Saturday, October 2, 2010

ស្វែងយល់ពីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

គ្រោះថ្នាក់ចរាចរណ៍ក្នុងកំឡុងពេលបុណ្យជាតិធំៗត្រូវបានរកឃើញថាមានចំនួនកើនឡើងលើសពេលធម្មតា ពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ តាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៃអង្គការជនពិការអន្តរជាតិបែលហ្សិកបានឱ្យដឹងថា ក្នុងកំឡុងពេលមួយសប្ដាហ៍ គឹតចាប់ពីថ្ងៃទី១៦ដល់ទី២២ខែកញ្ញា ក្នងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០០៩ មានមនុស្សស្លាប់៥០នាក់ និងជាច្រើននាក់ផ្សេងទៀតរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ូតូជាយានដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ជាងគេក្នុងហេតុការណ៍គ្រោះថ្នាក់ទាំងនោះ។
តើគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបណ្តាលមកពីមូលហេតុអ្វី?
តាមរបាយការណ៍ដដែលបានឱ្យដឹងថា ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍កើតដោយមូលហេតុមួយចំនួនដូចខាងក្រោម៖
- ការបើកបរហួសល្បឿនកំណត់
- ការពិសារជាតិស្រវឹងហើយបើកបរ
- ការធ្វើដំណើរតាមយានផ្ទុកលើសចំណុះ
- ការមិនគោរពសិទ្ធិអាទិភាព
មូលហេតុទាំងនេះកើតឡើងដោយសារកត្តាមនុស្សមានន័យថា មនុស្សជាអ្នកបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ដូចនេះគ្រោះថ្នាក់ចរាចរណ៍ពិតជាអាចកាត់បន្ថយបានប្រសិនបើអ្នកបើកបរទាំងឡាយចូលរួមគោរពច្បាប់ចរាចរណ៍បានល្អ ដោយចៀសឲ្យផុតពីកំហុសឆ្គងខាងលើនោះ។ ម្យ៉ាងទៀតអ្វីដែលត្រូវបានគួរចាប់អារម្មណ៍ខ្ពស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគឺ ការបើកបរក្រោយពេលពិសារជាតិស្រវឹង ព្រោះថាពេលបានជួបជុំញាតិមិត្តអាចបន្តដោយការពិសារជាតិស្រវឹង។ ជាទូទៅ ក្រោយពីពិសារជាតិស្រវឹង អ្នកបើកបរមិនអាចមានស្មារតីមាំមួនគ្រប់គ្រងខ្លួនឯងបានល្អ និងមានប្រតិកម្មរហ័សដូចពេលមិនទាន់ពិសារឡើយ។ ដូច្នេះ ការបើកបរក្រោយពេលពិសារជាតិស្រវឹងគឺមិនត្រឹមតែជាការយកជីវិតរបស់ខ្លួនផ្ទាល់ទៅប្រថុយទៅនឹងគ្រោះថ្នាក់នោះទេ តែថែមទាំងប្រមាថជីវិតអ្នករួមដំណើរលើយាន និងជិវិតអ្នកដំណើរផ្សេងទៀតនៅលើផ្លូវដែលពុំបានដឹងអ្វីសោះទៀតផង។

រួមគា្នកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
គិតដល់គ្រួសារ និងអ្នកដទៃ កុំបើកបរក្រោយពេលពិសារជាតិស្រវឹង

No comments: