Thursday, December 23, 2010

ដាច់​ជើង​ម្ខាង​ស្លាប់​: ជនជាតិ​កូរ៉េ​ស្រវឹងស្រា​បើកឡាន​បុក​

ដោយ : បាយ័ន
សៀមរាប: ​បុរស​ម្នាក់​មាន​របួស​ដាច់​ជើងឆ្វេង​ចេញពី​ខ្លួន ហើយ​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២០​ធ្នូ ២០១០ ត្រង់ចំណុច​មុខផ្ទះ​មេភូមិ​ដែលជា​ឪពុក​អ្នកស្លាប់ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​បឹង​ខ្នា​វ ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀម​រាម ខណៈពេល​អ្នកស្លាប់​ជិះ​កង់​ចេញពីផ្ទះ​របស់ខ្លួន ក្នុង​បំណង​ឆ្ពោះទៅ​ទិស​ខាងលិច ហើយ​ត្រូវ​រថយន្ត​ជនជាតិ​កូរ៉េ​បើក​បុក​ពេញ​មួយ​ទំហឹង​តែម្តង ។​

​ ​អ្នកស្លាប់​ឈ្មោះ​ទន់ ហិប អាយុ​២៦​ឆ្នាំ ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ ត្រូវ​រថយន្ត​ម៉ាក​កាមរី ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ​សៀមរាប 2A 0728​ បើកបរ​ដោយ​ជនជាតិ​កូរ៉េ ឈ្មោះ Cho Dae Youen ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រុង​សៀមរាប បើក​បុក​ស្លាប់​ភ្លាមៗ ។​

​ ​ប្រភពពីកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បើក​តាម​ផ្លូ​វ​ខាងលើ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ ក៏​បុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​កង់​ចេញពីផ្ទះ​ស្លាប់​ភ្លាមៗ​តែម្តង ។ ក្រោយពេល​កើតហេតុ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​បាន​ចម្ងាយ​ប្រមាណ​ជា​ ២០០​ម៉ែត្រ ក៏​ឈប់ ព្រោះតែ​កង់​ជនរងគ្រោះ​គៀប​ជាប់​កង់ឡាន ទើប​ទៅមុខ​លែង​រូ​ច​។​

​ ​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនជាតិ​កូរ៉េ និង​រថយន្ត​យកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ដើម្បី​ដោះស្រាយ​តាមច្បាប់ ៕

No comments: