Tuesday, April 28, 2009

បើក​រថយន្ត​ក្រឡាប់​ខ្លួនឯង ស្លាប់ ២ របួសធ្ងន់ ១

ដោយ : បាយ័ន​ (ថ្ងៃទី 27 មេសា 2009)

​កំពង់ធំ​: មាន​បុរស​ចំនួន​ពីរ​នាក់ បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បណ្តាលមកពី​ក្រឡាប់​រថយន្ត ដោយ​ខ្លួន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦ ត្រង់​ចំណុច​ភូមិ​ព្រះ​នង្គ័ល ឃុំ​ចំណា​ក្រោម​ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាលពី​វេលា​ថ្ងៃត្រង់​ទី ២៦ មេសា ។​

​ សាក្សី​កន្លែងកើតហេតុ​បាន​និយាយ​ប្រាប់​ថា គេបាន​ឃើញ​រថយន្ត​លុច​ស៊ី​ស ពណ៌​ទឹកប្រាក់​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2J 7943 បើកបរ​មកពី​ទិស​កើត​ទៅ​លិច​យ៉ាង​លឿន សំដៅ​ទៅ​កាន់​ខេត្ត​សៀមរាប ។​

​ នៅ​ពេល​រថយន្ត​នោះ​ធ្វើដំណើរ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ ហើយ​ទៅ​បុក​បង្គោល​ដែក​ប្រាប់​តំបន់​មួយ​ដើម ដាច់​ជា​ពីរ រួច​ហើយ​រថយន្ត​បាន​រេ​ចង្កូត​មក​ឆ្វេង​ដៃ​វិញ បណ្តាល​ឲ្យ​រថយន្តក្រឡា​ប់​ផ្ងារ​ច្រើន​ត្រឡប់ ប្រហែល​ពី ៣០ ទៅ ៤០ ម៉ែត្រ ។ រថយន្ត​បាន​រអិល​ធ្លាក់​ទៅ​ដល់​មុខ​ផ្ទះ​អ្នកភូមិ​ក្បែរ​នោះ ។​

​ ក្រោយ​ពី​ក្រឡាប់​រថយន្ត​ហើយ គេ​បាន​ឃើញ​ជនរងគ្រោះ​ម្នាក់ បាន​ហោះ​ចេញ​តាម​កញ្ចក់​មុខ ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។ ចំណែក​ពីរ​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់ បាន​ត្រូវ​ប្រជាពលរដ្ឋ​យកចេញ​ពី​រថយន្ត ហើយ​ក៏​ហៅ​ឡានពេទ្យ​ដឹក​មក​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្ទោង ភ្លាមៗ​នោះដែរ ។ ប៉ុន្តែ​សំណាងអាក្រក់​ជនរងគ្រោះ​ម្នាក់​ទៀត​បាន​ស្លាប់ នៅសល់​តែ​ជនរងគ្រោះ​ម្នាក់​របួសធ្ងន់​សន្លប់​មិនដឹង​ខ្លួន​ឡើយ ។​

​ គេ​បាន​ស្គាល់​តាមរយៈ​ឯកសារ​ជាប់​នឹង​ខ្លួន​ជនរងគ្រោះ គឺ​អ្នក​ស្លាប់​នៅ​កន្លែងកើតហេតុ​មានឈ្មោះ ឡុញ វិបុល ភេទ​ប្រុស រស់នៅ​ទីក្រុង​ភ្នំពេញ ។ អ្នក​ស្លាប់​នៅ​មន្ទីរពេទ្យ​មាន​ឈ្មោះ រ៉ា ភេទ​ប្រុស រស់នៅ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្ត​កំពង់ធំ និង​អ្នករបួសធ្ងន់​ពុំ​ស្គាល់​ឈ្មោះ​ឡើយ ។​

​ សមត្ថកិច្ច​ចរាចរ​ស្រុក​ស្ទោង បាន​និយាយថា រហូតមកដល់​ពេលនេះ ក្នុង​ចំណោម​អ្នក​ស្លាប់​ពីរ​នាក់ និង​អ្នក​របួស​ម្នាក់ មិនដឹងថា នរណា​ជា​អ្នកបើក​បរ​ឡើយ ។ ប៉ុន្តែ​គេ​សង្ស័យថា អ្នក​ស្លាប់​នៅ​កន្លែងកើតហេតុ​អាចជា​អ្នកបើកបរ ។​

​ គេ​មិន​បានដឹង​ពី​មូ​ល​ហេតុអ្វី បាន​ជា​រថយន្ត​នោះ​ក្រឡាប់​ជាច្រើន​ត្រឡប់​ដោយ​ខ្លួនឯង​នោះ​ឡើយ ។ ប៉ុន្តែ​ទាំង​ប៉ូលិស និង​សាក្សី​ដែល​ប្រជាជន​នៅ​កន្លែងកើតហេតុ សង្ស័យ​ច្រើន​មក​ពី​តៃកុង​មានការ​ងងុយដេក ៕

No comments: