Monday, September 21, 2009

ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ កុំ​បើក​បរ​នៅ​ពេល​ស្រវឹង

ដោយ លី ម៉េងហួរ


កុំ ​បើកបរ​នៅ​ពេល​ស្រវឹង គឺ​ជា​សារ​អប់រំ ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ទាំង​អង្គការ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍ បាន​លើក​ឡើង​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ។ ជាមួយ​នឹង​សារ​អប់រំ​នេះ ក៏​មាន​សេចក្តី​អំពាវនាវ​ដល់​សាធារណជន ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ធ្វើ​ដំណើរ។

សារ​អប់​រំ​សុវត្ថិភាព​ចរាចរណ៍​ត្រូវ​បានលើក​ឡើង​នៅ​ពេល​បុណ្យ​ភ្ជុំ​បិណ្ឌ(រូបថត ៖ សុវណ្ណារ៉ា)


សេចក្តី ​អំពាវនាវ​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ជូន​ដំណឹង​ដល់​សាធារណជន​ថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០០៩​នេះ ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ និង​ជា​រយៈពេល ដែល​មាន​ការ​ធ្វើ​ដំណើរ​ច្រើន​ ខុស​ថ្ងៃ​ធម្មតា។ ដូច្នេះ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​ទាំងអស់​ ត្រូវ​បើក​បរ​ដោយ​ស្មារតី​​ប្រុងប្រយ័ត្ន​ជានិច្ច​ និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត។

សេចក្តី ​ប្រកាស​បាន​បញ្ជាក់​ថា អ្នក​បើក​បរ​ត្រូវ​អនុវត្ត​តាម​ពាក្យ​ស្លោក “បើកបរ​កុំ​ផឹក​គ្រឿង​​ស្រវឹង និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍”។ ក្នុង​ពេល​បើកបរ ក៏ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌​ និង​អធ្យាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក។ អ្នក​បើក​ទោចក្រយានយន្ត​ ម៉ូតូ រ៉ឺម៉ក ត្រូវ​ពាក់​មួក​ការពារ រីឯ​អ្នក​បើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព។

សេចក្តី ​ណែនាំ​ក៏​បាន​ហាម​រថយន្ត​ឈ្នួល ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ និង​ហាម​ផ្ទុក​អ្នក​ដំណើរ​លើ​ដំបូល​ដែល​ជា​ហេតុ​បណ្តាល​អោយ​មាន​គ្រោះថ្នាក់ ​ចរាចរណ៍​​ជាយថាហេតុ។

ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​​ច្រើន​ខុស​ថ្ងៃ​ធម្មតា​ ពិសេស​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ ទៅ​កាន់​ស្រុក​កំណើត។ រៀងរាល់​ឆ្នាំ ​​តែង​មាន​គ្រោះថ្នាក់​កើត​ឡើង​ ជាពិសេស​ អ្នក​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​បើក​បរ​ពេល​ស្រវឹង ដោយ​សារ​បុណ្យភ្ជុំ ប្រជាជន​ខ្មែរ មាន​ទម្លាប់​ជួបជុំ​មិត្តភក្តិ បងប្អូន និង​សេព​គ្រឿង​ស្រវឹង។​


ការ​ផ្ទុក​អ្នក​ដំណើរ​លើស​ចំណុះ​ក៏​ជា​មូល​ហេតុ​មួយ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ
(រូបថត ៖ សុវណ្ណារ៉ា)​

របាយការណ៍ ​បង្ហាញ​ថា ក្នុង​រយៈពេល​៥​ថ្ងៃ​ អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​​ កាលពី​ឆ្នាំ​មុន មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​ចំនួន ២៨ ​នាក់ និង​របួស​ធ្ងន់​ចំនួន ១១៧​នាក់។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន បង្ក​ពី​ការ​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ ពិសេស​អ្នក​បើកបរ​លឿន​ហួស​កំណត់ និង​ស្រវឹង។

លោក មាស ច័ន្ទឌី អ្នក​សម្របសម្រួល​គម្រោង​សុវត្ថិភាព​ចរាចរណ៍ របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​ប៊ែលហ្សិក បាន​កត់​សម្គាល់​ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ មនុស្សម្នា​ធ្វើ​ដំណើរ​ច្រើន និង​មាន​ការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង។ ចំណែក​រថយន្ត​ឈ្នួល ក៏​ផ្ទុក​លើស​ចំណុះ ដែល​បង្ក​ជា​គ្រោះថ្នាក់៕

No comments: