Wednesday, July 23, 2014


កាកបាទក្រហមកម្ពុជាបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសុវត្ថិភាពចរាចរណ៍អំពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការសុវត្ថិភាពចរាចរណ៍​ថ្នាក់ឃុំ

ភ្នំពេញ៖  ពីថ្ងៃទី២៣ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០១៤ កាកបាទក្រហម​កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលដល់សិក្ខាកាម​ចំនួន៥២នាក់ ដែលរួមមាននាយក នាយិកសាខា មន្រ្តីសាខា និងមន្រ្តី អនុសាខា គោលដៅ មកពីសាខាចំនួន ១៣ គឺសាខាខេត្តព្រះសីហនុ  កំពង់ចាម កំពង់ឆ្នាំង តាកែវ ពោធិសាត់ បាត់ដំបង សៀមរាប កំពង់ធំ  ស្វាយរៀង បន្ទាយមានជ័យ កំពង់ស្ពឺ កណ្តាល និង រាជធានីភ្នំពេញ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។













វគ្គនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សម កុសល នាយក នាយកដ្ឋាន​ធនធានមនុស្ស នៃ កាកបាទក្រហមកម្ពុជា ដែលមានការ​
ចូលរួមឧបត្ថមគាំទ្រពីគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល នៃមូលនិធិប្ល៊ូមប៊ើកភីលែនត្រូភី និងការគាំទ្រជាបច្ចេកទេសពីអង្គការដៃ​គូសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក សកល(GRSP)។ អ្នកសម្របសម្រួល នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានអញ្ជើញមកពីនាយកដ្ឋាន ផែនការថ្នាក់​ក្រោមជាតិ នៃក្រសួងផែនការ អង្គការដៃគូសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល និងមន្រ្តីកាក បាទក្រហមកម្ពុជាផ្ទាល់។

តាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បង្ហាញថា នៅក្នុងឆ្នាំ ២០១៣ កសិករ គឺជាអ្នកដែល​ប្រឈមមុខ និងមានចំនួនអ្នកស្លាប់​ច្រើនគេ​ដោយសារគ្រោះថ្នាក់ ចរាចរណ៍ រហូតដល់៣៩% នៃចំនួនអ្នកស្លាប់សរុបដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ដោយមើលឃើញពីបញ្ហាប្រឈមនេះ កាកបាទក្រហមកម្ពុជា បានរៀប​ចំវគ្គនេះឡើង ក្នុងគោល បំណងឲ្យអ្នកចូលរួមទាំងអស់ ទទួលបាន​នូវចំណេះដឹងស្តីពីសុវត្ថិភាពចរាចរណ៍ និងការកសាងផែនការ សុវត្ថិភាព​ចរាចរណ៍នៅថ្នាក់ឃុំ ហើយក្រោយពីបញ្ចប់វគ្គនេះទៅ អ្នកចូលរួមទាំង​អស់នឹងយកចំណេះដឹង ដែលទទួលបាន ទៅបណ្តុះបណ្តាល​បន្តដល់​យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាម សាខា គោលដៅ​របស់ខ្លួន ព្រមទាំងកសាងផែនការសុវត្ថិភាពចរាចរណ៍ថ្នាក់ ឃុំ/សង្កាត់ជា​មួយ​អាជ្ញាធរមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងធានាថាផែនការ សុវត្ថិភាពចរាចរណ៍នេះ ត្រូវបាន យកអនុវត្ត ដើម្បី​លើក​កម្ពស់ការងារសុវត្ថិភាពចរាចរណ៍នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយ​ចំនួនអ្នក ស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ដើម្បីរួមគ្នា​ប្រែក្លាយ​​​ព្រះរាជាណាចក្រកម្ពុជា ឲ្យទៅជា ប្រទេសមួយមានសុវត្ថិភាពចរាចរណ៍​ដ៏គួរឲ្យកក់ក្តៅ។

ព័ត៌មានលំអិត សូមទាក់ទង ៖
លោក ខឹម សុផល ប្រធានគម្រោងយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរាចរណ៍
កាកបាទក្រហមកម្ពុជា
ទូរស័ព្ទ  078 53 54 06



No comments: