Wednesday, January 5, 2011

បើករថ​យន្ត​​ចាក់​កួ​បុករបង​សាលា​មត្តេយ្យ​វត្តកោះប្រាវ

Koh
ដោយ ៖ កោះឯករាជ្យ
រាជធានីភ្នំពេញ ៖ រថ​យន្ត​កូរ៉ូ​ឡា​មួយ​គ្រឿង​ ពាក់​ស្លាកលេខ ភ្នំពេញ​ 2M 0300 ដែល​គេ​​ដឹង​​ថា បើក​បរ​ដោយ​យុវ​ជន​ស្ទាវ​ បានជ្រុល​ចង្កូត​ទៅបុក​របង​សាលា​មត្តេយ្យ​វត្ត​កោះ ​ស្ថិត​នៅ​ផ្ទះ​លេខ​៩១ ផ្លូវលេខ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង​១១ និង២០​នាទី​​​យប់​ថ្ងៃទី៣ មករា ​២០១០ បណ្តាលឱ្យ​​បាក់​របង​ថ្មជាង​២ម៉ែត្រ ។ សាក្សី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា មុនពេលកើត​ហេតុ​គេឃើញ​រថ​យន្ត​មួយ គ្រឿង​ម៉ាកកូរ៉ូឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M 0300 បើក​តាម​បណ្តោយ​វិថី​ត្រសក់​ផ្អែម​ លុះ​មកដល់មុខ​សាលា​មត្តេយ្យ​វត្ត​កោះ​​ ក៏បានបើកឡើងចិញ្ចើម​ថ្នល់ ដើម្បីចត​រថ​យន្ត​ និងចូល​ទៅ​ក្នុងក្លឹប​កំសាន្ត​ទល់មុខ​សាលា​​មត្តេយ្យ​វត្ត​កោះនោះ​​ ។

ប៉ុន្តែ​​នៅពេល​នោះ​​មិន​ដឹង​ជា​យ៉ាង​ម៉េច ស្រាប់​តែ​​អ្នក​បើក​បរ​មិន​ជាន់​ហ្វ្រាំង​ បែ​រ​ជា​ជាន់ហ្ការក៏ជ្រុលទៅបុក​របង​សាលាមត្តេយ្យ​វត្ត​កោះ​ទាំង​​កំរោល បណ្តាលឱ្យ​បាក់​របងថ្ម​សង្កត់លើ​ដំបូលរថយន្ត​ និងបែក​កញ្ចក់​រថ​យន្ត​ទៀត​ផង ហើយបើ​សិន​ជា​កុំ​បាន​របង​ថ្ម​ដែល​បាក់​កល់ទ្រូងរថយន្ត ម្ល៉េះរថ​យន្ត​នេះជ្រុល​ទៅ​បុក​ថ្នាក់រៀនកូនសិស្ស​បាត់​ទៅ​ហើយ ។ ក្រោយ​ពីបុករបង​ថ្ម​សាលាមត្តេយ្យ​​វត្ត​កោះ​ទៅ​មុខ​លែង​រួច គេ​ឃើញ​ម្ចាស់រថយន្ត​បើក​ទ្វារ​រថយន្តមក​ខាង​ក្រៅ​ និងសុំ​ចរចា​ចេញ​សំណង​​ថ្លៃ​ខូ​ច​ខាត​​របងដោយ​មិនចាំបាច់​សមត្ថ​កិច្ច​ ដោះស្រាយ​នោះ​ទេ ។ ពុំ​មាន​ប្រភព​ណាមួយ​បញ្ចេញ​ឱ្យ​ដឹង​ថា ភាគី​​ម្ចាស់​រថយន្ត​បង្កចេញ​សំណង​ថ្លៃខូចខាត​របង​ក្នុង​តំលៃ​ប៉ុន្មានឡើយ ហើយ​រថយន្ត​នោះ​ក៏ត្រូវ​បាន​​គេ​ហៅ​រថ​យន្ត​ស្ទូច​មក​ស្ទូចយកទៅបាត់ដែរ ។ នៅក្នុង​ហេតុការណ៍​នេះ​ដែរ ពុំ​មានមនុស្ស​ណា​ម្នាក់​ស្លាប់​ឬ​របួស​នោះទេ ហើយក៏ពុំមានរំខាន​ដល់នគរ​បាល​ប៉ុសិ៍្តឡើយ ៕

No comments: