Wednesday, January 27, 2010

ឃាត់​ខ្លួន​អ្នក​បើក​ឡាន​បុក​មនុស្ស​ស្លាប់ នៅ​ផ្លូវវេង​ស្រេង​-​ចោមចៅ​

ដោយ : សុពិសិដ្ឋ
ភ្នំពេញ: ស្ទើរតែ​គ្រប់​ករណី​គ្រោះថ្នាក់​ចរា​ច​រណ៍ ដែល​បង្កឡើង​ដោយ​រថយន្ត ហើយ​នាំឲ្យ​មាន​មនុស្ស​ស្លាប់ គឺ​អ្នកបើកបរ ឬ តៃកុង​ឡាន តែងតែ​ដាក់​មេ​ប្រ៉ូចរត់​បាត់​ស្រមោល ចោល​ឡាន ​។ ក៏​ប៉ុន្តែ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ កាលពី​វេលា​ម៉ោង ៣ និង ៥ នាទី រសៀល​ថ្ងៃ​ទី ១៦ មករា ឆ្នាំ ២០១០ នៅលើ​កំណាត់​ផ្លូវវេង​ស្រេង​-​ចោមចៅ​, រាជធានី​ភ្នំពេញ​, តៃកុង​ឡាន ត្រូវបាន​ឃាត់ខ្លួន នាំ​ទៅ​កាន់​ប៉ូស្តិ៍ ប៉ូលិស ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។

​ ​ការឃាត់ខ្លួន គឺ​ក្រោយពី​បុរស​តៃកុង​ឡាន​រូបនោះបាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ ។​
​ ​តៃកុង​ឡាន ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ នៅ ចេង អាយុ ២៧ ឆ្នាំ ភេទ ប្រុស​, បើកបរ​រថយន្ត​ម៉ាក Hyundai ពណ៌ ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2T 3936 ​។ យុវជន​នេះ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង​ ។ ចំណែក​យុវជន​រងគ្រោះ មិន​ទាន់​ស្គាល់ ឈ្មោះ ជិះ​ម៉ូតូ​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1R 0287 ។

​ ​របាយការណ៍​ប៉ូលិសបានបង្ហាញ​ថា មុនពេល​កើតហេតុ យុវជន​រងគ្រោះ បាន​បើកបរ​ម៉ូតូក្នុង​ទិសដៅ​ពី​កើត ទៅ​លិច​ ។ ចំណែករថយន្ត បើក​បញ្ច្រាសទិស​គ្នា ពី​លិចទៅ​កើត​ ។ លុះ​មកដល់​ចំណុចកើតហេតុរថយន្ត​បង្កហេតុ បាន​វ៉ា​ឡានតូច​មួយគ្រឿង ហើយ​ក៏​ជ្រុលចង្កូតទៅ​បុក​ម៉ូតូពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ជិះ​ម៉តូស្លាប់​ភ្លាមៗ​ ។​

​ ​សូម​រម្លឹកថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ដើមឆ្នាំ ២០១០ បាន​កើតឡើង​យ៉ាង​ហោច​ណាស់ បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៦ នាក់ នៅ​រាជធានី​ភ្នំពេញ​ ។ ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ ២០០៩ កន្លងមក កើត​មាន​ជាង ៦០០០ ករណី និង បាន​បណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា បាត់បង់​ជីវិត​ចំនួន ១.៦៥៤ នាក់​ ៕

No comments: