Tuesday, April 28, 2009

ជិះ​ម៉ូតូ​អត់​កញ្ចក់ និង​មួកសុវត្ថិភាព ត្រូវ​ប៉ូលិស​ឃាត់​មិន​ឈប់ ប៉ូលិស​វាយ​បែក​ក្បាល​ពី​ក្រោយ​

ដោយ : សុ​ពិ​សិដ្ឋ (ថ្ងៃទី 27 មេសា 2009)
ភ្នំពេញ: យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ចរាច​រណ៍ វាយ​នឹង​ដំបង​ឈើ​បែក​ក្បាល​ពីក្រោយ ខណៈ​ពេល​បើកបរ​ម៉ូតូ​គ្មាន​កញ្ចក់ និង​គ្មាន​មួកសុវត្ថិភាព ហើយ​ប៉ូលិស​ហៅ​ផាក​មិន​ព្រម​ឈប់ ។​

​ ហេតុ​ការ​ណ៍ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ និង ២០ នាទី​ រសៀល​ថ្ងៃ​ទី ២​៦ មេសា​ នៅ​ចំណុច​ជាប់​របង​ស្ថានីយ៍រថភ្លើង ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​

​ ជនរងគ្រោះ​ឈ្មោះ ស៊ូ វ៉ាន់ណេត ភេទ​ប្រុស អាយុ ២០ឆ្នាំ មុខរបរ​សន្តិសុខ​ខារ៉ាអូខេ​ស៊ូ​ល ស្នាក់នៅ​កន្លែងធ្វើការ​រងរបួស​បែក​ក្បាល​ពីក្រោយ​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​កាល់ម៉ែត ។​

​ ចំណែក​មន្ត្រី​ប៉ូលិស​ដែល​ប្រើ​ហិង្សា លើ​ប្រជាពលរដ្ឋ​ឈ្មោះ លោក សួង បណ្ឌិត​រដ្ឋា អត្តលេខ 263708 ជា​មន្ត្រី​ប៉ូលិស​ចរាចរ​ក្រុងភ្នំពេញ ។ នេះ​បើ​តាម​ក្រុមគ្រួសារ​ជនរងគ្រោះ​រាយ​ការណ៍ប្រាប់ ។​

​ ស៊ូ វ៉ាន់ណេត បាន​រៀបរាប់​ឲ្យដឹងថា ​គាត់​បាន​ខ្ចី​ម៉ូតូ​មិត្តភ័​ក្រ​ឈ្មោះ ម៉ុក សុផល ម៉ាក HONDA C ១២៥ ពណ៌​ខ្មៅ ០៩ ស្លាក​លេខ​ភ្នំពេញ ១AF ២៥៩៩ ធ្វើដំណើរ​តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​កើត​ទៅ​លិច ។​

​ លុះដល់​ចំណុច​ខាងលើនេះ មាន​មន្ត្រី​ប៉ូលិស​ចរាចរ​មួយ​ក្រុម​បាន​ហៅ​ម៉ូតូ​គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ និង​គ្មាន​មួក​សុ​វត្តិភាព ដើម្បី​ផាកពិន័យ ។ នៅពេល​ដែល​ប៉ូលិស​ឃាត់ គាត់​អត់​ឈប់​បើក​ម៉ូតូ​គេច ក៏​ត្រូវ​មន្ត្រី​ប៉ូលិស​វាយ​នឹងដំបង​ឈើ​ចំ​ក្បាល​ពីក្រោយ បែក​លលាដហូរឈាម​ស្រោច​ពេញ​ខ្លួន​តែម្តង ។​

​ ក្នុងករណីនេះ ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ពី​បទ​បង្ក​របួសស្នាម​ដោយ​ចេតនា ។​

​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត មន្ត្រីប៉ូលិស​ លោក​ សួង បណ្ឌិត​រដ្ឋា បាន​ទៅ​សម្របសម្រួល និង​ជួយ​ចេញថ្លៃ​ព្យាបាល​ចំនួន​ជាង ៣៧ ម៉ឺន​រៀល ដើម្បី​កុំ​ឲ្យ​ជនរងគ្រោះ​ប្តឹង ៕

No comments: