Saturday, January 9, 2010

ស្ដ្រី​ជើង​ខ្លាំង​បើករថយន្ដ​ដឹកឈើ​ប្រណីត​បុក​ម៉ូតូ

Kohsantipheap

ខេត្ដក្រចេះ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយដែល​កើតឡើង​រវាង​រថយន្ដ​ដឹកឈើ​ប្រណីត និង​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឱ្យស្ដ្រី​ជា​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ រីឯ​រថយន្ដក្រោយ​ពេល​កើតហេតុ​បាន​ព្យាយាម​បើក​រត់តែ​ត្រូវ​កំលាំង​ប៉ូលិស​ តាម​ស្ទាក់​ចាប់​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មក​រា នៅ​ចំណុច​ក្នុងភូមិ ក្បាល​ជួរ ឃុំ​សំបុក ស្រុកចិត្រ​បុរី ។

ស្ដ្រី​រង​គ្រោះឈ្មោះ​ប៊ូ ណា​រី អាយុ​២៣ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើបើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​អាល់​ហ្វា​ពណ៌​ ខៀវ​ពុំ​មាន​ស្លាក​លេខ រីឯ​រថយន្ដ​ម៉ាក​កាម​រី​ស៊េរី​ឆ្នាំ១៩៩១ ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ក្រចេះ 1A 0248 បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ។ ក្នុង​ការ​បើក​រត់​តាម​ផ្លូវលំ អ្នក​បើកបរ​បាន​ព្យាយាម​ដោះ​ស្លាក​លេខ​រថយន្ដ និង​ទំលាក់​ឈើ​អស់​ពាក់កណ្ដាល ទើប​កំលាំងប៉ូលិស​តាម​ចាប់​បាន​មក​វិញ​ក្រោយ​ពេលកើតហេតុ​ជិត​មួយ​ម៉ោង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុបានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​១០​ព្រឹក នោះ​គេ​ឃើញ​រថយន្ដ​បង្ក​គ្រោះថ្នាក់​មួយ គ្រឿង​នេះ​ដែល​អ្នកបើកបរ​ជា​ស្ដ្រី​ឈ្មោះ​មុំ ហៅ​ច្រឹប មាន​ទីលំនៅក្នុងស្រុក​សំបូរ ខេត្ដក្រចេះ និង​មានមុខរ​បរជា​អ្នក​រកស៊ី​ដឹកឈើបាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ ទិសដៅ​ពី​ជើង​មក​ត្បូង​។ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បុក​ម៉ូតូ​របស់​ស្ដ្រី​រង​គ្រោះ​ដែល​កំពុងជិះ​ ម្នាក់ឯង​ចំ​ពីមុខ​ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​ស្ដ្រី​ជា​អ្នក​បើក​ម៉ូតូ​ត្រូវ​ខ្ទាត​ចេញ​ហើយ សន្លប់​នៅ​នឹង​កន្លែង​កើតហេតុ និង​បញ្ជូនមក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​តាម​រថយន្ដ​សង្គ្រោះ​របស់​ ស្នងការដ្ឋាន​ប៉ូលិស​ខេត្ដ ។

លោក​អនុសេនីយ៍ទោ​អ៊ុ​ន ហយ នាយប៉ុស្ដិ៍​រដ្ឋបាល​សំបុកបានឱ្យ​ដឹង​ថា ដោយកំណត់​បាន​មុខសញា​ច្បាស់​លើ​ភិនភាគ និង​ស្លាកស្នាម​របស់​រថយន្ដ​បង្កហេតុ ទើបកំលាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​សហការ​ជាមួយកំលាំង​ប៉ូលិស​ស្រុក​ចិត្រ​ បុរី បាន​តាម​ប្រមាញ់ រថយន្ដ​នោះ​ខណៈ​ពេល​ដែល​ម្ចាស់​រថយន្ដព្យាយាម​បើក​រត់់គេច​ទៅ​ក្បែរ​ផ្ទះ​ ប្រជា​ពលរដ្ឋ​តាម​ផ្លូវលំ​មួយ​នៅ​ក្នុងភូមិ​សំបុក ឃុំសំបុក ស្រុក​ចិត្រ​បុរី ដោយ​ដោះ​ស្លាក​លេខ និង​លើក​ឈើ​ចេញពី​រថយន្ដ​នៅ​សល់​តែឈើ​ប្រភេទ​ធ្នង់​ពីរ​ដុំ ធំ រីឯ​អ្នកបើកបរ​បានរត់គេច​ខ្លួន​បាត់ ។ បច្ចុប្បន្នទាំង​រថយន្ដទាំង​ឈើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​មក​រក្សាទុក​នៅ ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចិត្រ​បុរី ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ដ​។

ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាមបណ្ដោយ​ផ្លូវជាតិ​ មាត់ទន្លេ ក៏​ដូច​ជា​ភ្ញៀវទេសចរ​ជាតិ​និង​អន្ដរជាតិ​ដែល​ធ្វើ​ដំណើរទៅ​ទស្សនា​សត្វ​ ផ្សោត​តាម​ដង​ទន្លេមេគង្គ និង​រមណីយដ្ឋាន​ព្រែក​កាំ​ពីវិហារ​វត្ដ​សសរ មួយ​រយក្នុង​ខេត្ដក្រចេះ បច្ចុប្បន្ន​នេះ​បាន​និងកំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំំ​ង​ទៅ​ លើសុវត្ថិភាព​ព្រោះថា​ផ្លូវ​នៃ​តំបន់​ទេសចរណ៍របស់​ខេត្ដបាន​ប្រែ​ក្លាយទៅជា​ ផ្លូវ​រថយន្ដ​ដឹកឈើ​ប្រណីត​ដែល​បើកបរ​ក្នុង​ល្បឿន​លឿនគួរ​ឱ្យ​ខ្លាច ។ ឈើ​ទាំងនេះ​ត្រូវ​បាន​គេ​ដឹង​ថា ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ចេញ​ទៅ​ត្រើយម្ខាងនៃ​ស្រុក​សំបូរ ហើយ​ដឹក​បន្ដ​តាម​រថយន្ដ​គ្រប់ធុន​យក​ទៅ​លក់​បន្ដ​នៅ​ស្រុក​ឆ្លូង ។ អ្នក​ព្រួយបារម្ភ​និយាយ​ថា បើ​រថយន្ដ​ដឹកឈើ​ទាំងនេះ បើក​ហួស​ល្បឿន​កំណត់​ដូច្នេះ​គ្រោះថ្នាក់​នឹង អាច​កើត​មាន​ជាយថាហេតុ​មក​លើ ពួក​គាត់ នៅ​ពេល​ណាមួយ​មិន​ខាន​ឡើយ​។ សូម​អាជ្ញា ធរ​ចាត់វិធានការ​ផង

No comments: