Thursday, October 15, 2009

ក្រសួង​រៀបចំ​អនុក្រឹត្យ​គ្រប់គ្រង​អ្នកបើក​រថយន្ត​ក្រុង​

ដោយ : សេរី
CEN News
ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​មាន​ផែនការ​គ្រប់គ្រង​អ្នកបើកបរ​រថយន្ត (​ក្រុង​) ដឹកជញ្ជូន​អ្នកដំណើរ ដើម្បី​អោយ​ធានាបាន​នូវ​សុវត្ថិភាព​ដល់​អ្នកដំណើ​រ ។ ការបង្កើត​គម្រោងការ​នេះ ត្រូវបាន​គេ​ធ្វើឡើង​បន្ទាប់​ពី​មាន​រថយន្ត​ដឹក​អ្នកដំណើរ​មួយចំនួន បាន​ជួប​គ្រោះថ្នាក់​ចរាចរ​ជា​បន្តបន្ទាប់ ដោយសារតែ​ការបើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​រួចមក ។​

​ ​លោក កែវ សាវិន ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួង​សាធារណការ បាន​និយាយ​នៅ​ថ្ងៃ​ទី​១៤ តុលា​ថា ដោយ​សព្វថ្ងៃ​ចំនួន​រថយន្ត​(​ក្រុង​) ដឹកជញ្ជូន​អ្នកដំណើរ​កាន់តែ​មាន​ចំនួន​ច្រើនឡើង ហើយ​រថយន្ត​ទាំងនោះ កន្លងទៅនេះ​បាន​ជួប​នឹង​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់ ដោយសារ​អ្នកបើកបរ​មួយចំនួន មាន​ការធ្វេសប្រហែស និង​ខ្លះ​មាន​អត្ត​ចរិក​មិន​សមរម្យ​ជា​អ្នកបើកប​ររថយន្តក្រុ​ង ដែល​មាន​អ្នក​ជិះ​រួម​ដំណើរ​ជាមួយ មាន​ចំនួន​រហូត​ដល់​ពី ៣០ ទៅ ៤០ នាក់ ។​

​ប្រភព​ខាងលើ​បាន​បន្តថា អ្នកបើកប​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ នឹង​ត្រូវ​បាន​ធ្វើ​ការគ្រប់គ្រង​ដោយ​អនុក្រឹត្យ ដែល​ពេល​នេះ​អនុក្រឹត្យ​នោះ​កំពុង​តែ​រៀបចំ ។ នៅពេល​ខាងមុខ​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ ១ គ្រឿង ត្រូវមាន​អ្នកបើកបរ ២ នាក់ ដោយ​ត្រូវ​ផ្លាស់ប្តូរ​វេណ​គ្នា​បើកបរ​ក្នុង​ចម្ងាយ ១៥០ គីឡូម៉ែត្រ​ម្តង ។ អ្នកបើកបរ​ត្រូវមាន​ការទទួលខុសត្រូវ​ខ្ពស់ មាន​វិន័យ​ត្រឹមត្រូវ មាន​ឯកសណ្ឋាន​ច្បាស់លាស់​ដូច​ជា អ្នកបើកបរ​យន្តហោះ និង​កប៉ាល់​មិនមែន​បើកបរ​ដូចជា អ្នកបើក​រថយន្ត​ប្រណាំង​នោះឡើយ ។​

​ក្រុមហ៊ុន​មាន​រថយន្ត​ដឹកជញ្ជូន​អ្នកដំណើរ​ស្របច្បាប់​សព្វថ្ងៃនេះ ត្រូវបាន​ប្រភព​ខាងលើ​បញ្ជាក់ថា មាន​ចំនួន ១០ ក្រុមហ៊ុន និង​មាន​រថយន្ត​ចំនួន​ដល់​រាប់រយ​គ្រឿង ។ រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​សព្វថ្ងៃនេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​ឃើញ​មាន​ការរីកចម្រើន​ច្រើន ជា​រថយន្ត​ទំនើប​សម្រាប់​បើកបរ​លើ​ផ្លូវ​ឆ្ងាយ ហើយ​អ្នកធ្វើដំណើរ​តាម​រថយន្ត​ទាំងនោះ ភាគច្រើន​ជា​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ។​

​គួរ​និយាយ​អោយដឹងថា រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​កាលពី​មុន​នេះ ត្រូវបាន​គេ​ធ្វើ​ការរិះគន់​ច្រើន​ទៅ​លើ​អ្នកបើកបរ​មួយចំនួន ដោយសារតែ​ខ្វះ​សុជីវធម៌​ជាមួយ​អ្នកដំណើរ ការបើកបរ​មិន​គិត​ពី​សុវត្ថិភាព​របស់​អ្នកដំណើរ ធ្វើ​អោយ​អ្នកដំណើរ​ខ្លះ​បាន​សុំ​ចុះ​នៅ​ពាក់កណ្តាល​ផ្លូវ​ក៏មាន ។ រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ខ្លះ​អាង​តែ​ក្រុមហ៊ុន​របស់​ខ្លួន មាន​បង់​ការធានា​រាប់​រង គឺ​គេ​បើកបរ​បង្កអោយមាន​គ្រោះថ្នាក់​ច្រើន​ដល់​យានយន្ត​ដទៃ ដោយ​ភ្លេច​គិត​ដល់​អ្នករួមដំណើរ​ជាមួយ​ទាំងស្រុង​ក៏មាន ។​

​លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​និយាយ​បាន​និយាយ​ដោយ​ទទួលស្គាល់ នៅ​ថ្ងៃ​ទី​១៤ តុលា ឆ្នាំ​២០០៩ នេះ​ថា រថយន្តក្រុង​សព្វថ្ងៃនេះ​មាន​ចំនួន​កាន់តែច្រើន ហើយ​ក្រសួង​កំពុង​រៀបចំ​ច្បាប់ ដើម្បី​ធ្វើ​ការគ្រប់គ្រង​ពួកគេ ដើម្បីឲ្យ​ការបើកប​ររបស់​ពយកគេ​ធានាបាន​នូវ​សុវត្ថិភាព និង​ផា​សុខភាព​របស់​អ្នកដំណើរ ៕

No comments: