករណី»។

ប្រធាន​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ លោក ហេង ចាន់ធារី បាន​មាន​ប្រសាសន៍​ថា សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន-​វៀតណាម​នេះ​មាន​៨​ករណី ស្លាប់​២​នាក់ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩ មាន​១៦​ករណី​ស្លាប់​៦​នាក់។

លោក ហេង ចាន់ធារី មាន​ប្រសាសន៍​ដូច្នេះ ៖ «កន្លង​មក​យើង​គ្រោះ​ ថ្នាក់​ម៉ូតូៗ បើ​សិន​ជា​យើង​បើក​ក្នុង​ល្បឿន​ដែល​ច្បាប់​បាន​កំណត់​៣៥​ទៅ​៤០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង បើ​សិន​ជា​មាន​ការ​គ្រោះថ្នាក់​វា​មិន​ដល់​ស្លាប់​ទេ​បើ​យើង​ពាក់​មួក​ ការពារ ពីព្រោះ​កន្លង​មក​ការ​គ្រោះថ្នាក់​ភាគ​ច្រើន​គឺ​អត់​ពាក់​មួក​តែម្ដង។ ហ្នឹង​ច្រើន​តែ​ពេល​យប់»។

មន្រ្តី​សុវត្ថិភាព​ចរាចរណ៍​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្ស៊ិក លោក មាស ចាន់ឌី បាន​អះអាង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​បន្ត​កើត​មាន​ច្រើន​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិត​ នៅ​ឡើយ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​មួយចំនួន​បាន​អនុវត្ត​ច្បាប់​បាន​មួយចំនួន​ហើយ​ ក្តី។

លោក មាស់ ចាន់ឌី មាន​ប្រសាសន៍​ថា ៖ «បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ នៅ​តែ​ជា​បញ្ហា​ក្ដៅ​គគុក ដោយសារ​តែ​ប្រជាជន​យើង​អ្នក​ប្រើប្រាស់​ផ្លូវ​មួយចំនួន​ធំ​មិន​ទាន់​ចូល​រួម ​ក្នុង​ការ​អនុវត្ត​ច្បាប់»។

លោក​វរសេនីយ៍​ត្រី សុខ ណុប បាន​បញ្ជាក់​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន-​វៀតណាម​កន្លង​ផុត​ទៅ​ថ្មីៗ​ នេះ បើ​ប្រៀបធៀប​រយៈ​ពេល​៤​ថ្ងៃ​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០០៩ មាន​ការ​ថយ​ចុះ​ចំនួន​៣៩​ករណី ប៉ុន្តែ​ចំនួន​មនុស្ស​ស្លាប់​មាន​៣១​នាក់​ដូច​គ្នា។

តាម​របាយការណ៍​ពី​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ ផ្លូវ​គោក​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ឱកាស​ចូល​ឆ្នាំ​ចិន-​វៀតណាម​កាល​ពី​ឆ្នាំ​ ២០០៩​កន្លង​ទៅ ក្នុង​រយៈ​ពេល​៧​ថ្ងៃ​មាន​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​សរុប​៦១៦​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៤៣​នាក់៕

No comments: