Friday, February 12, 2010

គ្រោះថ្នាក់​ចរាចរណ៏ ក្នុង​ឆ្នាំ​២០០៩ នៅ​រាជធានី​ភ្នំពេញ​មាន​ការធ្លាក់ចុះ

ដោយ : សេរី
ភ្នំពេញ: ​ប៉ូលិសចរាចរ​ក្រុង​ភ្នំពេញ​បានបង្ហាញ​ក្នុង​របាយការណ៍​ថា ចំនួន​អ្នក​ស្លាប់ អ្នក​របួស​ធ្ងន់​ស្រាល​ដោយសារ​គ្រោះថ្នាក់​ចរាចរ និង ចំនួន​គ្រោះថ្នាក់​ចរាចរ​បាន​ថយ​ចុះ​បន្តិច នៅ​ឆ្នាំ ២០០៩ នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០០៨ កន្លងទៅ ។​

​ ​លោក សេង ចាន់ថន នាយ​ផ្នែក​វាស់វែង​គ្រោះ​ចរាចរណ៍​ប៉ូលិស​ក្រុងភ្នំពេញ បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​នៅ ឆ្នាំ​២០០៩ នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន ៦៣៩ លើក ប្រៀបធៀប​ទៅនឹង ឆ្នាំ​២០០៨ ដែល​មាន​ចំនួន ៧០០ លើក គឺ មាន​ការថយចុះ​ចំនួន ៦១ លើក ។​

​ ​លោក​បាន​ឱ្យដឹងទៀតថា ក្នុង ឆ្នាំ​២០០៩ ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ មាន​ចំនួន ២១០ នាក់ មាន​ការថយចុះ​ចំនួន ៥៦ នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០០៨ ដែល​មាន​ចំនួន ២៦៦ នាក់ ។ ចំណែក​អ្នករបួសធ្ងន់​មាន​ចំនួន ៦៣៤ នាក់ ថយចុះ​ចំនួន ៦៥ នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០០៨ មាន​ចំនួន ៦៩៩ នាក់ និង​អ្នក​របួសស្រាល​ចំនួន ៣៩៦ នាក់ ថយចុះ ៣៥ នាក់ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០០៨ មាន​ចំនួន ៤០៤ នាក់ ។​

​ ​លោក​នាយ​ផ្នែក​វាស់វែង​គ្រោះ​ចរាចរ​ក្រុង​ភ្នំពេញ បានឱ្យដឹង​ទៀត​ថា គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០០៩ នេះ​បាន​បណ្តាលឱ្យ​ខូច​រថយន្ត​ចំនួន ៣០៩ គ្រឿង ម៉ូតូ​ខូច​ចំនួន ៧៤៧ គ្រឿង រ៉ឺម៉ក​កង់​បី​ចំនួន ១៨ គ្រឿង កង់​ខូច​ចំនួន ១៤ គ្រឿង ។​

​ ​លោក សេង ចាន់ថន បានឱ្យដឹង​ទៀត​ថា មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​នៅ​រាជធានី​ ភ្នំពេញ ភាគច្រើន​បណ្តាល​មកពី​ការបើកបរ​លឿន និង​បើកបរ​ស្រវឹង ។​

​ ​តាម​ការកត់ត្រា​របស់​ប៉ូលិសចរាចរ​ក្រុង ភ្នំពេញ​បាន​ឱ្យដឹងថា ក្នុង​ចំនួន​គ្រោះថ្នាក់​ចរាចរ ជាង ៦០០​លើក បណ្តាលមកពី​ការបើកបរ​លឿន​ចំនួន ២៥១ លើក បើកបរ​ស្រវឹង​ចំនួន ១១៦ លើក បើក​ប្រជែង ៦០ លើក បើកបរ​មិន​ប្រកាន់​ស្តាំ ៦៦ លើក បើក​ពុំ​គោរព​សិទ្ធិ ៧២ លើក បើកបរ​ប្រហែស ៣៦ លើក និង​កត្តា​ផ្សេងៗ​ចំនួន ៣៧ លើក ៕

No comments: