Thursday, December 24, 2009

រថយន្ត​១ គ្រឿង​បុក​កូ​រ៉ូ​ឡា បើង​ផ្ទប់​របាំង​ផ្លូវ



ដោយ៖ សុផល

រថយន្តកូរ៉ូឡាដែលត្រូវរថយន្តបុកហើយគេចខ្លួនដោយសុវត្ថិភាព

ហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍មួយបានកើតមានឡើងនៅលើកំណាត់ផ្លូវព្រះមុនីវង្សកែងផ្លូវ ព្រះសីហនុ ស្ថិតនៅក្នុងសង្កាត់បឹងកេងកង I ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២៣ និង១០ នាទី យប់ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០០៩ ដោយសារតែរថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុវេលាម៉ោងខាងលើគេបានឃើញ រថយន្ត ១ គ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2D-2527 បានបើកបរតាមបណ្តោយផ្លូវ ព្រះសីហនុកែងផ្លូវមុនីវង្ស ក្នុងទិសដៅពិត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុរថយន្តកូរ៉ូឡាបាន បន្ថយល្បឿនក្នុងគោលបំណងបត់ស្តាំទៅកើត ។​

សាក្សីបានបន្តទៀតថា ក្នុងខណៈពេលដែលរថយន្តកំពុងតែបត់សន្សឹមៗពេលនោះក៏ស្រាប់តែមាន រថយន្តមួយគ្រឿងទៀត បានបើកមកពីក្រោយបោះពួយយ៉ាងលឿនក៏បុករថយន្តកូរ៉ូឡា យ៉ាងខ្លាំង។ ហើយរថយន្តរងគ្រោះក៏បានផ្លោងទៅបុករបាំងពុះចែកផ្លូវយ៉ាងពេញទំហឹង រីឯ ថយន្តបង្កហេតុបាន បើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុដោយសុវត្ថិភាព ។

ដោយឡែកម្ចាស់រថយន្តកូរ៉ូឡា ក៏បានរត់គេចខ្លួនបាត់ផងដែរ ។ ឥឡូវនេះរថយន្តរងគ្រោះត្រូវបាន ប៉ូលិសចរាចរក្រុង ស្ទួចយកទៅទុកនៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនធ្វើការដោះ ស្រាយតាមផ្លូវច្បាប់ ៕

No comments: