Saturday, September 26, 2009

បង្គោល​ភ្លើង​មួ​យ​ដើម​បាក់​មួយ​ដើម​ទៀត​ទ្រេត​ដោយសារ​ឡាន​ដាក់​ទំនិញ​ខ្ពស់​ពេក​ទាក់​ខ្សែភ្លើង​

ដោយ : សុ​ពិសិដ្ឋ​ (ថ្ងៃទី 26 កញ្ញា 2009)

ភ្នំពេញ: បង្គោល​ធ្វើ​អំពី​ថ្ម​ដែល​ជា​បង្គោល​ភ្លើង​ចំនួន​ពីរ​ដើម​នៅ​សងខាង​ផ្លូវ​ ព្រះមុនីវង្ស​ទល់មុខ​ភោជនីយដ្ឋាន​បុ​ទុមសមុទ្រ ស្ថិតនៅ​ក្បែរ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​បាក់​៣​កំណាត់​មួយ​ដើម និង​មួយ​ដើម​ទៀត​ទ្រេត​ចង់​ដល់​ដី ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ពីរ​គ្រឿង ផ្ទុក​លើស​ចំណុះ​សំពីងសំពោង ឆ្លងកាត់​ទាក់​ខ្សែកាប​អូស​បំបាក់​បង្គោល ភ្លើង​នេះ​កាលពី​វេលា​ម៉ោង ៤ ទៀប​ភ្លឺ ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៩ ។​

​រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង​ដែល​ជា​ដើមហេតុ​ទាក់​ខ្សែកាប​បំបាក់​បង្គោល​ ភ្លើង​ខាងលើនេះ បាន​បន្តដំណើរ​ទៅ​មុខ​គេច​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​មួយ​ដេញ តាម​ចាប់​ឃាត់​ទុកឲ្យ​សង​ការខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​នេះ​ឡើយ ។​

​សាក្សី​និយាយថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​ដឹក​ទំនិញ​សំពីងសំពោង​លើស​ ចំណុះ ធ្វើដំណើរ​ពី​រង្វង់​មូល​ស្តា​ត​ចាស់​មក​បណ្តោយ​ឲ្យ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ។​

​ពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​នោះ​បាន​ទាក់​ខ្សែកាប នៅ​កាត់​ទទឹង​ផ្លូវ​បណ្តាល​ឲ្យ​បង្គោល​ភ្លើង​នៅ​សងខាង​ផ្លូង​រាង​ទ្រេត​ បន្តិច ហើយ​រថយន្ត​ដឹកទំនិញ​នោះ​បាន​បន្ត ដំណើរ​ទៅមុខ​ទៀត ដោយ​ជ្រុះ​ប៊ីដុង​ជ័រ​ចំនួន​ពីរ​នៅ​កណ្តាល​ថ្នល់ ។​

​មួយសន្ទុះ​ក្រោយមក ក៏​មាន​រថយន្ត​ដឹកទំនិញ​សំពីងសំពោង​ដូចគ្នា​មួយទៀត មកដល់​ក៏​ទាក់​ខ្សែកាប​បន្ថែមទៀត បណ្តាល​ឲ្យ​ខ្សែ​កាបធ្លាក់​មក​ទើរ​លើ​រថយន្ត រីឯ​បង្គោល​ភ្លើង​ទាំង​សង ខាង​បាក់​មួយ​ដើម និង​រំលំ​ទ្រេត​មួយ​ដើម ។​

​ភ្លាម​នោះ​គេ​បាន​ឃើញ​ព្រូឡាន​បាននាំគ្នា​ខំប្រឹង​ព្យាយាម​លើក​ខ្សែកាប​ ចេញពី​រថយន្ត ទម្លាក់​មក​ផ្លូវថ្នល់ ហើយ​បន្តដំណើរ​ទៅមុខ​បាត់​ស្រមោល​ទៅ ។ រថយន្ត​ដឹកទំនិញ​ទាំង​ពីរ​គ្រឿង​ខាងលើ​នេះ សុទ្ធតែ​រថយន្ត​មាន​ស្លាក​លេខ​ត្រឹមត្រូវ ប៉ុន្តែ​អ្នក​ដែល​ឃើញ​ហេតុការណ៍ ពុំ​បាន​ចាប់អារម្មណ៍​កត់​ស្លាក​លេខ​រថយន្ត​នោះ​ទុក​ទេ ។​

​សាក្សី​បញ្ជាក់​ថា បើ​ចង់​ដឹង​ថា​រថយន្ត​ដឹក​ទំនិញ​ពីរ​គ្រឿង​នោះ​ពាក់​ស្លាក​លេខ​ប៉ុន្មាន ឬក៏​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ណា​មួយ​នោះ មិន​ពិបាក​រក​ទេ ព្រោះ​ប៉ូលិស​ចរាចរណ៍​ដែល​ឈរជើង នៅ​រង្វង់​មូល​ស្តា​ត​ចាស់​ស្គាល់​ច្បាស់លាស់ ព្រោះ​រាល់​ពេល​រថយន្ត​ដឹក​ទំនិញ​ទាំងអស់នេះ​មកដល់ គឺ​ត្រូវ​ឈប់​បង់ថ្លៃ​គុយទាវ​កាហ្វេ ឲ្យ​ប៉ូលិស​ឈរជើង​នៅ​ទីនោះ ហើយ​ទើប​បន្ត​ដំណើរ​មក​មុខ​ទៀត ៕

No comments: