Tuesday, April 28, 2009

ស្រវឹងស្រា​ខ្លាំង​បើករថយន្ដ​បុកស្ដុប និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​

បុរស​ម្នាក់​មាន​អ្នករួមដំណើរ ៣ នាក់​ទៀត ដែល​គេ​ស្រវឹងស្រា​ជោគជាំ បាន​បើករថយន្ដ​បុកស្ដុប និង​បង្គោល​ភ្លើង​ដួលរលំ​ខ្ទេចខ្ទី ហើយ​ទុក​រថយន្ដ​ចោល នាំគ្នា​រត់គេច​អស់ ។​

​ គ្រោះថ្នាក់​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣៥ នាទី យប់​ថ្ងៃ​ទី ២៦ មេសា នៅ​ចំណុច​ផ្លូវ ២៧១ មុខ​ផ្ទះ​លក់​គ្រឿង​សំណង់ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។

​ ប៉ូលិស​និយាយថា រថយន្ដ​បង្ក​ម៉ាក​តូ​យូ​តា​កាមរី​ឆ្លាម ពណ៌​ប្រផេះ ពាក់​ស្លាក់​លេខ​ភ្នំពេញ ២K ៥៥២៣ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ហើយ​មាន​មនុស្ស​ប្រុស​ស្រី ៣ នាក់​ទៀត រួម​ដំណើរ​ជាមួយ ។

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​បើក​តាមផ្លូវ ២៧១ ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ហើយ​ជ្រុល​បុក​បង្គោល​ស្ដុប និង​បង្គោល​បំភ្លឺ​ផ្លូវ​បាក់​រលំ​ខ្ទេចខ្ទី ។ ចំណែក​រថយន្ដ​ក៏​ខូច​ផ្នែក​ខាងមុខ

ត្រូវបាន​ប៉ូលិស​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទួលគោក ។​

​ រហូតមក​ដល់​រសៀល​ថ្ងៃទី ២៧ មេសា នេះ ម្ចាស់​រថយន្ដ ឬ​អ្នកបើកបរ​រថយន្ដ​ពុំ​ទាន់​ឃើញ​ចូលខ្លួន​មក​ដោះស្រាយ​នៅឡើយ ៕

No comments: