Thursday, October 15, 2009

រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន ស៊ីន​ទ្រី កិន​បុរស​ម្នាក់​កំពុង​បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ​

ដោយ : សុ​ពិសិដ្ឋ
CEN News
ភ្នំពេញ: បុរស​ម្នាក់​ជា​អ្នករត់​ម៉ូតូឌុប ត្រូវ​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី បើក​បុក​ហើយ​កិន​ពីលើ​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អធ្រាត្រ​ថ្ងៃទី ១៥ តុលា​នេះ នៅ​ចំណុច​ផ្លូវ​មុនី​រ៉េត មុខ​ផ្ទះ​លេខ 632 ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ប៉ូលិស​មូលដ្ឋាន​និយាយថា រថយន្ត​បង្ក​ម៉ាក MITSUGISHI ពណ៌​ស​គ្មាន​ស្លាក​លេខ លេខ​សម្គាល់ 93 បើកបរ​ឈ្មោះ​ថុន ធឿន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅ​ភូមិ​តាំង​ស្រី ឃុំ​មេ​ព្រីង ស្រុក​បាធាយ ខេត្ត​កំពង់ចាម ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ កែវ សារ៉ាន់ ភេទ​ប្រុស អាយុ 37 ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ​ភូមិ​ចក ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្ត​ស្វាយរៀង បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ព​ណ៌ក្រហម​ស្លាក​លេខ ណ 9913 ភព​1 ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ ។​

​ ប៉ូលិស​បានឲ្យដឹង​ទៀតថា មុន​កើតហេតុ​ម៉ូតូ​រងគ្រោះ បើក​តាម​ផ្លូវ​មុនី​រ៉េត ពី​ត្បូង​ទៅ​ជើងស្រាប់តែ​រថយន្ត​បើក​ពីក្រោយ​យ៉ាង​លឿន​កៀរ​ដួល ហើយ​កិន​ពីលើបណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាម​តែម្តង ។ អ្នកបើកបរ​រថយន្ត ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​រក្សាទុក​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ ដោះស្រាយ​ទៅ​តាម​ច្បាប់ ។ រីឯ​សព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ ៕​

No comments: