នេះជារឿងនិយាយពីកម្មពៀរ…
ខ្ញុំជិះម៉ូតូមកឈប់ត្រង់ភ្លើងស្តុប សម្លឹងទៅប៉ូលិសចរាចរណ៍ពីរនាក់ ដែលឃាត់យកលុយខ្ញុំកាលពីម្សិលមិញ ដោយចោទខ្ញុំថា ខ្ញុំជិះកាត់ភ្លើងក្រហម។
«ឆាប់យកកាតគ្រីម៉ូតូចេញមក៍!» ប៉ូលិសម្នាក់ពោលមកខ្ញុំ ទាំងដៃដកសោម៉ូតូខ្ញុំ។
«ខ្ញុំខុសអីបង?» ខ្ញុំសួរព្រោះឆ្ងល់មែន។
«អំមិញមិនឃើញភ្លើងក្រហមទេអ្ហេះ?»
«ទេ! ភ្លើងខៀវទេតើ បានជាខ្ញុំឆ្លង!»
«មិនបាច់និយាយច្រើនទេ ឆាប់យកកាតគ្រីចេញមក៍!»
«យកកាតគ្រីចេញមកធ្វើអី?»
«ម៉េច ម៉ូតូអត់មានកាតគ្រីទេ?»
«កាតគ្រីខ្ញុំនៅផ្ទះ មិនបានដាក់តាមខ្លួនទេ។»
«អ៊ីចឹងទៅយកមក៍!»
«ទៅយកមកធ្វើអី? ខ្ញុំមានខុសច្បាប់ចរាចរណ៍អី? អំមិញនេះខ្ញុំឆ្លងភ្លើងស្តុបដូចតែគេឯងដែរតើ។ ម៉េចក៏ឃាត់តែខ្ញុំម្នាក់?»
«តោះ ទៅនិយាយជាមួយគាត់ទៅ!» ប៉ូលិសនោះប្រាប់ខ្ញុំឲ្យទៅនិយាយជាមួយប៉ូលិសម្នាក់ទៀត ដែលឈរក្បែរម៉ូតូ ដៃកាន់ប៊ិកនិងសៀវភៅ។
«ឥឡូវចង់សម្រួលគ្នា ឬចង់ទៅរៀនច្បាប់ចរាចរណ៍?» ប៉ូលិសម្នាក់ទៀតនោះសួរខ្ញុំ។
«ប្រាកដជាចង់សម្រួលគ្នាហើយ!» ខ្ញុំតបភ្លាម។
«អ៊ីចឹងបង់ពីរម៉ឺនមក៍!»
«ពីរម៉ឺនស្អី? ក្រែងសម្រួលគ្នាអ្ហេះ? អំមិញខ្ញុំឆ្លងភ្លើងខៀវទេ ទាល់តែពួកបងឯងឃាត់ខ្ញុំ បានភ្លើងវាលោតទៅជាក្រហម។ ស្ដាប់បានទេ?»
«ម៉េចចង់ទៅរៀន? ខ្ញុំចុះឈ្មោះឲ្យទៅរៀន!»
«នែ បងនិយាយហេតុផលផង! ខ្ញុំប្រញាប់ទៅសម្ភាសការងារផងណា៎!»
«ទៅសម្ភាសអីសម្ភាសទៅ! បង់តែពីរម៉ឺនមក៍!»
«រឿងអីខ្ញុំត្រូវបង់ បើខ្ញុំអត់ខុសផង?»
«បើមិនព្រមបង់ ប្រាប់ឈ្មោះមក៍! ឈ្មោះអី?» ប៉ូលិសនោះនិយាយធ្វើទឹកមុខសឿងសម្បើមណាស់ «ផានកត់ឈ្មោះគេទៅ!»
ខ្ញុំខឹងឡើងញ័រដៃ ចង់តែដាល់មុខប៉ូលិសពីរនាក់ហ្នឹងឲ្យបាត់ញ័រ។ រីឯប៉ូលិសឈ្មោះផាននោះ ក៏និយាយប្រាប់ខ្ញុំតិចៗថា «ឥឡូវមានប៉ុន្មានសម្រួលឲ្យគាត់ទៅ!»
«សម្រួលស្អី? សម្រួលគេនិយាយហេតុផល តែបើបែបនេះគេហៅថាប្លន់ហើយ។»
«យី អាក្មេងឈ្លើយ! អ្ហែងចាំទៅមន្ទីរស្នងការឲ្យគេប្រដៅម្តងទៅ!» ជាសំឡេងប៉ូលិសដែលទារលុយខ្ញុំពីរម៉ឺននោះ។
ខ្ញុំឈរស្ងៀមអស់មួយស្របក់ ហើយឃើញប៉ូលិសពីរនាក់ហ្នឹង ព្រួតគ្នាស្ទាក់ម៉ូតូ ទារលុយអ្នកដំណើរអស់ជាច្រើននាក់។ អ្នកទាំងនោះ ខ្លះឲ្យប្រាក់ទៅពួកគេពីរម៉ឺនរៀល ខ្លះមួយម៉ឺនរៀល ខ្លះក៏ប្រាំពាន់រៀល។ ខ្ញុំក្ដៅក្នុងចិត្តផង អន្ទះសាផង ហើយយកទូរស័ព្ទមកមើលម៉ោង ក៏ដល់ម៉ោងគេសម្ភាសការងារទៅហើយ។ ដោយហេតុនេះខ្ញុំធ្វើខ្លាំងទៀតលែងបាន ក៏ដាច់ចិត្តដើរទៅសម្រួលដូចជាគេឯងដែរ។
ខ្ញុំនិយាយទៅកាន់ប៉ូលិសពីរនាក់នោះថា «ខ្ញុំមានតែប្រាំពាន់ទេ!» រួចខ្ញុំហុចប្រាក់ប៉ុណ្ណឹងឲ្យ ជាមួយនឹងសម្តី «ឲ្យខ្ញុំសុំសោម៉ូតូវិញមក៍!»
ប៉ូលិសផានរៀបនឹងហុចសោម៉ូតូឲ្យខ្ញុំទៅហើយ តែត្រូវម្នាក់ទៀតស្រែកមកថា «គ្មានរឿងប្រាំពាន់ឲ្យទៅទេ! អាក្មេងឈ្លើយបែបនេះ ពីរម៉ឺនមិនសមទទួលផង!»
ខ្ញុំខាំធ្មេញក្រឺត ទាំងនឹកស្ដាយដែលខំប្រាប់គេថា ខ្ញុំប្រញាប់ទៅសម្ភាសការងារ ធ្វើឲ្យគេរឹតតែធ្វើបាបខ្ញុំទៀត។ យ៉ាងណាកុំឲ្យរឿងមិនបានការនេះរំខានដល់កិច្ចការសំខាន់ ខ្ញុំក៏ថែមលុយប្រាំពាន់រៀលទៀតឱ្យទៅ។ ប៉ុន្តែប៉ូលិសនោះធ្វើឫកមិនព្រមងាកមើលប្រាក់របស់ខ្ញុំទេ ថែមទាំងបោះសម្ដីទាំងមុខក្រញ៉ូវថា «អាក្មេងដូចអ្ហែងនេះ ធ្វើស្រួលជាមួយនាំតែបានចិត្តតើ!»
បើទោះជាខឹងយ៉ាងណា ខ្ញុំត្រូវតែបង្ខំចិត្តខ្លួនឯង ដកលុយមួយម៉ឺនរៀលទៀតឱ្យពួកគេ ដើម្បីប្រញាប់ទៅសម្ភាសការងារ។ ខ្ញុំជិះម៉ូតូចេញទាំងចិត្តគុំប៉ូលិសពីរនាក់ហ្នឹង ឡើងហ៊ឹងពេញត្រចៀក។
លុះពេលដែលខ្ញុំទៅដល់ក្រុមហ៊ុនសម្ភាសការងារ ឈ្មោះរបស់ខ្ញុំត្រូវបានគេគូសអវត្តមានបាត់។ ទោះខ្ញុំអង្វរលើកហេតុផលយ៉ាងណា ក៏គេមិនអាចអនុគ្រោះឡើយ។ ការងារដែលខ្ញុំស្រមៃចង់ធ្វើជាយូរមកហើយ និងដែលប្រលងវិញ្ញាសាសរសេរជាប់ទៅហើយ គឺនៅសល់តែកិច្ចសម្ភាសចុងក្រោយនេះ ក៏ត្រូវរបូតផុតពីខ្ញុំទៅវិញ។
ខ្ញុំស្តាយការងារ ហើយនឹកខឹងអាប៉ូលិសចរាចរណ៍ពីរនាក់នោះរហូតដេកមិនលក់ពេញមួយយប់។ កំហុសគ្រប់យ៉ាងគឺមកពីអាប៉ូលិសចង្រៃពីរនាក់ហ្នឹង បើមិនសងសឹក គឺមិនគប្បីនឹងខ្លួនឯងនោះទេ។ ពួកវាធ្វើអាក្រក់ដាក់គេឯងជាយូរមកហើយ បើខ្ញុំអាចធ្វើបាបពួកវាបាន ប្រាកដជាមានគេអរគុណខ្ញុំទៀត។ ធ្វើអាក្រក់គង់តែមានកម្មពៀរទេ តែចាំទេវតាដាក់ទោស មិនដឹងជាថ្ងៃណា? គឺខ្ញុំនេះហើយជាទេវទូត ដែលគេចាត់ឲ្យមកដាក់ទោសមនុស្សអាក្រក់ជំនួសទេវតា។
គឺយ៉ាងនេះហើយ ទើបថ្ងៃនេះខ្ញុំមកឈប់ម៉ូតូនៅត្រង់ភ្លើងស្តុបនេះ។ ខ្ញុំឃើញប៉ូលិសពីរនាក់នោះកំពុងតែឃាត់ម៉ូតូគេ ទារលុយទៀតហើយ។ មិនអីទេ ចាំមើលខ្ញុំនឹងឲ្យឯងទារលុយខ្ញុំម្តងទៀត។ ភ្នែកខ្ញុំសម្លឹងមើលទៅលេខភ្លើងពណ៌ខៀវដែលកំពុងរត់ រង់ចាំពេលជិតដល់ភ្លើងខៀវលោតទៅជាក្រហម ខ្ញុំនឹងជិះទៅ។
ការរង់ចាំក្នុងរយៈពេលដ៏ខ្លីក៏បានមកដល់។ ខ្ញុំជិះម៉ូតូយឺតៗក្នុងបំណងឲ្យប៉ូលិសស្ទាក់។ ដូចគិតមែន គឺពួកវាដើរចេញមកទាំងពីរនាក់ ដោយធ្វើសញ្ញាឲ្យខ្ញុំឈប់ម៉ូតូ។ ដៃរបស់ខ្ញុំឡើងញ័រ តែវាជាឱកាសល្អមែនទែន។ ខ្ញុំក៏ធ្វើដូចជារកឈប់ រួចក៏ប្រមូលកម្លាំងមកបាតដៃ ហើយមួលហ្ការម៉ូតូមួយទំហឹង…
លើលោកនេះពិតជាមានកម្មពៀរមែន ហើយជាកម្មពៀរក្នុងជាតិនេះតែម្តង។ មានហេតុទើបមានផល។ រឿងហេតុនៅថ្ងៃដែលខ្ញុំបានរៀបរាប់មកនេះ គ្រាន់តែជាការផ្ដើមរឿងប៉ុណ្ណោះ ឯសាច់រឿងដ៏វែងឆ្ងាយទៀតគឺមិនទាន់ចប់នៅឡើយទេ។ មួយឆ្នាំក្រោយមក ហេតុការណ៍ដែលស្តាប់ទៅស្រដៀងនឹងរឿងកំប្លែងនេះ ក៏ក្លាយជារឿងដ៏សែនកម្សត់។
ថ្ងៃមួយពេលខ្ញុំជិះម៉ូតូទៅធ្វើការ ដោយមិនបានប្រយ័ត្នក៏បុកក្មេងលក់កាសែតម្នាក់ឲ្យដួលព្រូស។ កាសែតធ្លាក់ទៅលើដី រីឯក្មេងប្រុសនោះហាក់ស្រងល់ ហើយខំក្រោកឡើង។ ខ្ញុំដាក់ចន្ទល់ម៉ូតូ ជួយរើសប្រមូលកាសែតរបស់វាដែលជ្រុះរាត់រាយ រួចនាំវាដើរទៅចិញ្ចើមថ្នល់។ ខ្លួនខ្ញុំខណៈនោះពិតជាសយណាស់ តែបើរត់រករួចខ្លួន វាដូចជាអាក្រក់ពេក។
ខ្ញុំចាប់ដៃក្មេងនោះមកមើល ឃើញរលាត់ចេញឈាម ខ្ញុំក៏និយាយទៅវា «ឲ្យពូសុំទោស! ម៉ោះចាំពូជូនទៅមន្ទីរពេទ្យ។»
ក្មេងប្រុសនោះអាយុល្បាក់១០ឆ្នាំ ធ្វើទឹកមុខដូចជាចង់យំ ប៉ុន្តែវាមិនរករឿងខ្ញុំទេ ថែមទាំងប្រកែកថា «មិនអីទេ! ខ្ញុំត្រូវដើរលក់កាសែតបន្តទៀត!…»
ខ្ញុំក៏ប្រាប់វាថា «កុំភ័យ! ចាំពូជួយទិញឯងទាំងអស់។ ម៉ោះជិះម៉ូតូជាមួយពូទៅពេទ្យ!»
ក្មេងប្រុសរាងរារែក រួចទើបបន្លឺថា «បើទៅពេទ្យ ទៅពេទ្យប៉ាខ្ញុំតែម្តងទៅ!»
ខ្ញុំក៏ឌុបក្មេងនោះទៅ ដោយឲ្យវាបង្ហាញផ្លូវ។ នៅតាមផ្លូវ ខ្ញុំសួរវាថា «តើប៉ារបស់ឯងគឺជាគ្រូទេព្យហ្អេះ?»
«អត់ទេ ប៉ារបស់ខ្ញុំជាអ្នកជំងឺសម្រាន្តនៅមន្ទីរពេទ្យ។» ក្មេងប្រុសតប។
«គឺអ៊ីចឹងទេ! រួចចុះតើប៉ារបស់ឯង គាត់មានជំងឺស្អី?»
«គាត់កើតសរសៃប្រសាទ។ គាត់ភ្លេចពួកខ្ញុំ មិនចាំពួកខ្ញុំទេ ហើយពេលជំងឺរើឡើងម្តងៗ គាត់ស្រែកយំខ្លាំងៗ…»
ក្មេងតូចប៉ុណ្ណឹង ដោយសារតែមានឪពុកជាមនុស្សវិកលចរិត ទើបបណ្ដាលឲ្យវាដើរលក់កាសែតរកប្រាក់។ ខ្ញុំក៏សួរវាថា «ចុះរាល់ថ្ងៃតើអាអូនឯងមានទៅរៀនដែរទេ?»
«អត់ផង! ខ្ញុំដើរលក់កាសែត ទស្សនាវដ្តី ពេញមួយថ្ងៃហ្នឹង!»
«អ៊ីចឹងគ្រួសារឯងគ្មានមុខរបរទេហ្អេះ?»
«ម៉ែខ្ញុំគាត់ធ្វើនំដើរលក់ ហើយប្អូនស្រីខ្ញុំក៏ទូលនំលក់ដែរ។ ប្អូនខ្ញុំនិងខ្ញុំសុទ្ធតែអត់បានទៅរៀន ព្រោះត្រូវជួយរកលុយព្យាបាលជំងឺរបស់ប៉ា។»
សម្តីរបស់វាស្ទើរតែធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ គ្រួសារក្មេងនេះក្រដល់គ្មានឱកាសបានទៅរៀន។ ឪពុកជាបង្គោលគ្រួសារបែរជាមានជំងឺបែបនេះ តើជាកម្មពៀរឬអី? ខ្ញុំទន្ទេញក្នុងចិត្តថា តើធ្វើយ៉ាងម៉េចទើបអាចជួយគ្រួសារនេះបាន រួចខ្ញុំក៏សួរក្មេងប្រុសនោះថា «តើឯងចង់ទៅរៀនទេ?»
«ខ្ញុំចង់ណាស់ តែធ្វើម៉េចបើខ្ញុំត្រូវដើរលក់កាសែត…»
«ឯងអាចសុំម្តាយរបស់ឯងដើរលក់តែមួយពេល ហើយឆ្លៀតទៅសាលារៀនមួយពេលទៅ!»
«ពូមិនដឹងទេ! ព្រោះតែព្យាបាលជំងឺប៉ា ម៉ែខ្ញុំជំពាក់លុយគេច្រើនណាស់ ហើយឥឡូវនេះម៉ែខំរកលុយសងគេវិញផង និងបង់ថ្លៃពេទ្យឲ្យប៉ារាល់ខែផង។ ទោះជាឲ្យខ្ញុំទៅរៀន ក៏រៀនមិនចូលដែរ។»
ខ្ញុំដកដង្ហើមធំបន្ទាប់ពីស្តាប់ពាក្យរបស់វា ហើយខ្ញុំសួរវាទៀត «ចុះប្អូនស្រីរបស់ឯងអាយុប៉ុន្មានហើយ?»
«ប្អូនស្រីខ្ញុំមានពីរនាក់ ម្នាក់អាយុប្រាំបីឆ្នាំ ម្នាក់ទៀតទើបតែប្រាំមួយឆ្នាំទេ។»
«ប្អូនស្រីអាយុប្រាំមួយឆ្នាំហ្នឹងក៏ទូលនំលក់ដែរមែនទេ?»
«បាទ!»
រឿងរ៉ាវទាំងអស់នេះ ពេលបានដឹងហើយ ខ្ញុំតឹងណែនទ្រូងខ្លាំងណាស់។ តើខ្ញុំគួរតែទៅរកអង្គការ ឬក៏កន្លែងណាដែលអាចជួយគ្រួសារក្មេងប្រុសនេះ ឬក៏យ៉ាងម៉េច? អាណិតអនាគតក្មេង បើមិនបានចូលសាលាអ៊ីចឹង តើដល់ធំឡើងពួកវារស់នៅដោយរបៀបណា?
«ខ្ញុំក៏ធ្លាប់ចូលរៀនដល់ថ្នាក់ទី៣ដែរ។ បើកុំតែប៉ាខ្ញុំឈឺ គ្រួសាររបស់ខ្ញុំមិនវេទនាទេ ហើយបងប្អូនខ្ញុំក៏អាចទៅរៀនបានដែរ។» ក្មេងប្រុសប្រាប់ខ្ញុំដោយសំឡេងតូចចិត្ត។
«ហេតុអីក៏ប៉ារបស់ឯងឈឺអ៊ីចឹង?»
«គាត់ត្រូវម៉ូតូបុក…»
ខ្ញុំនឹកថា តើអ្នកណាទៅជាអ្នកបុកគាត់ បណ្តាលឲ្យគ្រួសារគាត់មានរឿងអកុសលដល់ថ្នាក់នេះ។ តើគេម្នាក់នោះកំពុងតែរស់មានសេចក្តីសុខ ខណៈដែលគ្រួសារមួយនេះរស់នៅលំបាកវេទនាយ៉ាងនេះអ្ហ៎?
«តើដឹងថាអ្នកណាជាអ្នកបុកប៉ារបស់ឯងទេ?» ខ្ញុំសួរក្មេងប្រុស។
«គ្មានអ្នកណាស្គាល់ទេ! ពេលបុកប៉ាភ្លាម គេក៏ជិះម៉ូតូរត់បាត់។ បើគេចិត្តល្អដូចជាពូ ចេះជូនខ្ញុំទៅពេទ្យអ៊ីចឹង ម៉ែក៏មិនបាច់ដើរខ្ចីលុយគេដែរ។»
«ចុះតើរឿងហេតុយ៉ាងម៉េច បានជាប៉ារបស់ឯងត្រូវគេបុក?»
«ប៉ាខ្ញុំគាត់កំពុងតែធ្វើការ…»
«គាត់ធ្វើការអី?»
«គាត់ធ្វើប៉ូលិស!»
«ប៉ូលិសអី?»
«ប៉ូលិសចរាចរណ៍!…»
និយាយដល់ត្រឹមនេះ ក្មេងប្រុសក៏ចង្អុលឲ្យខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យ ដែលឪពុករបស់វាស្នាក់នៅនោះ រួចវាក៏នាំខ្ញុំដើរទៅរកឪពុករបស់វា។
«នោះ គាត់គឺប៉ារបស់ខ្ញុំ!»
នេះហើយគឺជាកម្មពៀរដែលខ្ញុំបានប្រាប់។ ឪពុករបស់ក្មេងប្រុសកម្សត់នោះគឺជាប៉ូលិសផាន ដែលខ្ញុំបានជិះម៉ូតូបុកកាលពីឆ្នាំមុននោះ។ ខ្ញុំនៅចាំមុខរបស់គាត់ច្បាស់ណាស់ តែគាត់បានឡប់ស្មារតី មើលមិនស្គាល់អ្នកដែលធ្វើបាបគាត់ និងគ្រួសាររបស់គាត់នេះទេ។ ពេលដែលក្មេងប្រុសនោះរត់ទៅកាន់ដៃប៉ារបស់វា ណែនាំឲ្យខ្ញុំស្គាល់ ខ្ញុំក៏ស្រក់ទឹកភ្នែកដោយខ្មាសខ្លួនឯងហួសនិស្ស័យ។
រហូតមកទល់នឹងពេលនេះ គ្មានអ្នកណាដឹងថា ខ្ញុំជាមនុស្សដែលបុកប៉ូលិសផានទេ តែដើម្បីលាងបាបកម្ម ខ្ញុំតែងតែចំណាយប្រាក់ខែខ្លួនឯងឲ្យទៅគ្រួសារគាត់ និងជួយឲ្យក្មេងៗបានទៅរៀន ដោយកុហកពួកគេថា គឺអង្គការជាអ្នកឧបត្ថម្ភគ្រួសាររបស់គេ។ មិនដឹងថា តើថ្ងៃណាទើបខ្ញុំសងកម្មពៀរនេះរួចឡើយ?
ដោយ សុខ ចាន់ផល