Saturday, January 9, 2010

ឆ្នាំ២០០៩គ្រោះថ្នាក់ចរាចរផ្លូវគោកស្លាប់៥៥នាក់​ ផ្លូវទឹក៣នាក់​ និងគ្រោះថ្នាក់ផ្សេងៗ៧៤នាក់

ខេត្ដកំពង់ឆ្នាំង ៖ យោង​តាម​របាយ ការណ៍​របស់​ប៉ូលិស​ការិយាល័យ​កណ្ដាល សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​ខេត្ដ​បានឱ្យ​ដឹងថា ក្នុង​ឆ្នាំ​២០០៩ កន្លង​ទៅ គ្រោះថ្នាក់​ច​រាចរណ៍​ផ្លូវគោក​បាន​កើតឡើង​ចំនួន​២១១លើក តិច​ជាង​ឆ្នាំ​២០០៨ ចំនួន​៤៨​លើក បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥៥​នាក់ (​ស្រី ១១​នាក់​) របួស​មនុស្ស​៤៣៨​នាក់ (​ស្រី ១៤៦​នាក់​) ក្នុង​នោះ​របួសធ្ងន់​១៨៧​នាក់ (​ស្រី​៥៣​នាក់​) ខូចខាត​រថយន្ដ​ធ្ងន់ និង ស្រាល​៩៤​គ្រឿង ម៉ូតូ​១៦៤​គ្រឿង ម៉ូតូ សណ្ដោង​រ៉ឺ​ម៉ក​៦​គ្រឿង យាន​កែ​ច្នៃ​៤​គ្រឿង កង់​២២​គ្រឿង ខូច​រទេះគោ ក្របី សេះ​៥គ្រឿង និង​ខូចខាត​សំភារ​មួ​យ​ចំនួន​ទៀត ។

ដោយឡែកចរាចរណ៍​ផ្លូវទឹក បាន​កើតឡើង​ចំនួន​២​លើក​ស្មើនឹង​ឆ្នាំ​២០០៨​ដែរ ដោយ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់ (​ស្រី ទាំង​៣) របួស​ម្នាក់ (​ប្រុស​) និង​ខូចខាត កាណូត​៣​គ្រឿង​។ ចំណែក​គ្រោះថ្នាក់​ផ្សេង​ៗ មាន​ចំនួន​៨៣​លើក គឺ​លង់ទឹក​២៤​លើក អត្ដឃាត​២០​លើក រន្ទះបាញ់​១២​លើក ផឹកថ្នាំ ពុល​៤​លើក ធ្លាក់​ពី​ចុងឈើ​៧​លើក ពស់​ចឹក​១លើក ចរន្ដអគ្គិសនី​ឆក់​២​លើក ដុត​ខ្លួន​លើ​ផ្ទះ២​លើក ផ្លែ​ដូង​ធ្លាក់​ចំ​១​លើក ដេក​ស្លាប់​៣លើក ដើមឈើ​ដួល​រលំ​សង្កត់​ផ្ទះ​១​លើក និង ខ្យល់ព្យុះ​១​លើក ។

ហេតុការណ៍​ទាំងនេះ បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​៧៤​នាក់ (​ស្រី​៨ នាក់​) របួស​៧​នាក់ (​ស្រី​២​នាក់​) ងាប់​គោ​៥ ក្បាល ខូ​ត​ខាត​អស់​ផ្ទះ​១៨២​ខ្នង (​ខូច​ទាំង ស្រុង​៧៩​ខ្នង​) ។

ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​អនាម័យ​បាន​ចំនួន​២៨២​លើក គឺ​នៅ​ជួរ​ដើម​ស្រល់​ផ្សារ ក្រោម ចុះ​ត្រួតពិនិត្យ​កន្លែង​កើតហេតុ​គ្រោះ ថ្នាក់​ចរាចរណ៍​បាន​ចំនួន​២១១​លើក បំពេញ សំណុំរឿង​គ្រោះថ្នាក់​ចំនួន​២.១៣៩​ច្បាប់ ។

ចុះ​ត្រួតពិនិត្យ​ផាកពិន័យ​លើ​មធ្យោបាយ យានយន្ដ​ល្មើសច្បាប់​បាន​ចំនួន​៥.៣១៦គ្រឿង ស្មើនឹង​៥.៣១៦​សន្លឹក​ប័ណ្ណ ។ ចូលរួមបង្រៀនច្បាប់​ចរាចរណ៍ ស្លាក​សញា​ចរាចរណ៍ ផ្លូវគោក​ថ្មី​ដល់​មន្ដ្រី​ក្នុង​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្ដ​ បាន​ចំនួន​១​លើក ។ ឃាត់​ម៉ូតូ​គ្មាន​ស្លាក​លេខ​បាន​៣៣​គ្រឿង (​គ្មាន​ពន្ធ​២៦​គ្រឿង និង​មាន​ពន្ធ​៧​គ្រឿង​)​។

សហការ​ជាមួយ​មន្ដ្រី​គយ​ចាប់​ម៉ូតូ​ឱ្យ​បង់ពន្ធ៤៥​ គ្រឿង​។ សរុប​មនុស្ស​ដែល​ស្លាប់​ដោយគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ផ្លូវទឹក និង គ្រោះថ្នាក់​ផ្សង​ៗ​មានចំនួន​១៣២​នាក់ ៕

No comments: