Wednesday, January 27, 2010

ខណ្ឌ​ឫស្សីកែវ គ្រោះថ្នាក់​ចរាចរ ២ លើក​របួសធ្ងន់ ២ នាក់​

ដោយ : សុ​ពិសិដ្ឋ
ភ្នំពេញ: នៅ​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី ២២ មករា​ កន្លងទៅ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ២ លើក​ដោយឡែក​ពីគ្នា បណ្តាល​ឲ្យ​បុរស ២ នាក់ រងរបួស​ធ្ងន់ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ​កាល់ម៉ែត ។​

ករណី​ទី​១: វេលា​ម៉ោង ៨ និង ១០ នាទី​ព្រឹក​ថ្ងៃទី ២២ មករា នៅ​តាម​ផ្លូវជាតិ​លេខ ៥ ទល់មុខ​ឃ្លាំង​ស្តុក​ទំនិញ​មួយ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មាន​ករណី​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​បាក់​ជើងឆ្វេង ។​

ប៉ូលិស​និយាយថា រ៉ឺម៉ក​ម៉ូតូ​បង្ក​ម៉ាក​សាន់​យ៉ាន់ ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​រត់​បាត់ ។ ជនរងគ្រោះ​ឈ្មោះ គ្រី​ត សុខុម អាយុ ៥៧ ឆ្នាំ មុខរបរ​យោធា ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ របួស​បាក់​ជើងឆ្វេង បើកបរ​ម៉ូតូ​ម៉ាក WAVE ពណ៌​ខ្មៅ ស្លាក​លេខ ខ​.​ម 01.1.6674 ។​

ប៉ូលិស​បន្តថា មុន​កើតហេតុ រ៉ឺម៉ក​ម៉ូតូ​បើក​តាម​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង ហើយ​ជ្រុល​ចង្កូត​បុក​ម៉ូតូ ដែល​កំពុង​ធ្វើដំណើរ​ច្រាសទិស​គ្នា បុក​បណ្តាលឲ្យ​ដួល​បាក់​ជើង​ម្ខាង ។ ឃើញ​ដូច្នេះ​អ្នកបើកបរ​រ៉ឺម៉ក ក៏​រត់​បាត់ ។​

​ករណី​ទី​២: នៅ​ចំណុច​ផ្លូវ​ចូល​សាលា​ដែក ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ វេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ថ្ងៃ​ដដែល មាន​ករណី​រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​ដួល​បោក​ក្បាល​របួស​ធ្ងន់ ។​

​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក MITSUBISHI ពណ៌​ស ស្លាក​លេខ​រាជការ 3102 បើកបរ​ដោយ​ឈ្មោះ អ៊ុង ចាន់ថុល អាយុ ៤៥ ឆ្នាំ មុខរបរ បើកបរ​រថយន្ត​ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ ស្នាក់​នៅ​ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោ​ភ័ណ ខេត្ត​បន្ទាយមានជ័យ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ នាង អ៊ា ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅ​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង របួសធ្ងន់ បើកបរ​ម៉ូតូ​ម៉ាក VIVA ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1AJ 2590 ។​

​ប៉ូលិស​បន្តថា មុន​កើតហេតុ បើក​តាម​ផ្លូវលំ​ពី​លិច​ទៅ​កើត ហើយ​បុក​ម៉ូតូ​ដែល​កំពុង​ធ្វើដំណើរ​ច្រាសទិស​គ្នា បណ្តាលឲ្យ​ដួល​បោក​ក្បាល​របួស​ធ្ងន់ បញ្ជូន​ទៅ​មន្ទីរពេទ្យ ។​
​យានយន្ត​ពាក់ព័ន្ធ​ករណី​ទាំង​២ បញ្ជូន​ទៅ​ការិយាល័យ​ប៉ូលិសចរាចរ​ក្រុង​ភ្នំពេញ​ដោះស្រាយ ៕

No comments: