គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកំពុងក្លាយជាសោកនាដកម្ម និងមហន្តរាយប៉ះពាល់យ៉ាងខ្លាំងដល់ អាយុជីវិត មនុស្សដែលសព្វថ្ងៃគេជឿថា វិនសកម្មនេះខ្លាំងជាងគ្រោះថ្នាក់ដោយសារមីន និងជំងឺអេដស៍ ទៅទៀត ។ ហេតុនេះទើបយុទ្ធនាការពង្រឹងការគោរពអនុវត្តច្បាប់ត្រូវបានធ្វើឡើងនៅគ្រប់ទីកន្លែងដើម្បី កាត់បន្ថយគ្រោះថ្នាក់នេះរួមមានទាំងឲ្យក្រុមយុវជនកាកបាទក្រហមក្មេងៗចូលរួមផង ដើម្បីបង្ហាញនិង បង្រៀនចាស់មួយចំនួនដែលធ្វើពើឬមិនគោរពច្បាប់ ។ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០០៩ នៅតាមផ្លូវកែងស្តុបទាំងអស់នៅរាជធានីភ្នំពេញ មានវត្តមាន យុវសិស្ស យុវជនកាកបាទក្រហមជាច្រើននាក់ ចាប់ពី៨-១០នាក់ ក្នុងមួយកន្លែងដើម្បីលើក ផ្ទាំងរូបភាពអប់រំពីការប្រើមួកសុវត្ថិភាព កាន់ទង់សញ្ញាមានឡូហ្គោកាកបាទក្រហម ចង្អុលបង្ហាញតាម ភ្លើងស្តុប និងគំនូសសញ្ញាចរាចរណ៍ ព្រមទាំងណែនាំ តាមឧគ្ឃោសនសព្ទ បំពងសំឡេងបន្ថែមទៀតផង ។ ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម បាននិយាយថា ក្រុមពួកគេបានដាក់ពង្រាយនៅតាមផ្លូវ ប្រសព្វគ្នា ដោយមានភ្លើងសញ្ញាចរាចរណ៍គ្រប់ជ្រុងផង ដូចេ្នះដើម្បីជួយបង្ហាញ និងអំពាវនាវឲ្យមានការ យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ចរាចរណ៍ ដូចជាពាក់មួយសុវត្ថិភាព គោរពភ្លើង និងគំនូសសញ្ញា ចរាចរណ៍ ឲ្យបានត្រឹមត្រូវ ។ ពួកគេមកពីតាមវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ ហើយមកជួយសង្គម ក្នុងពេលទំនេរពីការសិក្សា គឺថ្ងៃអាទិត្យ ។ បើតាមក្រុមយុវជនស្ម័គ្រចិត្ត នៅចំណុចកែងស្តុបសន្ធរម៉ុក បាននិយាយថា អ្នកបើកបរ ម្ចាស់យាន យន្តមានការគោរពច្បាប់ច្រើន បើប្រៀបធៀបនឹងពេលមុន។ ទោះបីយ៉ាងណាពួកគេបន្ថែមថា ទាល់តែ ប៉ូលិសឈរក្បែរផង ទើបគេខ្លាច បើគ្មានវត្តមានប៉ូលិសទេ អ្នកបើកបរខ្លះហាក់ព្រងើយកន្តើយ ហើយរឹង រូសមិនព្រមគោរពច្បាប់ ក្នុងនោះក៏មានក្រុមមនុស្សចាស់ៗមួយចំនួនដែរ ។ លោក សុខ ជា អាយុ៣៩ឆ្នាំ អ្នកបើកបរម៉ូតូនិយាយថា ឥឡូវដល់ពេលក្មេងៗបង្រៀនចាស់ៗខ្លះ ហើយ ព្រោះចាស់ៗមួយចំនួននៅតែប្រកាន់គំនិតចាស់គំរឹល មើលស្រាលក្មេងស្រករក្រោយតាមរយៈ “ខ្ញីចាស់កាន់តែហឹរ” ឯក្មេងៗប្រកាន់ទស្សនៈ “រលកក្រោយច្រានរលកមុន” ។ បើតាមលោក សូវ័ន ជាគ្រូបង្រៀនម្នាក់និយាយថា កន្លងមកអ្នកបើកបរយានយន្តតែងធ្វើតាម ទម្លាប់ តាមឱកាស ហើយទុកច្បាប់នៅកៀនជញ្ជាំង ។ ឥឡូវគួរនាំគ្នាគោរពច្បាប់ទាំងអស់គ្នាហើយ ព្រោះ ការគោរពច្បាប់ នាំឲ្យមនុស្សមានភាពថ្លៃថ្នូរ មានកិត្តិយស និងបង្កើតភាពសុខដុមរមនាក្នុងសង្គមផង ។ លោកបញ្ជាក់ថា ដូចជាការពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកបរ ទោចក្រយានគឺចាំបាច់ណាស់ ដើម្បីការពារជីវិតខ្លួន ។ ជេគីចាន់ ហៅយិនឡុង តារាល្បីនៅហូលីវូដ បានថតស្ព៉តផ្សាយឲ្យពាក់មួក សុវត្ថិភាព យុវនិស្សិត សារិន អាយុ២៥ឆ្នាំ បានរួចផុតជីវិតពីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង២១ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០០៩ ដោយសារមួកសុវត្ថិភាព ។ល។ បើតាមប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះ ប្រាប់ “ខ្មែស្ថាបនា”ថា ពួកគេមិនចង់ឈរតាមដងផ្លូវ ទេ តែដើម្បីពង្រឹងច្បាប់ចរាចរណ៍ និងការគោរបញ្ជាថ្នាក់លើ ពួកគេត្រូវបង្ខំចិត្ត ។ ទោះយ៉ាងណានៅពេល សាធារណជនមានមនសិការភ្ញាក់រលឹកគោរពច្បាប់ទាំងអស់គ្នា ក្រុមប៉ូលិសអស់ការងារធ្វើហើយ ។ ប្រភពពីនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងក្នុងរយៈ ពេល១០ឆ្នាំចុងក្រោយនេះ ។ ឆ្នាំ១៩៩៧ គ្រោះថ្នាក់កើតឡើង៤២៩លើក ស្លាប់៨៣នាក់ របួស៣៣៥នាក់ ឆ្នាំ២០០១ គ្រោះថ្នាក់ កើតឡើង២៦៩៩លើក ស្លាប់៤៥៩នាក់ របួស៤១៨៤នាក់ ឆ្នាំ២០០៧ គ្រោះថ្នាក់ កើតឡើង៩៤៤៩លើក ស្លាប់១៥៤៥នាក់ របួសស្រាល៩៧៩៤នាក់ ធ្ងន់៧៨៦១នាក់ ៕ |
No comments:
Post a Comment