Friday, August 3, 2012

ជម្រុញដំណើរការ ធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី គឺរួមចំណែកកាត់បន្ថយអត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍

 
សិក្ខាសាលាថ្នាក់ជាតិមួយដើម្បីផ្សព្វផ្សាយសេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរៀបចំឡើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា។ លើសពីនោះក៏មានការចូលរួមពីឯកឧត្ដម លោកជំទាវជាតំណាងមកពីក្រសួងនានា ជាសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារលើ សុវត្ថិភាពចរាចរណ៍ជាច្រើនរូបទៀតផងដែរ។

សិក្ខាសាលានេះត្រូវបានសហការរៀបចំ ឡើងដោយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ និងកាកបាទក្រហមកម្ពុជា ក្រោមជំនួយ បច្ចេកទេសរបស់អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល(GRSP) តាមរយៈមូលនិធិរបស់ Bloomberg Philanthropies.

គោលបំណងជាចំបងនៃសិក្ខាសាលានេះ គឹដើម្បីចូលរួម ចំណែកក្នុងការជំរុញការធ្វើច្បាប់ចរាចរណ៍ថ្មីប្រកបដោយប្រសិទ្ធភាពក្នុងកាត់បន្ថយអាត្រាស្លាប់ និងរបួសធ្ងន់ធ្ងរ ពិសេសរបួសក្បាលក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ តាមរបាយការណ៍បឋមនៃប្រព័ន្ធព័តមានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងឆ្នាំ២០១១កន្លងមក មានជនរងគ្រោះថ្នាក់ចរាចរណ៍ដល់ស្លាប់ចំនួនជិត២០០០នាក់។ ជនរងគ្រោះថ្នាក់ភាគច្រើនជាអ្នកប្រើប្រាស់ម៉ូតូ ក្នុងនោះ ប្រមាណ ៧០% នៃជនរងគ្រោះដល់ស្លាប់ មានរបួសក្បាល។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកជិះម៉ូតូហើយរងគ្រោះថ្នាក់ដល់ស្លាប់ទាំងអស់ អ្នកដែលជាអ្នកជិះពីក្រោយមានអត្រារងរបួសក្បាលខ្ពស់ជាងអ្នកបើកបរម៉ូតូទៅទៀត ។ ជាទូទៅ របួសក្បាល អាចនាំឲ្យជនរងគ្រោះប្រឈមនឹងការស្លាប់បាន។ ក្រៅពីនោះ វាក៏ទាមទារឲ្យមានការថែទាំព្យាបាលពិសេសជាង ក្នុងរយៈពេលយូរជាង ហើយក៏ត្រូវការចំណាយថវិកាខ្ពស់ជាង ការព្យាបាលរបួសស្នាមនៅកន្លែង ផ្សេងទៀតនៃដងខ្លួនដែរ។ យោងតាមរបាយការណ៍ របស់អង្គការជនពិការអន្តរជាតិបែលហ្សិក បានបង្ហាញថា នាឆ្នាំ២០១១កន្លងមក ក្នុងចំណោមអ្នកបើកបរម៉ូតូនៅទីក្រុងភ្នំពេញ មានអត្រាពាក់មួក សុវត្ថិភាពក្រោម៩០% នាពេលថ្ងៃ និង៦០% នាពេលយប់ រីឯអ្នករួមដំណើរជាមួយ មានអត្រាពាក់មួក តិចជាង១០% ។ អង្គសិក្ខាសាលាបានប្រព្រឺត្ដទៅដោយមានការពិភាក្សា និងផ្ដល់យោបល់ពីក្រុមការងារ បច្ចេកទេស លើកិច្ចការសុវត្ថិភាពចរាចរណ៍ ក្នុងនោះបានមើលឃើញថាដើម្បីលើកកម្ពស់ សុវត្ថិភាពដល់អ្នកធ្វើដំណើរជាមួយ ដែលជាទូទៅប្រឈមនិងការរងរបួសក្បាលច្រើនជាង អ្នកបើកបរទៅទៀតនោះ រាជរដ្ឋាភិបាលគួរជម្រុញការធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជាពិសេសដោយយោងតាមមាត្រាទី៩នៃច្បាប់ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ដោយតម្រូវឲ្យអ្នកបើកបរទោចក្រយានយន្ត(ម៉ូតូ) និងអ្នករួមដំណើរ ក្នុងនោះរួមទាំងកុមារផង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ។ ការអនុម័តច្បាប់ចរាចរណ៍ថ្មីបានឆាប់រហ័សប៉ុណ្ណា នោះការជួយឲ្យអត្រារងរបួសក្បាល ឬស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរពេលមានគ្រោះថ្នាក់ចរាចរណ៍នឹងបានថយចុះឆាប់រហ័សប៉ុណ្ណោះដែរ។ គួររំលឹកដែរថា នៅក្នុងផែនការទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក កម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀត បានប្តេជ្ញាកាត់បន្ថយចំនួនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន៥០% នាឆ្នាំ២០២០ខាងមុខ ស្របគ្នាទៅនឹងទឹសដៅ ផែនការទសវត្សរ៍ សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់អង្គការសហប្រជាជាតិ ២០១១-២០២០ ៕
 

No comments: