Saturday, October 10, 2009

គ្រោះថ្នាក់​ចរាចរ ២​លើ​ក​ស្លាប់ ២​នាក់ របួសធ្ងន់ ៣​នាក់

ដោយ : សុ​ពិសិដ្ឋ
CEN News
N/A: យប់​ថ្ងៃ​ទី ៨ តុលា នេះ​ក្នុង​ក្រុងភ្នំពេញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ ២​លើក បណ្តាលឲ្យ​មនុស្ស ២​នាក់ស្លាប់ និង​ម្នាក់​របួសធ្ងន់ ។​

* ករណី​ទី​១ : វេលា​ម៉ោង ៩ និង ៣០ នាទី យប់​ថ្ងៃ​ទី ៨ តុលា នៅ​ចំណុច​ផ្លូវ​សហព័ន្ធ​រុស្សី​មុខ​បូរី​សឡា សង្កាត់​កា​កាប ខណ្ឌដង្កោ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ និងម៉ូតូ បណ្តាលឲ្យ​មនុស្ស ២​នាក់ស្លាប់ ។​

​ ប៉ូលិស​និយាយថា ម៉ូតូ​បង្ក​ម៉ាក HONDA C125 ពណ៌​ខ្មៅ​ស្លាក​លេខ 1C 5655 កណ្តាល បើកបរ​ដោយ​ឈ្មោះ រុណ ភា​រិទ្ធិ ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅ​ខេត្ត​កណ្តាល និងអ្នករួមដំណើរ​ឈ្មោះ នូវ វណ្ណា ភេទ​ប្រុស អា​យុ ២៣​ឆ្នាំ ។ ចំណែក​ភា​គី​រងគ្រោះ​ឈ្មោះ ខៀវ លាង​ហេង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​អ្នកយក​ព័ត៌មាន​កាសែត​មាតុភូមិ ស្នាក់​នៅ​​សង្កាត់​ចោមចៅ ខណ្ឌដង្កោ និង​កូនប្រុស​ឈ្មោះ នាង តុលា ភេទ​ប្រុស អាយុ ៤​ឆ្នាំ ស្លាប់​ទាំង ២​នាក់ នៅកន្លែង​កើតហេតុ ។ ពួកគេ​ជិះ​ម៉ូតូ​ម៉ាក HONDA C100 ពណ៌​ខ្មៅ​ស្លាក​លេខ Press 3523K ។

ប៉ូលិស​និយាយថា មុន​កើតហេតុ​ម៉ូតូ​បង្ក​បើក​តាមផ្លូវ​រុស្សី​ពី​លិច​ទៅ​កើត ហើយ​ជ្រុល​បុក​ភាគី​ម្ខាង​ទៀត ដែល​កំពុង​ធ្វើដំណើរ​ច្រាសទិស បណ្តាលឲ្យ​ស្លាប់​ទាំង ២​នាក់ ឪពុក​កូន ។ ចំណែក​ម៉ូតូ​បង្ក​ក៏​របួសធ្ងន់ ២​នាក់ដែរ ។​

* ករណី​ទី​២ : ម៉ោង ១១ យប់ ថ្ងៃ​ដដែល​នៅ​រង្វង់​មូល​ក្បាលថ្នល់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ មាន​រថយន្ត​មួយ​គ្រឿង​បុក​ម៉ូតូ បណ្តាល​ឲ្យ​បុរស​ម្នាក់​របួសធ្ងន់ ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក 4 RUNNER ពណ៌​ទឹកប្រាក់​ស្លាក​លេខ ភ្នំពេញ 2G 3087 អ្នកបើកបរ​រត់​បាត់ ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ សួន ចំរើន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ ១៤៣ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌមានជ័យ របួសធ្ងន់ ។ គាត់​ជិះ​ម៉ូតូ​ម៉ាក HONDA C100 ពណ៌​ខ្មៅ ស្លាក​លេខ វ​.០៤៩៣ ភព​១ ។​

​ សាក្សី​និ​យាយថា មុន​កើតហេតុ​ម៉ូតូ​បើកតាមផ្លូវ​ព្រះមុនីវង្ស​ឡើង​ស្ពាន ដល់​ចំណុច​ខាងលើ​រថយន្ត​បើក​តាម​ផ្លូវជាតិ​លេខ​២ ពី​ត្បូងទៅជើង បុក​ដួល​បោក​ក្បាល​តែ​ម្តង ។ រថយន្ត​ព្យាយាម​បើក​រត់​ដល់​ផ្សារ​ស៊ីឡឹប សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក៏​ចត​ចោល​ទីនោះ ត្រូវ​ប៉ូលិស​រឹបអូស ។​

​ យានយន្ត​ពាក់ព័ន្ធ​ខាងលើ​ទាំងអស់​បញ្ជូន​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ក្រុង​ដោះស្រាយ​ពេល​ក្រោយ ៕

No comments: