វិទ្យុអាស៊ីសេរី
មន្រ្តីទទួលបន្ទុកសណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឲ្យដឹងនៅថ្ងៃ១៧ កុម្ភៈថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមកន្លងទៅនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២៧ករណី ដែលបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៣១នាក់និងរបួស២៦២នាក់។
លោកវរសេនីយ៍ត្រី សុខ ណុប អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃនាយកដ្ឋានសណ្តាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិបានមានប្រសាសន៍ថា ក្នុងឱកាសចូលឆ្នាំចិន-វៀតណាមរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១២៧ករណី ស្លាប់៣១នាក់ ក្នុងនោះមានស្រ្តី១១នាក់។
លោក សុខ ណុប បានឲ្យដឹងដូច្នេះថា ៖ «ខេត្តដែលមានគ្រោះថ្នាក់ចំនួនច្រើនជាងគេនោះគឺមានខេត្តកណ្ដាល កំពង់ចាម កោះកុង និងរាជធានីភ្នំពេញយើងនេះ»។
លោកវរសេនីយ៍ត្រី សុខ ណុប បានឲ្យដឹងទៀតថា ចំពោះអ្នករបួសធ្ងន់មានចំនួន១៣៥នាក់ ស្រី២៤នាក់ ហើយអ្នករបួសស្រាល១២៧នាក់ ក្នុងនោះស្រ្តី៣២នាក់។ លោកបានអះអាងថា បញ្ហាចម្បងដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារតែអ្នកបើកបរក្នុងល្បឿនលឿន មិនគោរពអាទិភាពនៃការបើកបរនិងបើកបរក្នុងពេលស្រវឹង។
លោក សុខ ណុប ឲ្យដឹងបន្តដូច្នេះ ៖ «ការប្រើប្រាស់ល្បឿនលឿនមាន ចំនួន៥៣ករណី ហើយក្នុងនោះមិនគោរពសិទ្ធិអាទិភាពមានចំនួន២០ បើកបរក្នុងពេលស្រវឹងមានចំនួន១៩ករណី»។
ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញ លោក ហេង ចាន់ធារី បានមានប្រសាសន៍ថា សម្រាប់នៅទីក្រុងភ្នំពេញ គ្រោះថ្នាក់ចរាចរណ៍នៅឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះមាន៨ករណី ស្លាប់២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០០៩ មាន១៦ករណីស្លាប់៦នាក់។
លោក ហេង ចាន់ធារី មានប្រសាសន៍ដូច្នេះ ៖ «កន្លងមកយើងគ្រោះ ថ្នាក់ម៉ូតូៗ បើសិនជាយើងបើកក្នុងល្បឿនដែលច្បាប់បានកំណត់៣៥ទៅ៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង បើសិនជាមានការគ្រោះថ្នាក់វាមិនដល់ស្លាប់ទេបើយើងពាក់មួក ការពារ ពីព្រោះកន្លងមកការគ្រោះថ្នាក់ភាគច្រើនគឺអត់ពាក់មួកតែម្ដង។ ហ្នឹងច្រើនតែពេលយប់»។
មន្រ្តីសុវត្ថិភាពចរាចរណ៍នៃអង្គការជនពិការអន្តរជាតិប៊ែលហ្ស៊ិក លោក មាស ចាន់ឌី បានអះអាងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានច្រើននេះ ដោយសារតែប្រជាពលរដ្ឋមានការយល់ដឹងអំពីច្បាប់ចរាចរណ៍នៅមានកម្រិត នៅឡើយ បើទោះបីជាប្រជាពលរដ្ឋមួយចំនួនបានអនុវត្តច្បាប់បានមួយចំនួនហើយ ក្តី។
លោក មាស់ ចាន់ឌី មានប្រសាសន៍ថា ៖ «បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ នៅតែជាបញ្ហាក្ដៅគគុក ដោយសារតែប្រជាជនយើងអ្នកប្រើប្រាស់ផ្លូវមួយចំនួនធំមិនទាន់ចូលរួម ក្នុងការអនុវត្តច្បាប់»។
លោកវរសេនីយ៍ត្រី សុខ ណុប បានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំចិន-វៀតណាមកន្លងផុតទៅថ្មីៗ នេះ បើប្រៀបធៀបរយៈពេល៤ថ្ងៃដូចគ្នាទៅនឹងឆ្នាំ២០០៩ មានការថយចុះចំនួន៣៩ករណី ប៉ុន្តែចំនួនមនុស្សស្លាប់មាន៣១នាក់ដូចគ្នា។
តាមរបាយការណ៍ពីប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៃឱកាសចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ ២០០៩កន្លងទៅ ក្នុងរយៈពេល៧ថ្ងៃមានជនរងគ្រោះថ្នាក់ចរាចរណ៍សរុប៦១៦នាក់ ក្នុងនោះស្លាប់ចំនួន៤៣នាក់៕
No comments:
Post a Comment