Saturday, March 5, 2011

សោកនាដកម្ម ​គ្រោះថ្នាក់​ចរាចរ​រថយន្ត​បុក​គ្នា ស្លាប់​១៨​នាក់ របួស​​​​ធ្ងន់​៧​នាក់

ព្រះសីហនុ ៖ សេចក្ដី​រាយ​ការណ៍​ព័ត៌មាន​ពី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា​​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១១​នេះ​ មាន​​សោកនាដកម្ម​គ្រោះ​ថ្នាក់​ចរចរ​រថយន្ត​បុក​ជាមួយ​រថយន្ត​ ​បាន​បណ្ដាល ឲ្យ​មនុស្ស​ប្រុស​ស្រី​១៨​នាក់​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត កំពុង​សង្រ្គោះ បន្ទាន់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​កុងតឺន័រ​ដឹក​ដែក ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ បំណង​ទៅ​ទីក្រុង​ភ្នំពេញ ចំណែក​រថយន្ត​តូរីស​ដែល​ធ្វើ​ដំណើរ​ពី​ផ្សារ​ទម្លាប់ ស្រុក​គីរីវង់ ខេត្ត​តាកែវ បំណង​ទៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ខេត្ត​ព្រះសីហនុ លុះ​មក​ដល់​ចំណោត​អូរត្រាវ ព្រំ​ប្រទល់​ឃុំ​បិតត្រាំង និង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ តៃកុង​រថយន្ត​កុងតឺន័រ​បាន​ងងុយ​ដេក​បើក​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​តូរីស ​រហូត​បុក​បង្គោល​អម​ផ្លូវ​នៅ​ខាង​ឆ្វេង​ដៃ។ ពេល​នោះ​​តៃកុង​រថយន្ត​តូរីស​បាន​បើក​ចុះ​ចំណោត ដោយ​ល្បឿន​លឿន​មិន​អាច​ទប់​ជាប់​ក៏​ស៊ី​ផ្លេ​ខ្លាំងៗ។ តៃកុង​រថយន្ត​កុងតឺន័រ​បាន​ភ្ញាក់​ឡើង​ក៏​ទាញ​ចង្កូត​ត្រឡប់​មក​វិញ បុក​គ្នា​ជាមួយ​រថយន្ត​តូរីស​ពេញ​ទំហឹង បណ្ដាល​ឲ្យ​រថយន្ត​កុងតឺន័រ អូស​រថយន្ត តូរីស​ប្រហែល​៥០​ម៉ែត្រ ខ្ទេច​ម៉ដ្ឋ​គ្មាន​សល់​អ្វី​នោះ​ទេ។



មនុស្ស​១៨​នាក់​ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម រួម​ទាំង​តៃកុង​រថយន្ត​កុងតឺន័រ​ផង។ ចំណែក​មនុស្ស​៧​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដឹក​យក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ ពេទ្យ។

រថយន្ត​កុងតឺន័រ​ជា​របស់​ក្រុមហ៊ុន​ឯកជន ឈ្មោះ​លាង សុខង៉េង ពាក់​ស្លាក​លេខ 3B0935 និង រថយន្ត​តូរីស ពណ៌ស ពាក់​ស្លាក​លេខ 2C9067 ខេត្ត​តាកែវ៕

No comments: