Saturday, October 2, 2010

ជិះ​ម៉ូតូបុក​ស្ត្រី​​ម្នាក់​ដើរ​តាមផ្លូវ​រួចដួល​របួសធ្ងន់​ធ្ងរ​ទាំង​អស់​គ្នា

កោះសន្តិភាព
ដោយ ៖ កោះឯករាជ្យ


រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ ​ដោយសារតែបុរស​ម្នាក់ជិះ​ម៉ូតូ​បុក​ពេញ​ទំហឹង​ក្នុង​ខណៈ​ពេលដែល​រូប​គាត់​ កំពុងដើរ​តាមផ្លូវ ចំណែក​ឯ​បុរស​នោះ​ក៏​ដួល​ម៉ូតូ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ដូច​គ្នាដែរ ហើយ​ត្រូវ​បានគេបញ្ជូន​ទៅ​កាន់មន្ទីរ​ពេទ្យ​ដើម្បីសង្គ្រោះ​ទាំង​អស់គ្នា ។ ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់នេះ​បានកើត​ឡើង​កាលពី វេលាម៉ោង​៤ និង​​៤៥​នាទី​រសៀលថ្ងៃ​ទី៣០ កញ្ញា នៅ​លើ​កំណាត់​ផ្លូវលេខ២០១០ ស្ថិតក្នុង​ភូមិក្រាំង​អង្គ្រង​​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ដង្កោ ។

ម៉ូតូ​ដែលបើកបុក​ស្ត្រី​រូប​នេះ​ម៉ាកស៊ុយ​ហ្ស៊ុយ​ គីវីវ៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាក លេខ​ភ្នំពេញ 1S 5588 បើក​បរ​ដោយ​បុរសម្នាក់​ឈ្មោះខាត់ សុផៃ អាយុ​២២ឆ្នាំ មានទី​លំនៅ​​ភូមិត្រពាំង​ជើងស្រុក​ សង្កាត់​​ក្រាំងធ្នង់ ខណ្ឌ​ដង្កោ​​ ហើយ​បុរស​នោះក៏​​រង​របួស​បាក់ឆ្អឹង​ដង​កាំ​បិតដែរ ។ ចំណែក​ឯស្ត្រី​រង​គ្រោះ​ឈ្មោះ​ស៊ុំ គង់ អាយុ​៤៩ឆ្នាំ មុខ​របរ​ដើរ​ថ្លឹង​គីឡូ​​​ មាន​ទីលំនៅ​ក្នុងភូមិកើត​ហេតុ​ខាងលើ រង​របួស​បែកក្បាល​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​បាន​គេដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យព្រះកុសុមៈ ។

តាម​ប្រភព​ព័ត៌​មាន​បានឱ្យ​ដឹង​ថា នៅមុន ពេលកើត​ហេតុ​​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​ដើរ​តាម​ ចិញ្ចើម​ផ្លូវ​តែ​ម្នាក់​ឯង ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត លុះ​ពេល​ទៅ​ដល់​ចំណុចខាងលើ ស្រាប់​តែម៉ូតូ​មួយគ្រឿង​នោះ​ដែលធ្វើ​ដំណើរ​ស្របទិសគ្នា​ទៅ​ដល់​ ក៏បុកស្ត្រី​រូប​នេះពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​ដួល និងរងរបួស​ទាំង​អស់គ្នា ហើយ​ម៉ូតូ​បានធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកក្បែរ​ផ្លូវនោះ​​ ។ ប្រភពដដែល​បាន​បន្តទៀតថា ក្រោយ​ពេល​កើត​ហេតុ​ស្ត្រី​រូប​នេះត្រូវបានគេ​បញ្ជូន​ទៅ​សង្គ្រោះនៅ​មន្ទីរ​ ពេទ្យ​ព្រះកុសុមៈ​​ ចំណែក​ឯ​អ្នកបើក​បរ​ម៉ូតូ​ដែល​រង​របួស​ធ្ងន់​ដែរ​នោះ​ត្រូវ បានបញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ឯក​ជន​ចាន់វ៉ែន រីឯម៉ូតូត្រូវប៉ូលិសនាំ​យក​ទៅ​​រក្សា​ទុករង់ចាំការដោះ ស្រាយគ្នាតាមផ្លូវ​ច្បាប់ ៕

No comments: