Saturday, September 12, 2009

អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​សម្ដែង​ការ​បារម្ភ​ខណៈ​ដែល​អាជ្ញាធរ​ចាត់​វិធានការ

2009-09-10

ប្រជា ​ពលរដ្ឋ​ដែល​កំពុង​លក់​បាយ​នៅ​តាម​ចិញ្ចើម​ផ្លូវ​នានា​ក្នុង​ទីក្រុង​ ភ្នំពេញ កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​មុខ​របរ​របស់​ពួក​គាត់ ដោយ​ពួក​គាត់​អះអាង​ថា មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ បាន​បណ្តេញ​ឲ្យ​ពួក​គាត់​ឈប់​លក់​ដូរ​លើ​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​ទៀត​ហើយ។

RFA/Sophorn

អ្នក​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​របស់​អាជ្ញាធរ​ក្រុង​។ រូប​ថត​ថ្ងៃ​០៤ កញ្ញា ២០០៩។

ស្រ្តី​វ័យ ៦០​ឆ្នាំ​ម្នាក់ ឈ្មោះ ស ម៉ៃ មាន​ហាង​លក់​បាយ​តូច​ល្មម ដែល​មាន​តែ​ដំបូល​ប្រក់​តង់​មាន​ទី​តាំង​ក្បែរ​រដ្ឋ​សភា​ចាស់​នៅ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​២៤០ ក្នុង​រាជ​ធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា អ្នកស្រី​លក់​បាយ​នៅ​តាម​ដង​ផ្លូវ​នេះ​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ ដោយ​អ្នកស្រី​មាន​តែ​មុខ​របរ​មួយ​នេះ ដើម្បី​ចិញ្ចឹម​កូនៗ​នៅ​ក្នុង​បន្ទុក​ទាំង​៥​នាក់​រហូត​មក ៖ «ទី​១ ឈ្នួល​ផ្ទះ មួយ​ខែ ១៥០ គ្រាន់​តែ​ផ្ទះ​ស្នាក់​នៅ ហើយ​កូន​រៀន។ អត់​មាន​មុខ​របរ​អី​ផ្សេង​ទេ មាន​តែ​វិល​ទៅ​ស្រុក​ទៅ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ»

អ្នកស្រី ចាន់ ហៀង ដែល​កំពុង​លក់​ម្ហូប​មួយ​គ្រែ​តូច​នៅ​តាម​ចិញ្ចើម​ផ្លូវ​លេខ​១៤៦ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ បាន​សម្ដែង​កង្វល់​ថា បើ​អ្នកស្រី​បាត់​បង់​មុខ​របប​នេះ កូនៗ​ទាំង​៣​នាក់​របស់​អ្នកស្រី​ក៏​បាត់បង់​ការ​សិក្សា​ដែរ ព្រោះ​ក្រៅ​ពី​លក់​ដូរ​ម្ហូប​នៅ​ទីនេះ អ្នកស្រី​គ្មាន​កន្លែង​ផ្សេង​ដើម្បី​លក់​ឡើយ។

អ្នកស្រី ចាន់ ហៀង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «អត់​ឲ្យ​លក់​ព្រួយ​បារម្ភ ព្រោះ​អី​យើង​លក់​គ្រាន់​បាន​ចិញ្ចឹម​កូន​រៀន​កូន​អី យើង​បាន​កូន​រៀន​នៅ​ក្នុង​ហ្នឹង»

ឯ​ស្ត្រី​ម្នាក់​ទៀត​ដែល​កំពុង​លក់​បាយ​មួយ​ឆ្នាំង​ធំ​នៅ​តាម​ចិញ្ចើម​ ផ្លូវ​លេខ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​១ បាន​លើក​ឡើង​ថា អ្នកស្រី​លក់​បាយ​ក្នុង​១​ថ្ងៃ​អស់​២០​គីឡូ​អង្ករ អ្នកស្រី​អាច​ចិញ្ចឹម​កូនៗ​ទាំង​១០​នាក់​ក្នុង​បន្ទុក​បាន។ ប៉ុន្តែ​បើ​រដ្ឋ​អំណាច​ឈប់​ឲ្យ​លក់​ដូរ​នៅ​ទី​នេះ កូនៗ​របស់​អ្នកស្រី​ពិត​ជា​ដាច់​ពោះ​ស្លាប់​ហើយ ៖ «បើ​សិន​ជា​អត់​ខ្ញុំ​មួយ​ទៅ មាន​អ្នក​ណា​រក​ស៊ី​ចិញ្ចឹម បើ​ខ្ញុំ​អ្នក​មេ​គ្រួសារ រក​ចិញ្ចឹម​កូន»

ក្រៅ​ពី​ការ​ត្អូញត្អែរ​របស់​អ្នក​លក់​ដូរ អតិថិជន​ដែល​កំពុង​អង្គុយ​ទទួល​ទាន​បាយ​នៅ​ក្នុង​តូប​លក់​បាយ​មួយ​តាម​ ចិញ្ចើម​ផ្លូវ​លេខ​៣៣៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ លោក សំ បូ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា លោក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​កប៉ាល់ លោក​មក​ទទួល​ទាន​បាយ​នៅ​តាម​ដង​ផ្លូវ​បែប​នេះ ព្រោះ​គាត់​ចំណាយ​តែ​៤​ពាន់​រៀល​អាច​ហូប​បាយ​បាន​មួយ​ចំអែត ហើយ​គាត់​អាច​សន្សំ​លុយ​បាន​ខ្លះ​សម្រាប់​ការ​សិក្សា​របស់​កូនៗ។

លោក សំ បូ ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ហូប​នៅ​ហាង​ធំៗ វា​ថ្លៃ ហើយ​អស់​លុយ​ច្រើន ឥឡូវ​យើង​សន្សំ​សំចៃ​ទៀត ពិបាក​រក​លុយ​ដែរ​ឥឡូវ»

ចំណែក​ឯ​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​ឌុប ដែល​កំពុង​ទទួល​ទាន​អាហារ​នៅ​កន្លែង​លក់​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ក្បែរ​ រដ្ឋ​សភា​ចាស់ ឈ្មោះ សុ ភា បាន​និយាយ​ថា បើ​កន្លែង​លក់​បាយ​តូចៗ​តាម​ចិញ្ចើម​ផ្លូវ​ត្រូវ​បញ្ឈប់​នោះ ពួក​គាត់​អ្នក​រត់​ម៉ូតូ​ឌុប​ពិត​ជា​ពិបាក​ក្នុង​ការ​ទិញ​បាយ​ហូប ព្រោះ​ពួក​គាត់​រត់​ម៉ូតូ​ឌុប​អាច​រក​លុយ​បាន​តែ​១​ម៉ឺន​ក្នុង​១​ថ្ងៃ ហើយ​ហ៊ាន​ហូប​បាយ​តម្លៃ​តែ ២ ទៅ ៣​ពាន់​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល មិន​អាច​ចូល​ហាង​ធំៗ​បាន​ទេ ដូច្នេះ​ពួក​គាត់​ក៏​ប្រឈម​មុខ​ក្នុង​ការ​ចំណាយ​លើ​ថ្លៃ​បាយ​នេះ​ដែរ ៖ «ម្នាក់​ឯង ៣.០០០​អស់​ហើយ។ មួយ​ថ្ងៃ​រត់​ម៉ូតូ​បាន​សល់ ១​ម៉ឺន​ជាង ជួន​ណា​អត់​បាន​មួយ​ម៉ឺន​ផង»

ជាង​ជួស​ជុល​ម៉ូតូ​ម្នាក់​បាន​លើក​ឡើង​ថា ការ​លក់​ដូរ​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ​ជា​ការ​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋ​ ដែល​រក​ចំណូល​បាន​តិច​តួច​ដូច​រូប​លោក។ លោក​បន្ត​ថា ដោយសារ​តែ​ចំណូល​បាន​តិច​តួច ទើប​លោក​មិន​ហ៊ាន​ទៅ​ទទួល​ទាន​អាហារ​នៅ​ក្នុង​ហាង​ធំៗ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាង​លើ អភិបាល​រង​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉ាន់ ឈឿន មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រៀបចំ​ទីក្រុង​ភ្នំពេញ​ឲ្យ​មាន​សោភ័ណ​ភាព​ដើម្បី​ទាក់​ទាញ​ភ្ញៀវ ​ទេសចរណ៍​ឲ្យ​បាន​ច្រើន ម្យ៉ាង​វិញ​ទៀត ពួក​គាត់​លក់​ដូរ​ទាំង​នោះ​គឺ​ខុស​ច្បាប់។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​រៀបចំ​នេះ​នឹង​ធ្វើ​សន្សឹមៗ​ដើម្បី​ទុក​ពេល​ឲ្យ​អ្នក​លក់​ដូរ​នៅ​លើ​ ចិញ្ចើម​ផ្លូវ​ទាំង​នោះ​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​រក​ទីតាំង​លក់​ ដូរ​ថ្មី។

លោក ម៉ាន់ ឈឿន ថ្លែង​យ៉ាង​ដូច្នេះ ៖ «យើង​ធ្វើ​គឺ​ត្រូវ​តែ​ធ្វើ​ហើយ ប៉ុន្តែ​យើង​ធ្វើ​ដូច​ភ្លៀង​រលឹម​អ៊ីចឹង បន្តិច​ម្ដងៗ កាន់​តែ​យូរ​ទៅ ប្រជា​ពលរដ្ឋ​កាន់​តែ​យល់​ទៅ ថា​កន្លែង​នេះ​គួរ​លក់​អី កន្លែង​នោះ​គួរ​លក់​អី យើង​មិន​ធ្វើ​ឆុង​ឆាំង​ទេ។ ធ្វើ​នេះ​មិន​មែន​ធ្វើ​តែ​មួយ​មុខ​ទេ អ្វី​ទាំង​អស់ ទីក្រុង​ក៏​ស្អាត សុវត្ថិភាព​ក៏​មាន បរិស្ថាន​ក៏​ល្អ»

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សម​រង្ស៊ី​បាន​លើក​ឡើង​ថា ការ​បណ្តេញ​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ទៅៗ ព្រោះ​អ្នក​លក់​រាប់​ពាន់​នាក់​នឹង​បាត់​បង់​មុខ​របរ ហើយ​កម្មករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​ធាក់​ស៊ីក្លូ​រាប់​ម៉ឺន​នាក់​ត្រូវ​បន្ថែម​ចំណាយ​លើ​ម្ហូប​អាហារ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​យល់​ឃើញ​ថា គួរ​តែ​រក្សា​សិទ្ធិ​របស់​ពួក​គាត់ ឲ្យ​គាត់​រក​ទទួល​ទាន​តាម​លទ្ធភាព​របស់​គាត់ ហើយ​សាលាក្រុង​មិន​សូវ​គាប​សង្កត់​គាត់ មិន​ត្រូវ​គាប​សង្កត់​អ្នក​ក្រីក្រ អ្នក​លក់​ដូរ​តូច​តាច អ្នក​ក្រីក្រ​ដែល​រក​ទិញ​អីវ៉ាន់ ទិញ​ម្ហូប​អាហារ​ពី​អ្នក​លក់​ដូរ​តូច​តាច​ទេ ព្រោះ​នេះ​ជា​តួនាទី​របស់​រដ្ឋាភិបាល រដ្ឋាភិបាល​ត្រូវ​តែ​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ ការងារ​សមរម្យ​ឲ្យ​សមរម្យ​គ្រប់​គ្នា ត្រូវ​តែ​លោក​តម្កើង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ។ តែ​ឥឡូវ​ការងារ​ក៏​ខ្វះ ជីវភាព​ក៏​ខ្វះ ដូច្នេះ​ត្រូវ​អនុញ្ញាត​ឲ្យ​បង​ប្អូន​យើង​ដែល​គ្នា​រក​ទទួល​ទាន​បន្តិច​ បន្តួច​ឲ្យ​បន្ត​មុខ​របរ​របស់​ពួក​គាត់​ទៅ»

អានបនែ្ដម

No comments: