Friday, February 19, 2010

សុនឆ័យ​ស្នើ​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កែ​លម្អ​ការងារ​ប៉ូលិស​ចរាចរណ៍

លោក សុន ឆ័យ តំណាង​រាស្រ្ត​​​គណបក្ស​សមរង្ស៊ី បាន​សរសេរ​លិខិត​មួយ​នៅ​ថ្ងៃ​១៦ កុម្ភៈ ជូន​លោក ស ខេង ឧប​នាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​កែ​លម្អ​​ការងារ​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក​ដែល​​លោក​មាន​ប្រសាសន៍​ ថា មាន​ចំនួន​យ៉ាង​​ច្រើន​ហើយ​បំពេញ​ការងារ​មិន​មាន​ប្រសិទ្ធភាព។

RFA/Touch Yuthea

តំណាង​រាស្រ្ដ​គណបក្ស​សមរង្ស៊ី លោក សុន ឆ័យ

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៦ កុម្ភៈ លោក សុន ឆ័យ បាន​សរសេរ​ទៀត​ថា មាន​ពេល​ខ្លះ​ប៉ូលិស​ចរាចរណ៍​មិន​បាន​ជួយ​សម្រួល​ការ​ធ្វើ​ចរាចរណ៍​របស់​ យានយន្ត​នានា​ទេ តែ​បែរ​ជា​បង្ក​ការ​កក​ស្ទះ​ទៅ​វិញ ហើយ​មាន​ពេល​ខ្លះ​បាន​សម្លុត​ទារ​លុយ​អ្នក​បើក​បរ​យានយន្ត​នានា​ទៅ​វិញ​ទៀត​ ផង។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​លិខិត​ផ្ញើ​ជូន​លោក​ឧប​នាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស ខេង ដូច្នេះ ៖ «យើង ​ឃើញ​សកម្មភាព​ក្រុម​កុងត្រូល​នគរបាល​ចរាចរណ៍​ហ្នឹង​គឺ​កើត​មាន​ច្រើន​ស្ទើរ ​គ្រប់​ទី​កន្លែង។ ពី​មុន​នាយករដ្ឋមន្រ្តី​ធ្លាប់​ប្រកាស​ម្ដង​ទៅ​ក៏​ស្ងាត់ ប៉ុន្តែ​ឥឡូវ​ហាក់​ដូច​ជា​លែង​ស្ដាប់​បង្គាប់​នរណា​ហើយ ហើយ​នាំ​គ្នា​បង្កើត​ក្រុម​ចល័ត​ក៏​មាន ក្រុម​កុងត្រូល​តាម​ផ្លូវ​ជាតិ តាម​ទីក្រុង​គ្រប់​ច្រកល្ហក ដើម្បី​ចាប់​រថយន្ត ចាប់​ម៉ូតូ ហើយ​ជំរិត​យក​កម្រៃ​ក្រៅ​ផ្លូវការ​ផ្ទាល់​ខ្លួន អត់​មាន​លិខិត​ស្នាម។ ផលិត​ផល​កសិកម្ម គ្រាន់​តែ​ដឹក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ហ្នឹង​តាម​ចាប់ ធ្វើ​ឲ្យ​ទំនិញ​មាន​តម្លៃ​ខ្ពស់​ហួសហេតុ​នៅ​ក្នុង​ទីផ្សារ​យើង ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​លំបាក​នេះ។ ភាព​អនាធិបតេយ្យ​នេះ​មាន​លក្ខណៈ​ខ្លះ​ដូច​ជា​ចោរ​ប្លន់​តែម្ដង»

No comments: