Sunday, December 28, 2008

បុរស​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍

មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ក្រុង​ភ្នំពេញ​បាន​មាន​ប្រសាសន៍​នា​ ល្ងាច​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ថា បុរស​ជនជាតិ​ប៊ែលហ្សិក​ម្នាក់​បាន​ស្លាប់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយសារ​តែ​បុរស​នោះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ទីក្រុង​ភ្នំពេញ​ទទួល​បន្ទុក​ការងារ​ វាស់វែង​គ្រោះថ្នាក់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ប៊ែលហ្សិក​អាយុ​៤៨​ឆ្នាំ​នោះ​បាន​គ្រោះថ្នាក់​តាំង​ពី​យប់​ថ្ងៃ ​ទី​២៥​មក​ម៉្លេះ។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន បាន​បញ្ជាក់​ថា ៖ «ពេល​ដែល​គាត់​ជិះ​ ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២០៦ គាត់​ដួល​ម៉ូតូ​ម្ដង​ហើយ។ ពេល​ដែល​ដួល​ហ្នឹង​គាត់​លើក​ម៉ូតូ​មក​វឹង​មក មក​ជួប​នឹង​ឡាន​គេ​ដែល​ទើបតែ​ចេញ​ពី​ការដ្ឋាន។ បុក​ចំ​ពី​ក្រោយ​កង់​មុខ​បន្តិច​បណ្ដាល​ឲ្យ​គាត់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ តែម្ដង​ទៅ»។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា គ្រោះថ្នាក់​នោះ​បាន​កើត​ឡើង​ក៏​ដោយសារ​តែ​បុរស​ជន​ជាតិ​ប៊ែលហ្សិក​នោះ​ ស្រវឹង​ស្រា​ផងដែរ ហើយ​បើ​ជន​រងគ្រោះ​បាន​ពាក់​មួក​សុវត្ថិភាព​នោះ​ក៏​ប្រហែល​មិន​គ្រោះថ្នាក់​ ដល់​ស្លាប់​ឡើយ។

លោក​វរសេនីយ៍​ត្រី ប៉ែន ឃុន មាន​ប្រសាសន៍​ទៀត​ថា នគរបាល​ចរាចរណ៍​នឹង​ចាប់ផ្តើម​ផាក​ពិន័យ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដោយ​ ទោចក្រយានយន្ត​មិន​ពាក់​មួក​សុវត្ថិភាព​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩​នេះ​ទៅ ក្នុង​មួយ​ករណី​ល្មើស​ជា​ទឹក​ប្រាក់​៣០០០​រៀល។

កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​មន្ត្រី​រាជការ​ទាំងអស់​ត្រូវ​ពាក់​ មួក​សុវត្ថិភាព​ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជាយថាហេតុ​នោះ៕

No comments: