Thursday, October 15, 2009

គ្រោះថ្នាក់​ចរាចរ ២​លើក នៅ​ខណ្ឌ​ដង្កោ សំណាងល្អ​ពុំ​មាន​រងគ្រោះថ្នាក់ !

ដោយ : សុ​ពិសិដ្ឋ​
CEN News

​ភ្នំពេញ: រយៈពេល១​ថ្ងៃនេះ នៅ​ខណ្ឌ​ដង្កោ​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង ២​លើក បណ្តាលឲ្យ​រថយន្ត ៣​គ្រឿង​រង​ការខូចខាត ប៉ុន្តែ​សំណាងល្អ​ពុំមាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ។​

* ករណី​ទី​១ : វេលា​ម៉ោង ១០​យប់ ថ្ងៃទី១៣ តុលា កន្លងទៅនេះ នៅ​ចំណុច​របាំង​ដែក​កំណត់​កំពស់​រង្វង់​មូល​ចោមចៅ ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ចោមចៅ ខណ្ឌដង្កោ មាន​រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង​បើក​បុក​បា​រ៉ា​ស់ដែក​កំណត់​កម្ពស់ បណ្តាលឲ្យ​ដាច់​ធ្លាក់​មក​ដី ។​

​ ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក HYUNDAI ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ កណ្តាល 3A 0495 ដឹក​ឥដ្ឋ​ពេញ ម្ចាស់​រត់​បាត់ ។ ប៉ូលិស​បន្តថា មុន​កើតហេតុ​រថយន្ត​ដឹក​ឥដ្ឋ​បើក​តាម​ផ្លូវ​សហព័ន្ធ​រុស្សី ពី​កើត​ទៅ​លិច ។ លុះ​ជិត​ដល់​បា​រ៉ា​ស់ដែក សមត្ថកិច្ច​យាម​ទីនោះ​ចុច​ភ្លើង​ពិល​ឲ្យ​សញ្ញា​រថយន្ត​ឈប់ ប៉ុន្តែ​រថយន្ត​មិន​ព្រម​ឈប់ ក៏​បើក​បុក​បា​រ៉ា​ស់ដែក​ដាច់​ធ្លាក់​មក​លើ​ដី ហើយ​រថយន្ត​បើក​រត់​ដល់​មុខ​សាលា​សង្កាត់​ចោមចៅ ចត​ចោល​ហើយ​រត់​បាត់ ។​

* ករណី​ទី​២ : នៅវេលា​ម៉ោង ៨ និង ៤០ នាទី ព្រឹក​ថ្ងៃ​ទី ១៤ តុលា នេះ​នៅ​ចំណុច​មុខ​រោងចក្រ​វ៉ន​រេច ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ព្រៃ​ព្រីង ខាងជើង សង្កាត់​ចោមចៅ មាន​ករណី​រថយន្ត​ដឹក​សំរាម បើក​បុក​រថយន្ត​តូច​ចត​ស្ងៀមខូច​ខ្ទេច ។​

​ ប៉ូលិស​និយាយថា រ​ថយ​ន្ដបង្ក​របស់​ក្រុមហ៊ុនស៊ីន​ទ្រី ពាក់​ស្លាក់​លេខ ភ្នំពេញ 2C 9997 ។ ចំណែក​រថយន្ត​រង​ការខូចខាត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ 2A 5750 ម្ចាស់​រថយន្ត​ឈ្មោះ ង​ន យិន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ។ ប៉ូលិស​បន្តថា រថយន្ត​ជនរងគ្រោះ​បាន​ចត​ស្ងៀម​លើ​ចិញ្ចើម ចំណែក​រថយន្ត​ដឹក​សំរាមចត​ក្បែរ​នោះ ហើយ​ម្ចាស់​វា​ចូល​ហាង​ស៊ី​បាយ ដោយ​ទុក​កូន​សោ​រថយន្ត​ជាប់​នឹង​កុង​តាក់ ។ ពេលនោះ​ស្រាប់តែ​មាន​អ្នក​រើស​សំរាម​ ឡើង​បើក​កុងតាក់​សោ​រថយន្ត​បញ្ឆេះ ហើយ​រថយន្ត​ក៏​ស្ទុះ​ទៅ​មុខ បុក​រថយន្ត​កាមរី​ឆ្លាម ប៉ើង​ខ្ទាត​បុក​ជញ្ជាំង​បណ្តាលឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ។​

​ រថយន្ត​ទាំង​៣ ខាងលើ​រក្សាទុក​នៅ​ខណ្ឌ ដោះស្រាយ​ពេល​ក្រោយ ៕

No comments: