Wednesday, February 17, 2010

ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា​ស្លាប់​ពីរ​, របួសធ្ងន់​៣

CEN Nrws
ពោធិ៍សាត់​ម: មនុស្ស​ពីរ​នាក់​បាន​ស្លាប់ និង​មនុស្ស​បី​នាក់​ទៀត បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង ១៨​និង​៣០​នាទី ថ្ងៃទី​១៤ កុម្ភៈ​២០១០​នេះ ស្ថិតនៅក្នុង​ភូមិ​បឹង​យា ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ។​
​ ​លោក ង៉ាន់ វ៉ាន់​មី ប្រធាន​ផ្នែក​ចរាចរណ៍​ជើងគោក ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ជនរងគ្រោះ​ទាំង​នោះ គឺ​ម្នាក់​ឈ្មោះ អ៊ុយ ផាន់​សុភាព អាយុ​២៨​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ។ ឯ​ម្នាក់​ទៀត​ឈ្មោះ អ៊ុយ មករា អាយុ​២១​ឆ្នាំ ស្លាប់​ពេល​បញ្ជូន​មកដល់ មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ ។ អ្នក​ស្លាប់​ទាំង​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ាក​គុប​ពណ៌​ខៀវ ចង្កៀង​ជ្រុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​មាន​ទីលំនៅ ក្នុង​ភូមិ​ព្រែក​តា​គង់ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ។ ឯ​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង ឌុប​គ្នា​ដែរនោះ បាន​ទទួល​រងរបួស​ធ្ងន់ គឺ​ទី​១ ឈ្មោះ សាយ រតនា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បឹង​ត្រាញ់ ឃុំ​ស្វាយ​លួង ទី​២​ឈ្មោះ ដួង លី​ស្រេង អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​រោង​ម៉ាស៊ីន ឃុំ​ស្វាយ​លួង និង​ទី​៣ ឈ្មោះ ធុច សុភ័ក្ត្រ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​សា​ឡង់ ឃុំ​ត្រពាំង​ច័ន្ទ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។​
​ ​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ម៉ូតូ​ម៉ាក​គុប​ជ្រុង ជិះ​ឌុប​គ្នា​ពី​ជើង​ទៅ​ត្បូង ដែល​អ្នកបើក​ម៉ូតូ​ឈ្មោះ អ៊ុយ មករា ។ រីឯ​ម៉ូតូ​ម៉ាក VeVe E ជិះ​ឌុប​គ្នា​៣​នាក់ ក្នុងទិសដៅ​ជើង​ទៅ​ត្បូង យ៉ាង​លឿន ។ ពេល​មកដល់​ចំណុច កើតហេតុ​បាន​រេ​ចង្កូត ទៅ​បុក​ម៉ូតូ​គុប យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូឌុប​ផ្នែក ខាងក្រោយ​ស្លាប់​នៅនឹងកន្លែង ។ រី​ឯ​អ្នកបើក​ស្លាប់​ពេល​បញ្ជូន​មក មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​អ្នក​ជិះ​ម៉ូតូ​ម៉ាក VeVe E គ្រាន់តែ​រងរបួស​ធ្ងន់​ទាំង​បី​នាក់ ៕

No comments: