Thursday, July 17, 2014

សេចក្តីប្រកាសព័ត៌មាន សិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាព និងការមិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

ទីរួមខេត្តស្វាយរៀង ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៤៖ ថ្ងៃនេះគណៈកម្មាធិការ​ជាតិសុវត្ថិភាព​​ចរាចរណ៍​​ផ្លូវគោក ហើយនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដោយមានការឧ បត្ថម្ភពីអង្គការសុខភាពពិភពលោក តាមរយៈកម្មវិធីសុវត្ថិភាពចរាចរណ៍សកល​របស់   ប៊្លូមបឺគភីលែនត្រូភី (Bloomberg Philanthropies Global Road Safety Program) បានរៀបចំសិក្ខា សាលា ស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការពាក់មួកសុវត្ថិភាពនិង ការបើកបរ ក្រោម ឥទ្ធិពល គ្រឿងស្រវឹងនៅទីរួមខេត្តស្វាយរៀង ​ សិក្ខាកាមចូ លរួមមាន ប្រមាណជាង ២០០ នាក់ជាយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ 

សិក្ខាសាលានេះមានគោលបំណងបង្កើននូវការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដោយផ្តោតលើសារៈប្រយោជន៏នៃការពាក់មួកសុវត្ថិភាពចំពោះអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ ហើយនិងការ មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងចំពោះ អ្នកប្រើប្រាស់យានយន្តទាំងអស់។ សារ​ពីរ​សំខាន់​របស់សិក្ខាសាលានេះគឺ ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរជិតឬឆ្ងាយ និងគ្រប់​ពេលវេលា! និង បើពិសាគ្រឿងស្រវឹង  កុំបើកបរ!។             នៅក្នុងសិក្ខាសាលានេះក៏មានការផ្តល់ជូនមួកសុវត្ថិភាពមានគុណភាពខ្ពស់ចំនួន ២២០​ មួកដល់​យុវជន​នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងផងដែរ។

          នៅក្នុងប្រទេសកម្ពុជា ការស្លាប់ និងការរងរបួសដោយសារ​គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហា​សុខ​ភាពសាធារណៈគួរឲ្យព្រួយបារម្មណ៍។​ យោងតាមរបាយការណ៍បឋមរបស់​ប្រព័ន្ធព័ត៌មានជនរងគ្រោះនិងគ្រោះថ្នាក់ចរាចរណ៍បានឲ្យដឹងថាក្នុងឆ្នាំ២០១៣​ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន ១៩៥០នាក់​ ជាមធ្យមក្នុងមួយថ្ងៃមានមនុស្សប្រមាណជាង ៥នាក់បានស្លាប់ នៅលើផ្លូវនៃប្រទេសកម្ពុជា។  ក្នុងចំណោមអ្នកស្លាប់ទាំង៥នាក់នោះ​  មានប្រមាណជា ៤នាក់ជាអ្នកបើកបរម៉ូតូ និង អ្នករួមដំណើរជាមួយ។ អ្នកប្រើប្រាស់ម៉ូតូគឺជាជនដែលងាយរង​គ្រោះថ្នាក់ជាងគេដែលមានអ្នកស្លាប់រហូតដល់ទៅ ៧០%នៃអ្នកស្លាប់សរុប។ ភាគច្រើននៃអ្នក​ស្លាប់​ទាំងអស់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺជាយុវជនអាយុពី ១៥ទៅ ២៩ ឆ្នាំ  (៥០%) ដែលជាការខាតបង់ដ៏ធំធេងនូវកំលំាងនៃការអភិវឌ្ឍន៏ប្រទេសជាតិ។​​ 
ដោយឡែកចំពោះខេត្តស្វាយរៀង អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៣មាន​ចំនួន ៦៤នាក់។ ៣១% នៃអ្នកស្លាប់បណ្តាល មកពី ការបើកបរលើសល្បឿនកំណត់ ហើយ១៩% ទៀតបណ្តាលមកពីការបើកបរក្រោមឥទ្ធិពលគ្រឿង។ ៨៣% នៃអ្នកស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូ ហើយភាគច្រើននៃជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពទេនៅពេលមានគ្រោះថ្នាក់កើត
ឡើង។   នេះគឺជាការបាត់បង់ដែលយើងអាចកាត់បន្ថយបាន ប្រសិនបើអ្នកប្រើប្រាស់ផ្លូវគ្រប់​រូបគោរពច្បាប់ចរាចរណ៍ ហើយនិងមានការចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ដ៏តឹងរ៉ឹង​ និង​ជាប់ជាប្រចាំពីកំលាំងនគរបាលចរាចរណ៍ជាតិខេត្ត-ក្រុង។
    កត្តាហានិភ័យចំបងដែលរួមចំណែកនៅក្នុងការរងរបួស និងការស្លាប់ដោយគ្រោះថ្នាក់​ចរាចរណ៍​​​គឺ​ឥរិយាបទមិនសមរបស់អ្នកប្រើប្រាស់ផ្លូវរួមមាន ការបើកបរលើសល្បឿនកំណត់ ការបើកបរ​ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់មួកសុវត្ថិភាពជាដើមនៅពេល​ធ្វើដំណើរទំាងអ្នកបើកបរ និងអ្នករួមដំណើរ។ ​ ការរងរបួសក្បាលគឺជាមូលហេតុចំបងនៃការស្លាប់ និងពិការភាពចំពោះ​អ្នកប្រើប្រាស់ម៉ូតូនៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ពាក់មួកសុវត្ថិភាព គឺជា​មធ្យោបាយ​តែមួយគត់ដែលមានប្រសិទ្ធិភាពបំផុត ដែលអាចកាត់បន្ថយរបួសក្បាលធ្ងន់ធ្ងរ និងការស្លាប់ដោយរបួសក្បាលបាន ដែលបណ្តាលមកពី​គ្រោះថ្នាក់ចរាចរណ៍​នៅពេល​ធ្វើដំណើរតាមម៉ូតូ។   
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលដាក់បញ្ចូលមាត្រាតម្រូវឲ្យអ្នករួមដំណើរជាមួយត្រូវពាក់មួកសុវត្ថិភាព ហើយនិងការបង្កើនការផាកពិន័យ ការដាក់ទោសទណ្ឌចំពោះ​អ្នកបើកបរក្រោម​ឥទ្ធិពល​គ្រឿងស្រវឹងត្រូវបានរំពឹងថានិងត្រូវបានអនុម័តក្នុងពេលឆាប់ៗខាងមុខនេះ។ ការអនុវត្តន៍ច្បាប់ ការផ្សព្វផ្សាយអប់រំសាធារណៈ រួមផ្សំជាមួយនិងការចុះប្រតិបត្តិការរឹតបន្តឹងច្បាប់ជាប់ជាប្រចាំ ដែលធ្វើឡើងដោយកំលាំងនគរបាលចរាចរណ៍ជាតិខេត្ត-ក្រុង និងចូលរួមចំណែកក្នុងការការពារ និងសង្រ្គោះអាយុជីវិតរបស់ប្រជាជនពីសោកនាដកម្មដែលអាចការ ពារបាននេះ។ ជាលទ្ធផល​ចំពោះការខឹតខំប្រឹងប្រែងរួមគ្នានេះ​ ហើយជាពិសេសដោយមាន​ការចូលរួមយ៉ាងសកម្មពីយុវជន​នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង យើងនិងអាចឈានទៅសំរេចបាន​នូវគោល​បំណងទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយការស្លាប់នៅក្នុងប្រទេស កម្ពុជា​ឲ្យបាន ៥០%​ នៅឆ្នាំ ២០២០ខាងមុខ ស្របតាមទស្សនវិស័យដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍!”។


          សំរាប់ព័ត៌មានបន្ថែមអំពីកម្មវិធីសុវត្ថិភាពចរាចរណ៍ សកលរបស់
ប៊្លូមបឺគភីលែន​​ត្រូភីនៅ​ក្នុងប្រទេស​កម្ពុជា សូមទំនាក់ទំនង៖
លោកស្រី ម៉ែន​ ច័ន្ទសុកុល អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
,​ mensokol@yahoo.com

លោកវេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ មន្រ្តីបច្ចេកទេសសុវត្ថិភាពចរាចរណ៍saos@wpro.who.int






No comments: