Friday, February 12, 2010

គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ធ្លាក់​ចូល​ក្រោម​ស្ពាន អ្នក​សន្លប់​នៅ​រស់ ឯ​អ្នក​មិន​សន្លប់​បែរជា​ស្លាប់

កោះជ័យ,
ខេត្ដរតនគិរី ៖ ហេតុការណ៍​ជិះ​ម៉ូតូ​ធ្លាក់​ស្ពាន​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ ដែល​បណ្ដាល​ឱ្យ​បុរសម្នាក់​រង​របួស​បាក់ដៃ និង​បែកក្បាល ដេក​សន្លប់​ស្ដូកស្ដឹង និង​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ជាមួយមិន​មាន​រង​របួស​ទេ ពេល​កើតហេតុ​នោះ និង​បាន​ជួយ​នាំ​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ​ថែមទៀត ប៉ុន្ដែ​រំលង​បាន​១​ថ្ងៃក្រោយ ស្រាប់តែអ្នក​មិនឃើញ​មាន​រង​របួស​អ្វី​ធំដុំ​នោះ​បែរជា​ក្អួត​ធ្លាក់ឈាម​ ស្លាប់​ក្នុង​ពេល​គ្រូពេទ្យ​លើកដាក់​លើ​តុ​បំរុង​ធ្វើការ​វះកាត់​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្ដ ។

ទាក់ទិន​នឹង​គ្រោះថ្នាក់​គួរ​ឱ្យ​កត់សំគាល់នេះ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​ រាយការណ៍​ឱ្យ​ដឹងថា កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ កុម្ភៈ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌ស្លែ ពាក់​ស្លាក​លេខ​ភ​.៥៤២៧ ភព​២ បើកបរដោយ​ឈ្មោះ​ឃុន តំបន់ ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជា​ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​តា​អង​២ ឃុំតា​អង ស្រុក​កូន​មុំ បាន​ឌុ​ប​ឈ្មោះ​ឃុ​ត ដេ​ត អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ខ្មែរ រស់នៅ​ក្នុង ភូមិ​តា​អង​ដូច​គ្នា ។

ការ​ជិះ​ម៉ូតូឌុប​គ្នា​នោះ ចេញពី​ក្រុង​បាន​លុង​ទៅ​ផ្ទះ តែ​ការ​បើកបរ បាន​ជួប​បញ្ហា ខណៈ​ពេល​ម៉ូតូ​បោះពួយ​ខុសស្ពាន​ធ្លាក់​ចូល​ស្នាមភ្លោះ​នៅ​ចំណុច​ ទល់មុខពន្ធនាគារ​ភ្នំ​ស្វាយ ព្រំប្រទល់​សង្កាត់​ឡា​បានសៀ​ក និង​សង្កាត់​កាចា​ញ បណ្ដាល​ឱ្យ​អ្នក បើកបរ​ជនជាតិ​គ្រឹ​ង​រង​របួសធ្ងន់​បាក់ដៃ​ម្ខាង និង​បែកក្បាល​សន្លប់​ពុំ​ដឹងខ្លួន ឯ​ម្នាក់​ទៀត ជា​អ្នក​ជិះ​ពីក្រោយ​មិន​មាន​រង​របួស​ទេ ។

ក្នុងពេល​កើតហេតុ​អ្នក​មិន​រង​របួស​បាន​ដើរ​ចុះ ទៅ​លើក​ម៉ូតូ និង​ជួយ​លើក​អ្នក​របួស​ដាក់​រថយន្ដ​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ដ​ទៀត​ផង ។

អ្នក​ឃើញ​ហេតុការណ៍​រូប​នោះ​បាន​បន្ដទៀត​ថា ក្នុង​ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ឃើញ កំលាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ ទូរស័ព្ទ​ហៅ​រថយន្ដ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ទៅ​ដឹក​អ្នក​រង​របួស ​ទៅ​សង្គ្រោះ​។ ក្រុមគ្រួសារ​អ្នក​រង​គ្រោះ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែ កុម្ភៈ ម៉ោង​៦​ល្ងាច បែរជា​ស្លាប់​អ្នក​ដែលមើល​ពុំ​ឃើញ​ថា មាន​របួស​ទៅ​វិញ ។ មានការ​កត់​សំគាល់ថា ក្នុង​ពេល​កើតហេតុ​នោះ អ្នក​ដែល​ស្លាប់​បាន​និយាយ​ប្រាប់​គេឯង​ថា វិលមុខ លុះដល់​មន្ទីរពេទ្យ បន្ទាប់​ពី​ពិនិត្យរួច​មក​គ្រូពេទ្យ​ប្រាប់​ថា មាន​ឈាមកក​ក្នុងខ្លួន ហើយ​ក៏​ចាប់ផ្ដើម​ចុក​អួល​ៗ និង​នោមលែង​ចេញ ។ រោគ​សញា​នេះ​លោកគ្រូ​ពេទ្យដឹង​ច្បាស់​ថាធ្ងន់ធ្ងរ​ ក៏​រៀបចំ​ការ​វះកាត់ ស្រាប់តែ​បុរស​រូប​នោះ​ក្អួត​ឈាម ហើយ​ស្លាប់តែ​ម្ដង ។

សព​ត្រូវ​បញ្ជូន​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​កាចាញ ឯ​អ្នក​របួស​បាក់ដៃ បែកក្បាល សន្លប់ពេល​កើតហេតុ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ការ​ជិះ​ម៉ូតូ​ខុស​ស្ពាន​នេះ​មតិ​ខ្លះ​បាន រិះគន់​ចំពោះ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវជាតិ​លេខ ៧៨​អា ដែល​ឈូស​ឆាយ​ចាក់​ដី​ពង្រីក​កន្លងមក​ពុំដែល​បាន​ដាក់​ស្លាក​សញា​អ្វី​ទេ ហើយតែងតែ​កើត​មាន​គ្រោះថ្នាក់​ជា​រឿយ​ៗ​។ ជាក់ស្ដែង​កំណាត់​ផ្លូវ​ចាប់ពី​ស្រុក​ប​កែវ​ដល់​ព្រំដែន​វៀតណាម​ត្រូវ​ ខូចខាត​ស្ទើរ​ទាំងស្រុង​មិនទាន់​ទាំង​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផង និង​ទើបតែ​ជួសជុល​ឡើង​វិញ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ ។ ផ្លូវ​ដែល​ខូច​គឺជា​បន្ទុក​លើ​អ្នក ដែល​ទទួល​គ្រប់គ្រង​ពិនិត្យ​គុណភាព​ផ្លូវ​នេះដែរ ៕

No comments: