Thursday, December 23, 2010

ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ក្នុង​គ្រោះថ្នាក់​ម៉ូតូ​បុក​ម៉ូតូ​

ដោយ : សុពិសិដ្ឋ
ភ្នំពេញ: ​បុរស​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០​និង​១០ ​នាទី​យប់​ថ្ងៃទី​២២​ធ្នូ នេះ នៅ​ចំណុច​មុខផ្ទះ​202 A ផ្លូវ​៣៧១ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បន្ទាប់ពី​ម៉ូតូ​ទាំងពីរ​គ្រឿង​បើក​អត់​មាន​ភ្លើង​បំភ្លឺ​ផ្លូវ ហើយ​បុក​គ្នា​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ។​

​ ​ភាគី​ម្ខាង​ម៉ូតូ​ម៉ាក​ហុងដា CUB ជ្រុង សេ​៥០ ពណ៌​ទឹកប៊ិច ស្លាក​លេខ ម ៣០៥១ ភព បើកបរ​ដោយ​ឈ្មោះ​ប៊ិច ប៊ុន​លាភ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​រួម​ដំណើរ​ឈ្មោះ សួន សុខ​ខែម ភេទ​ប្រុស​អាយុ ២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​បឹង​ក្រៅ ឃុំ​ផ្ទះ​កណ្តាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជាមួយគ្នា ។ ពួកគេ​មាន​របួស​ជា​ទម្ងន់ ត្រូវបាន​រថយន្ត​មន្ទីរពេទ្យ​ឯកជន​ចំនួន​២ យកទៅ​សង្គ្រោះ ។​

​ ​ចំណែក​ភាគី​ម្ខាង​ទៀត ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ស្លាក​លេខ 1H 8180 ភ្នំពេញ បើកបរ​ដោយ​ឈ្មោះតាក់ ​រ៉ា ភេទ​ប្រុស អាយុ​ជាង​២៦​ឆ្នាំ មុចរបរ កម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅ ឃុំកោះស្លា ស្រុក/ខេត្តកំពត បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។​

​ ​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ ម៉ូតូ​វីវ៉ា បើក​តាមផ្លូវ​៣៧១​ពី​ត្បូង​ទៅ​ជើង ចំណែកឯ​ម៉ូតូ​Cub​បើ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​គ្នា​ចំ​កណ្តាល​ថ្នល់​ពេញ​មួយ​ទំហឹង​តែម្តង ។​

​ ​សាក្សី​និយាយថា មូល​ហេតុដែល​បណ្តាល​ឲ្យ​បុក​គ្នា គឺ​ម៉ូតូ​ទាំងពីរ​គ្រឿង​អត់​មាន​ភ្លើង​សំរាប់​បំភ្លឺ​ផ្លូវ ៕​

No comments: