Wednesday, October 22, 2008

Pchum Ben 2008, traffic accident is decrease

បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​មាន​តិច​ករណី​ជាង​ឆ្នាំ​មុន

មន្ត្រី ​នគរបាល​ចរាចរណ៍​ជើង​គោក​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទី​ក្រុង​ភ្នំពេញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ក្នុង​ឆ្នាំ​២០០៨​នេះ មាន​ការ​ធ្លាក់​ចុះ។

RFA Photo/Uon Chhin

ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​ម្ដុំ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វា នា​ថ្ងៃ​ទី​៣០ កញ្ញា ២០០៨។

ប្រធាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ លោក ទីន ប្រសើរ បាន​មាន​ប្រសាសន៍​ថា ពុំ​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ដូច​ក្នុង​បណ្ដា​ឆ្នាំ​ មុន​ៗ​ទេ ហើយ​សមត្ថកិច្ច​នគរបាល​បាន​រក​ឃើញ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ទី​ ក្រុង​ទីក្រុង​ភ្នំពេញ​កើត​មាន​តែ ៤​ករណី​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ចំនួន​ពីរ​នាក់​បាន​បាត់បង់​ជីវិត។

លោក ទីន ប្រសើរ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ទាប​ជាង​ឆ្នាំ​មុន ២០០៧ មាន ១៧​ករណី ហើយ ២០០៨​នេះ មាន ៤​ករណី អ៊ីចឹង​បាន​ថា ថយ​ចុះ​១៣​លើក»

ទន្ទឹម​នឹង​នេះ លោក ទីន ប្រសើរ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ ​ធ្លាក់​ចុះ​យ៉ាង​ដូច្នេះ ៖ «ចំណុច​ល្អ​ទី​១ សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​មុន ប្រកាស​មុន​ពី​ថ្ងៃ​ចេញ ដើម្បី​ត្រៀម​កម្លាំង​សមត្ថកិច្ច​នៅ​តាម​ផ្លូវ​នៅ​មូលដ្ឋាន​បាន​ផ្សព្វផ្សាយ ​ឲ្យ​បង​ប្អូន​មាន​ការ​ប្រុងប្រយ័ត្ន​អី​អ៊ីចឹង​ទៅ ហ្នឹង​ទី​១។ ហើយ​ទី​២ គឺ​ថា ប្រជាពលរដ្ឋ​យើង គឺ​យើង​វាយ​តម្លៃ​ថា កាន់តែ​យល់ដឹង ការអនុវត្ត ការ​គោរព​ច្បាប់ មាន​ការឈាន​ឡើង​ជាង​ឆ្នាំ​ទៅ ហើយ​ទី​៣ ឃើញ​ថា អ្នក​ដែល​ចេញ​ពី​ភ្នំពេញ​ឥឡូវ អត់​សូវ​មាន​ម៉ូតូ ភាគ​ច្រើន​គឺ​ជិះ​ឡាន បើ​មាន​ម៉ូតូ​ក៏​មិន​អាច​ធ្វើ​ដំណើរ​លឿន​ដែរ ដោយសារ​មនុស្ស​ចេញ​វា​ច្រើន ហើយ​គេ​មាន​ការប្រុង​ប្រយ័ត្ន​ផង»

លោក ទីន ប្រសើរ បាន​បន្ថែម​ថា មាន​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​បណ្ដា​ច្រក​សំខាន់​ៗ​មួយ​ចំនួន​នៃ​ទីក្រុង​ភ្នំពេញ ៖ «ច្រក ​ពីរ​ដែល​ចង្អៀត ហើយ​យ៉ាប់យ៉ឺន​ជាង​គេ មាន​មធ្យោបាយ​ដែល​ច្រើន គឺ​ច្រក​ស្ពាន​ជ្រោយ​ចង្វា ៦​អា និង​ច្រក​ច្បារ​អំពៅ ក្បាល​ថ្នល់។ ច្រក​ពីរ​ហ្នឹង ព្រោះ​ត្រូវ​ឆ្លង​ស្ពាន ហើយ​មិន​អាច​ពង្វាង​ផ្លូវ​បាន​ទេ បើ​ថា​ច្រក​ផ្សេងៗ គេ​អាច​ពង្វាង​ផ្លូវ​តូច ផ្លូវ​ធំ​អី​អ៊ីចឹង។ ហើយ​សាលា​ក្រុង​ភ្នំពេញ ក៏​ដូចជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង្អុល​បង្ហាញ​ណែនាំ​ទៅ​លើ​បញ្ហា​ច្រក​ទាំង​ពីរ​ហ្នឹង ឲ្យ​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់ ហើយ​បង្កើន​កម្លាំង គឺ​ថា សម្រួល​ធ្វើ​ម៉េច​ឲ្យ​បង​ប្អូន​ចេញ​រហ័ស។ ការកក​ស្ទះ​ហ្នឹង​ហើយ មួយ​ចំណែក​វា​ចំណេញ​ទៅ​លើ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់ វា​ជិះ​អត់​លឿន។ មូលហេតុ​ថា ប៉ះ​គ្នា បុក​គ្នា​ហ្នឹង វា​មក​ពី​ជិះ​លឿន»

ទាក់​ទិន​និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ មន្ត្រី​គ្របគ្រង​គម្រោង​សុវត្ថិភាព​ចរាចរណ៍​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ Handicap International លោក មាស ចាន់ឌី បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ប្រមូល​បាន​ព័ត៌មាន​ស្ដី​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ទូទាំង​ប្រទេស​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅ​ឡើយ​ទេ៕
RFA News

No comments: