កាកបាទក្រហមកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍អំពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ឃុំ
ភ្នំពេញ៖ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០១៤ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលដល់សិក្ខាកាមចំនួន៥២នាក់ ដែលរួមមាននាយក នាយិកសាខា មន្រ្តីសាខា និងមន្រ្តី អនុសាខា គោលដៅ មកពីសាខាចំនួន ១៣ គឺសាខាខេត្តព្រះសីហនុ កំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ ស្វាយរៀង បន្ទាយមានជ័យ កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
វគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សម កុសល នាយក នាយកដ្ឋានធនធានមនុស្ស នៃ កាកបាទក្រហមកម្ពុជា ដែលមានការ
ចូលរួមឧបត្ថមគាំទ្រពីគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល នៃមូលនិធិប្ល៊ូមប៊ើកភីលែនត្រូភី និងការគាំទ្រជាបច្ចេកទេសពីអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោក សកល(GRSP)។ អ្នកសម្របសម្រួល នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានអញ្ជើញមកពីនាយកដ្ឋាន ផែនការថ្នាក់ក្រោមជាតិ នៃក្រសួងផែនការ អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល និងមន្រ្តីកាក បាទក្រហមកម្ពុជាផ្ទាល់។
តាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្ហាញថា នៅក្នុងឆ្នាំ ២០១៣ កសិករ គឺជាអ្នកដែលប្រឈមមុខ និងមានចំនួនអ្នកស្លាប់ច្រើនគេដោយសារគ្រោះថ្នាក់ ចរាចរណ៍ រហូតដល់៣៩% នៃចំនួនអ្នកស្លាប់សរុបដោយគ្រោះថ្នាក់ចរាចរណ៍។
ដោយមើលឃើញពីបញ្ហាប្រឈមនេះ កាកបាទក្រហមកម្ពុជា បានរៀបចំវគ្គនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការ សុវត្ថិភាពចរាចរណ៍នៅថ្នាក់ឃុំ ហើយក្រោយពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួមទាំងអស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាលបន្តដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាម សាខា គោលដៅរបស់ខ្លួន ព្រមទាំងកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ ឃុំ/សង្កាត់ជាមួយអាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធានាថាផែនការ សុវត្ថិភាពចរាចរណ៍នេះ ត្រូវបាន យកអនុវត្ត ដើម្បីលើកកម្ពស់ការងារសុវត្ថិភាពចរាចរណ៍នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយចំនួនអ្នក ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជា ប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ដ៏គួរឲ្យកក់ក្តៅ។
ព័ត៌មានលំអិត សូមទាក់ទង ៖
លោក ខឹម សុផល ប្រធានគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍
កាកបាទក្រហមកម្ពុជា
ទូរស័ព្ទ 078 53 54 06