Saturday, August 7, 2010

រថយន្ដបុក​ម៉ូតូ​បើក​ច្រាសទិស​គ្នា ស្លាប់​ជនជាតិ​បារាំង​ម្នាក់​

CEN
កំពត: ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ ចរាចរ រវាង​ម៉ូតូ​ជាមួយ​រថយន្ដ​ធំ​បើក​បញ្ច្រាសទិស​គ្នា ខណៈពេល​កំពុងមាន​ភ្លៀង​ធ្លាក់ កាលពី​វេលា​ម៉ោង ១២ និង ៤៥ នាទី​រសៀល ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១០ លើ​ដង​ផ្លូវជាតិ​លេខ​៣៣ ត្រង់ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។​

​ ​ជនរងគ្រោះ ឈ្មោះ TEP JONATHAN ហៅ សុផល ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង ដែល​ទើប​ចូលមក​ស្នាក់​នៅក្នុង​ក្រុង​កំពត កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១០ កន្លងទៅនេះ មាន​ប៉ាស្ព័រ​លេខ P.07AL14060 ។

​ ​ស្ដ្រី​ជនជាតិ​បារាំង​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ​បាន​និយាយថា ជនរងគ្រោះ​កើត​នៅ​ប្រទេស​បារាំង ដែល​ម្ដាយ​ឪពុក​របស់គាត់​មាន​ដើមកំណើត​ខ្មែរ ។ ស្ដ្រី​រូបនោះ​និយាយ​ដោយ​ខ្លី​ថា “ ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ បើ​ខ្ញុំ​និយាយ​ច្រើន​នាំឱ្យ​ខ្ញុំ​ខឹង ” ។​

​ ​តាម​សំដី​អ្នករស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​រៀបរាប់ថា ពេល​គ្រោះថ្នាក់​នោះ មិនមាន​អ្នកណាម្នាក់​បានឃើញ​ផ្ទាល់​ភ្នែក​ទេ ព្រោះ​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង ប៉ុន្ដែ​បានឮ​សូរសំឡេង​ស្រែក ទើប​ពួកគាត់​ចេញទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅលើ​ថ្នល់ និង​ឃើញ​ឈាម​ហូរ​ចេញពី​ក្បាល​យ៉ាងច្រើន​ជាមួយនឹង​ដង្ហើម​ខ្សោយ​បំផុត ។ ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​នាំ យកទៅ​កាន់​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​តាមផ្លូវ​ទៅហើយ ។​

​ ​តាម​សំដី​មន្ដ្រី​ប៉េអឹម​ខេត្ដ​បានឱ្យដឹងថា ក្រោយ​កើតហេតុ​ការណ៍​ដោយមាន​ការសង្ស័យ កម្លាំង​ប៉េអឹម​បានធ្វើការ​ដេញតាម​រថ​យន្ដ​មួយគ្រឿង​រហូតដល់​ចំណុច​ផ្សារ​ ពងទឹក ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប ទើប​នាំ​ត្រឡប់មក​ក្រោយ​វិញ រួច​ប្រគល់ជូន​ស្នងការដ្ឋាន ដែល​រថយន្ដ​នោះ​បើកបរ​ដោយ​ឈ្មោះ ស៊ុយ ចន្ថា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ពាម​ឯក ឃុំ​ដូនទាវ ស្រុក​ឯក​ភ្នំ ខេត្ដ​បាត់ដំបង ហើយ​រថយន្ដ នេះ​ដឹក​គ្រឿងសំណង់​របស់​ក្រុមហ៊ុន​ប៉ាវ​ហ្វិ​ក ៕

No comments: