Thursday, January 6, 2011

ក្រសួង​សុខាភិបាល​អំពាវ​នាវ​ឲ្យប្រជាពលរដ្ឋ​កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​សេព​សុរា​និង​គ្រឿង​ស្រវឹង​

ភ្នំពេញ ៖ក្រសួង​សុខាភិបាល​សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ ទាំង​អស់​សូម​មេត្តា​ជួយ​កាត់​បន្ថយ​ការ​សេព​សុរា​ឬ​គ្រឿង​ស្រវឹង​ដើម្បី​ ថែរក្សា​សុខភាព​ផ្ទាល់​ខ្លួន​រក្សា​ភាព​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​សន្សំ​សំចៃ​ ថវិកា​សម្រាប់​គ្រួសារ​និង​ចូល​រួម​កាត់​បន្ថយ​ការ​ខាត​បង់​របស់​រាជ​ រដ្ឋាភិបាល​។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១០​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុន​ ហេង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​អោយ​ដឹង​ថា​ក្រសួង​សុខាភិបាល​សូម​ ជម្រាប​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​អោយ​បាន​ ជ្រាប​ថា​ សព្វ​ថ្ងៃ​នេះ​តាម​ការ​សិក្សា​បាន​សង្កេត​ឃើញ​ថា​ប្រជាជន​កម្ពុជា​យើង​ដែល​ មាន​អាយុ​២៥​ទៅ​៦៤​ឆ្នាំ​មាន​ចំនួន​៦៥​ភាគរយ​ជា​អ្នក​សេព​សុរា​ឬ​គ្រឿង​ ស្រវឹង​ផ្សេង​ៗ​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ឲ្យ ​ដឹង​ថា​ការ​សេព​សុរា​និង​គ្រឿង​ស្រវឹង​បាន​ផ្ដល់​នូវ​ផល​វិបាក​យ៉ាង​ ធ្ងន់ធ្ងរ​ដល់​សាមី​ខ្លួន​និង​សង្គម​ដូច​ជា​ប្រឈម​មុខ​និង​ការ​កើត​ជំងឺ​ រលាក​ថ្លើម​ ក្រិនថ្លើម រលាក​ក្រពះ​ ជំងឺ​បេះដូង​ សរសៃ​ឈាម​។ល។ និង​អាច​ឈាន​ដល់​ការ​ស្លាប់​បាត់​បង់​ជីវិត​។បណ្ដាល​អោយ​មាន​គ្រោះ​ថ្នាក់​ ចរាចរ​បង្ក​ជា​របួស​ធ្ងន់ធ្ងរ​​ឬ​ស្លាប់​ដល់​អ្នក​បើក​បរ​និង​អ្នក​ដ៏​ទៃ​។

បើ​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​អគ្គ​ ស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​អោយ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​២០១០​មាន​ករណី​ គ្រោះ​ថ្នាក់​ចរាចរ​ចំនួន​៥៥១៨​លើក​ក្នុង​នោះ​បណ្ដាល​អោយ​ស្លាប់​ចំនួន​១៦៤៩ ​នាក់​។ក្នុង​ចំណោម​គ្រោះ​ថ្នាក់​ចរាចរ​នោះ​មាន​១២​ភាគ​រយ​បណ្ដាល​មក​ពី​ អ្នក​បើក​បរ​សេព​គ្រឿង​ស្រវឹង​។

លោក​វេជ្ជបណ្ឌិត​ម៉ម​ប៊ុន​ហេង​បាន​និយាយ​ក្នុង​សេចក្ដី​ជូន ​ដំណឹង​ដដែល​នោះ​អោយ​ដឹង​ថា​ក្រៅ​​ពី​នេះ​ការ​សេព​សុរា​និង​គ្រឿង​ស្រវឹង​ក៏ ​បង្ក​អោយ​មាន​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រឺ​បង្ក​ជម្លោះ​នៅ​តាម​ ភោជនីយដ្ឋាន​ឬ​នៅ​ទី​កន្លែង​សាធារណៈ​។ប្រឈម​និង​ការ​ឆ្លង​មេរោគ​អេដស៍​ចំពោះ ​អ្នក​ស្រវឹង​ដែល​ភ្លេច​ភ្លាំង​ស្មារតី​ឬ​បាត់​ម្ចាស់​ការ​និង​អាច​បណ្ដាល​ អោយ​ពុល​ស្លាប់​ចំពោះ​ស្រា​ដែល​ផលិត​រឺ​លាយ​ផ្សំ​ពុំ​បាន​ត្រឹម​ត្រូវ​តាម​ លក្ខណៈ​បច្ចេកទេស​រឺ​បន្ថែម​សារ​ធាតុ​ពុល​ដូច​ជា​ម៉េតាណុល​រឺ​ថ្នាំ​អង់​ ទ្រីន​។​ជាក់​ស្ដែង​នៅ​ឆ្នាំ​១៩៩៦​មាន​ពុល​ស្រា​ស្លាប់​ចំនួន​៤៥​នាក់​ដោយ​ សារ​លាយ​ថ្នាំ​អង់​ទ្រីន​ នៅ​ឆ្នាំ​១៩៩៨​មាន​ពុល​ស្រា​ស្លាប់​ចំនួន​៥០​នាក់​ដោយ​សារ​លាយ​ម៉េតាណុល​ និង​នៅ​ឆ្នាំ​២០១០​មាន​ករណី​សង្ស័យ​ពុល​ស្រា​កើត​ឡើង​មួយ​ទៀត​ស្ថិត​នៅ​ភូមិ ​ព្រះ​ធាតុ​ឃុំ​ព្រះ​ធាតុ​ស្រុក​អូររាំង​ឪ​ខេត្ត​កំពង់​ចាម​បណ្ដាល​អោយ​មាន​ អ្នក​ឈឺ​និង​ស្លាប់​ចំនួន​៤នាក់​។

ដោយ​សារ​តែ​មាន​បញ្ហា​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ​ហើយ ​ក្រសួង​សុខាភិបាល​សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូម​មេត្តា​ជួយ​ កាត់​បន្ថយ​ឬ​បញ្ឈប់​ការ​សេព​សុរា​និង​គ្រឿង​ស្រវឹង​ដើម្បី​ថែរក្សា​សុខ​ភាព ​ផ្ទាល់​ខ្លួន​រក្សា​ភាព​ថ្លៃ​ថ្នូរ​ក្នុង​សង្គម​សន្សំ​សំចៃ​ថវិកា​សម្រាប់​ គ្រួសារ​និង​ចូល​រួម​កាត់​បន្ថយ​ការ​ខាត​បង់​របស់​រាជ​រដ្ឋាភិបាល​៕

No comments: